Saturday, July 7, 2012

សំណេរជីវិត និង កំណត់ហេតុជីវិត


វាគួរអោយស្តាយបំផុត ដែលរូបខ្ញុំជាជនសាមញ្ញម្នាក់ មិនមែនជាអ្នកនយោបាយ ឬ ត្រកូលព្រះមហាក្សត្រ ដែលតែងតែមានជំនួយការ ឬអ្នកកាសែតផ្ទាល់ខ្លួន ចាំកត់ត្រា​នូវ​ដំណើរជិវិតរបស់​ខ្លួន​ក្នុងសង្គមមនុស្ស។ ម៉្យាងវិញទៀត រូបខ្ញុំពុំដែលមានអ្នកណាម្នាក់ផ្តល់ជាយោបល់ថា​គូរ ត្រូវកត់ត្រាពីជីវិតខ្លួនឯង និងអ្នកពាក់ពន្ធជាសំខាន់នោះដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​នោះក៏ដោយ ថ្វីបើរូបខ្ញុំ កើតមកជាកូនកសិករក្រីក្រក៏ពិតមែន។ តែសំណាងល្អ ធម្មជាតិបានផ្តល់អោយរូបនេះ មាននិស្ស័យប្លែកខុស​ពីមនុស្សធម្មតាបន្តិច​ដោយរូបខ្ញុំ​ចូលចិត្ត​គិត​និង សង្កេត ក៏ដូចជា វិភាគលើបញ្ហាជាច្រើនដែលខ្ញុំបានជួប។ លើទំព័រនេះ វាហាក់បីដូចជា ពិបាកបន្តិចសំរាប់ខ្ញុំ ក្នុងការគិតឡើងវីញពីអ្វីដែលមិនបានកត់ត្រា​ទុក​ភ្លាមៗ​ក្នុង​កំណត់ហេតុជីវិត។ ប៉ុន្តែ ត្រូវសរុប​ព្រិត្តិការណ៍ជីវិតទាំងអស់កន្លងមកដោយកំណត់​ថា​ជា​សំណេរជីវិត។ តើអ្វី ដែលខ្ញុំគិត និងកំណត់ថា ជាសំណេរជីវិត និងកំណត់ហេតុជីវិត​ខាងលើនេះ ត្រីមត្រូវឬទេ? សូមជួយពន្យល់ដោយមិត្តភាពប្រកបដោយសុភវិនិច្ឆ័យ!
ពីខ្ញុំអ្នកនិពន្ធពីជនបទ។
ទី ធាវី
នាមប៉ាកា TV

ថ្ងៃខែឆ្នាំកំណើត


ទោះជាដឹងថា ថ្ងៃកំណើតជាសំដៅមួយយ៉ាងសំខាន់សំរាប់ជីវិតយ៉ាងណាក៏ដោយ ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំមិនអាចស្តីបន្ទោសឬអោយកំហុសទៅលើអ្នកមានគុណទាំងទ្វេរបស់ខ្ញុំបានឡើយ។​គាត់​បាននិយាយថា គ្រប់ថ្ងៃកំណើតរបស់កូនៗ គឺពួកគាត់បានកត់ត្រាយ៉ាងច្បាស់មិនធ្វេស​ប្រហេសទេ។ តាមទំលាប់ ពួកគាត់​តែងតែកត់ត្រាកាលបរិច្ឆេតថ្ងៃកំណើតនោះ​នៅតាមក្រឡោនផ្ទះ,ធ្នឹមផ្ទះ និងជញ្ជាំងផ្ទះជាដើម។ ដោយឡែក ថ្ងៃកំណើតរបស់ខ្ញុំ ពួកគាត់ក៏​កត់ត្រាយ៉ាងច្បាស់ផងដែរ។ ប៉ុន្តែគ្រាន់តែថា ពួកគាត់ មិនបានសរសរទុកនៅ​លើទី​តាំង​ខាង​លើ​​នោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានកត់យ៉ាងច្បាស់​ ដៅទុកនៅលើជញ្ជាំងទូ ព្រោះ​ពួក​គាត់​ចង់មានន័យថា ខ្ញុំជាកូនពៅរបស់គាត់។ ប្រហែលជាគាត់គិតថា ខ្ញុំជាទីសង្ឃឹម​សំរាប់ជីវិតគាត់។ សូម្បីតែឈ្មោះរបស់ខ្ញុំក៏ពួកគាត់ដាក់ឈ្មោះសំដៅទៅលើអ្នក ដែលមាន​បញ្ញាក្នុងថែរក្សាទ្រព្យ​នៅក្នុងទូនេះឯង។ សូម​ជំរាបថា ធាវី គឺជាឈ្មោះរបស់ខ្ញុំ។ ណាមួយ​ក្នុងគោលគំនិតរបស់ពួកគាត់គឺចង់បានខ្ញុំក្លាយជាមេធាវីផងដែរ។ មេធាវីមានន័យថា អ្នកមាន​ប្រាជ្ញ​ខ្ពស់ត្រដែត។ តែទោះជាយ៉ាងនេះក៏ដោយ ការគិតរបស់គាត់ក្លាយជារឿងអភ័ព នៃ​ជីវិត​ពិត​របស់ខ្ញុំគឺថា​ការកត់ហេតុនៅលើជញ្ជាំងទូកនោះ​វាមិនស្ថិតស្ថេរ ដែលធ្វើអោយខ្ញុំ បាន​ប្រើ​ប្រាស់​ថ្ងៃកំណើតនោះជាផ្លូវការឡើយ។ ព្រោះថា នៅពេលខ្ញុំសួរគាត់ថាតើកូនកើតនៅថ្ងៃណា ពួកគាត់​ហាក់បីដូចជាស្រពិចស្រពិលមមីមមើលមិនច្បាស់លាស់សោះចំពោះចំលើយពិតមួយ​នៃថ្ងៃកំណើតរបស់ខ្ញុំ។ ផ្ទុយទៅវិញ គាត់បាននិទាននូវដំណើររឿងដូច្នេះថាៈ
"ក្នុងទស្សវត្តន៍ឆ្នាំ១៩៧០ កូនអើយប្រទេសកម្ពុជាយើង ស្ថិតក្នុងសម័យ​សង្រ្គាមច្របូល​ច្របល់​គឺប៉ានិងម៉ាក់ខ្វល់តែនឹងខ្លាចស្លាប់ខ្លាចមិនបានថែរទាំកូនមកដល់សព្វថ្ងៃ។ ព្រោះរាល់​ពេល​មិនថាយប់ និងថ្ងៃ គឺគ្រួសារយើងត្រូវរត់ចូលក្នុងរណ្តៅត្រង់សេ ការពារក្រែងយន្តហោះ​ទំលាក់គ្រាប់សំលាប់។ "ជាការពិតណាស់ក្នុងប្រវត្តិសាស្រ្តសង្គមខ្មែរពិតជាជូរចត់បំផុត គ្រា​នោះ​ គឺយុទ្ធការសង្គ្រាម៏ក្តៅគគុករវាងពួកបដិវត្តន៍ខ្មែរក្រហម និងម្ខាងទៀតជាពួក ដែលខ្មែរក្រហមចាត់ទុកថា ពួកមូលធននិយម។ ក្រោយមក ពីឆ្នាំ១៩៧៥-១៩៧៩ របប​បដិវត្តន៍មួយថ្មី ជាការគ្រប់គ្រងរបស់ប៉ុល ពត។ ត្រង់ចំនុចនេះ ពួកគាត់បានបន្តថា "កូនអើយ សម័យនោះ ផ្ទះយើងបានត្រូវអង្គការផ្លាស់ប្រគល់ទៅអោយអ្នកផ្សេងស្នាក់អាស្រ័យ រីឯ​គ្រួសារ​យើង​ត្រូវបានត្រូវទៅរស់នៅផ្ទះអ្នកដទៃផងដែរ។ សំភារៈទាំងអស់ត្រូវអង្គការ​ប្រមូល​ចូល​ជាសហករគ្មានសល់។​"នេះ​ជាមូលហេតុពិតជាក់ស្តែង ដែលរូបខ្ញុំ មិនអាចស្តីបន្ទោស ឬ អោយ​កំហុសទៅលើឪពុកម្តាយខ្លួនឯងបានឡើយ។ រឿងអ្វីមួយទៀត ដែលខ្ញុំចង់និយាយ​ប្រាប់អ្នកទាំងគ្នាផងដែរនោះ គឺថា វាមិនគ្រាន់តែជាការកំណត់ថ្ងៃខែកំណើតរបស់ខ្ញុំពីឪពុក និងអ្នកម្តាយមិនច្បាស់លាស់នោះឡើយ លើសពីនេះទៅទៀត ត្រូវកំណត់ប្តូរ ថ្ងៃខែឆ្នាំ​កំណើត​របស់ខ្ញុំ ដែលមិនគួរអោយជឿនេះក៏ព្រោះតែជាការឆ្លាតវៃរបស់ពួកគាត់ ដែលរស់ក្នុងរបត់​សង្គម​ថ្មីមួយទៀត។ ចំនុចនេះ សូមលំអិតប្រាប់អ្នកថា នៅក្នុងទីដីកំណើតរបស់ខ្ញុំប្រហែលជា​លោកអ្នកខ្លះ​បានស្គាល់ទីនោះហើយ។ ខ្ញុំបានកើតនៅ ភូមិទី៩ ឃុំកោះសូទិន ខេត្តកំពង់ចាម។ ក្នុងទស្សវត្តន៍ឆ្នាំ១៩៨០ ជាពិសេស ក្នុងកំឡុងឆ្នាំ ១៩៨៥-៨៩ ខ្ញុំមានវ័យគ្រប់ល្មម គឺពេញជាទីស្រលាញ់ពីការតាមប្រម៉ាញ់ ចាប់ធ្វើជាទាហានដើម្បីជួយច្បាំងការពារជាតិ​ពីពួក​ឧទាម ​ដោយត្រូវជិះយាន្តយោធាទៅជាយដែន។ នេះគ្រាន់តែ ជាអារម្មណ៍ភ័យព្រួយ​របស់ខ្ញុំនៅគ្រានោះ។​ការរៀបរាប់ខាងលើ គឺជាសំណេរជីវិត ដែលខ្ញុំ​រំលឹក​ឡើង​វិញ​ដោយ​សង្ខេប។ ថ្ងៃនេះ លើប្រធានបទជីវិតគឺថ្ងៃកំណើតមិនដឹងច្បាស់លាស់របស់ខ្ញុំ។ នេះជា​ប្រការមួយ ដែលពិបាកឆ្លើយណាស់នៅពេលមាននារីម្នាក់សួរខ្ញុំថា តើខ្ញុំកើតឆ្នាំអ្វី? ត្រូវនឹងនិមិត្រសត្វអ្វីដែរ? ១៤មករា ១៩៧៥ គឺជាគ្រាន់តែជាការកំណត់មួយប៉ុណ្ណោះ។ ជា​ការ​ពិត​​ ខ្លួនខ្ញុំផ្ទាល់ មិនទាន់ទាំងដឹងផងថា តើកើតឆ្នាំខាងលើនេះ ត្រូវនឹងសត្វអ្វីផងឡើយ។ ដូច្នេះ បើអ្នកជឿលើហោរាក្នុងការគន់គូរផ្គូរផ្គង់ខ្ញុំ ពិតណាស់ ថាតើរាសីចក្រដែលទាក់ទងទៅ​នឹងថ្ងៃខែកំណើតរបស់ខ្ញុំនឹងសំគាល់ពីជោគជតារាសីដូចម្តេចទៅ?សូមជួយពន្យល់!

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

កុមារភាព


អារម្មណ៍ផ្ទាល់របស់ខ្ញុំ មិនដឹងថា អ្នករាល់គ្នាគិតដូចខ្ញុំឬក៏យ៉ាងណានោះឡើយ។ វាគឺថា​ពេលខ្លះ នៅពេលដែលរូបខ្ញុំនេះ​ឯងបានទទួលទំងន់ខ្លាំងហូសប្រមាណពេក​នូវអ្វី ដែល​បាន​ជួប ឬអាច និយាយថា ជាបន្ទុក នៃជីវិត ហើយត្រូវរកមធ្យោបាយដោះស្រាយ​គ្មាន​ទី​បញ្ចប់​នោះ។ ខ្ញុំបែរជាចង់វិលទៅរកកាលៈទេសៈជាអតីភាពវ័យកុមារទៅវិញ។ នេះមកពីគ្រានោះ រូប​ខ្ញុំនៅតូច​ហើយ​ជាវ័យ ដែលខ្ញុំមិនដែលគិតអ្វី​ស្មុកស្មាញ​បន្តិចណាឡើយ គឺដឹងតែពីសប្បាយ​រីករាយជាមួយក្មេងដទៃទៀត។ ក្រៅពីទៅរៀននៅសាលា ខ្ញុំមានតែការងារតិចតួច​ប៉ុណ្ណោះ។​ខ្ញុំនៅចាំបានថា ខ្ញុំជាក្មេងវត្តម្នាក់នៅស្រុកកំណើតរបស់ខ្ញុំដែលមានលោកតាធី ចៅអធិការ​វត្តសុទ្ធាវត្យារាមហៅវត្តធម្មយុត្តិចុងកោះជាអ្នកបីបាច់ថែរក្សាខ្ញុំ។ ជារៀងរាល់ព្រឹក មុននឹង​ទៅ​រៀន​​នៅសាលាក្បែរវត្តខ្ញុំត្រូវដើរយូរចានស្រាក់ដាក់តាមផ្ទះអ្នកស្រុក​ដើម្បីទុកប្រមូលមកវិញ​ជា​មួយម្ភូបទុកប្រគេនលោក។ ពេលខ្លះទៀត ដែលវេនរៀនរបស់ខ្ញុំ ត្រូវដូរទៅពេលថ្ងៃ​រសៀលនោះ ខ្ញុំត្រូវដើរតាមលោកបិណបាតដោយស្រែកតាមផ្ទះអ្នកស្រុកថា" ដាក់បាយ​លោកទេ។ អ្វី​ដែលខ្ញុំចាំទៀតនោះ គឺថា មុននឹងទៅរៀននៅសាលា ខ្ញុំ ត្រូវហូបបបរ​នៅ​ក្រោយលោកឆាន់រួច និងត្រលប់​មកពីរៀនវិញមានអាហារ ដែលលោកតារៀបចំទុកក្នុងថតតុ​ជាស្រេច។​ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមក្មេងម្នាក់ក៏តំរូវអោយខ្ញុំរៀនធ៌មផងដែរ។ ខ្ញុំចេះធ៌មសំរាប់ថ្វាយបង្គំវត្តព្រឹកនិងវត្តល្ងាច ជាពិសេស គឺធ៌មសំរាប់សុំបាយ​ពីព្រះសង្ឈ​មុន​អាច​ញ៉ាំបាន។ សូមជំរាបថា ធ៌មនោះខ្ញុំនៅចាំមានអត្ថន័យដូចតទៅ" សេសាំង ភន់តេ វាចាមៈ ខ្ញុំសូមឱនកាយក្រាបថ្វាយបង្គំ លើកដៃប្រណំនមសកា បង្គំចំពោះព្រះកុរណា សុំទានអាហារ​ដែលសេសសល់ សុំព្រះរាជទាន ទានអភ័យ ដល់ខ្លួនខ្ញុំនៃ ដែលខ្វាយខ្វល់ សូមញ៉ាំងជីវិត​អោយបានដល់ តំកល់សតិបង្គំហោង!" ។ នេះជាធ៌ម​តែសំរាប់សុំបាយប៉ុណ្ណោះ។ រីឯធ៌មផ្សេង​ទៀតខុសពីនេះ ហើយធ៌មទាំងនោះ បើតាមខ្ញុំដឹង ក្រោយមក គឺខុសគ្នាទៅនឹង​ធ៌ម​សំរាប់​វត្ត​មហានិកាយ។ កុមារភាពគឺជាវ័យដែលខ្ញុំគ្មានកង្វល់ទោះបីជា​ខ្ញុំរស់ដោយសារវត្ត​ក៏ពិតមែន​ក៏ខ្ញុំមានផ្ទះនៅក្បែរផងដែរ។ គ្រានោះខ្ញុំក៏មិនថាហេតុអ្វីដែរដែលឃើញតែម្តាយខ្ញុំ និងយាយតាប៉ុណ្ណោះ។ ចំណែកឪពុករបស់ខ្ញុំ គឺខ្ញុំឃើញគាត់មកយូរៗម្តងប៉ុណ្ណោះ។ តែក្រោយមក​ទើបខ្ញុំដឹងថា គ្រួសាររបស់ខ្ញុំបែកគ្នា ដោយឪពុកនិងបងៗស្រីរបស់ខ្ញុំ​​រស់នៅស្រុក​ស្នួល​ខេត្ត​ក្រចេះឯណោះ។ នេះមកពីជីវភាព និងការរកប្រកបរបរជីវិត និងការមិនចុះសំរុងគ្នាក្នុងផ្លូវជីវិតប្តីប្រពន្ធ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំមិន ដែលខ្វល់ឡើយ ព្រោះខ្ញុំនៅមិនទាន់ដឹងអ្វី​ទាំង​អស់។ កាលពីតូច ខ្ញុំ ចូលចិត្តយំណាស់។ គេតែងតែធ្វើបាបវៃខ្ញុំ។  ជាពិសេស គឺបង​ប្រុស​របស់​ខ្ញុំ ដែលកាលនោះ គាត់នៅវត្តផងដែរ។ ក្រៅពីនៅវត្តរៀនធ៌ម នៅពេលយប់​ខ្ញុំក៏​អាច​មក​ស្នាក់​នៅផ្ទះផងដែរ។ ដូចនេះ ជារៀងរាល់យប់ ខ្ញុំតែងតែបានស្តាប់រឿងនិទានជាច្រើន​ពី​យាយ​របស់ខ្ញុំ។ គាត់ចូលចិត្តនិយាយរឿងណាដែលកំសត់ និងតស៊ូ ដូចជា រឿងព្រះជិនវង្សជាដើម។ ក្នុងកុមារភាពនេះ ខ្ញុំត្រូវបានគេហៅឈ្មោះ ខុសៗគ្នា ខ្លះហៅខ្ញុំថា ពុទ្ធិវី។  នេះ ប្រហែល​ជា​ខ្ញុំ​រស់​នៅវត្តទេដឹង។ ប៉ុន្តែព្រះអធិការវត្តហៅខ្ញុំថា សុទ្ធវី ហើយខ្ញុំ​ក៏មិនដឹងថា​មាន​ន័យ​យ៉ាង​មិច​ដែរ​នៅគ្រានោះ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកខ្ញះទៀត ហៅខ្ញុំថា ស្រីវី។ នេះ​គេ​តែង​សរសើរ​ប្រាប់ខ្ញុំថារោមភ្នែករបស់ខ្ញុំស្អាតណាស់ គឺមានរោមភ្នែកកោងៗដូចជាស្រីអញ្ចឹង។ គួរអោយ​អស់​សំណើចដែរ​ពីកុមារភាពរបស់ខ្ញុំ។រឿងមួយទៀត ដែលខ្ញុំតែងតែឆ្ងល់ខ្លួនឯងនោះ គឺខ្ញុំចេះ​ស្រលាញ់ស្រីតាំងពីតូចម្លេះ។ រឿងនេះ ខ្ញុំសូមប្រាប់អ្នកនៅថ្ងៃស្អែក។
ពីខ្ញុំធាវី

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

Friday, July 6, 2012

មនោសញ្ចេតនាចំឡែក


វាមិនគួរជឿទេសូម្បីខ្លួនរបស់ខ្ញុំនេះឯងក៏មានអារម្មណ៏ឆ្ងល់ជារឿយៗផងដែរ។ នោះ គឺការរៀប រាប់អំពីមនោសញ្ចេតនាមួយក្នុងជីវិតរបស់ខ្ញុំ ដែលមិនដឹងច្បាស់ថា អ្នកដទៃគេមានអារម្មណ៍ ស្នេហាដូចខ្ញុំឬយ៉ាងណានោះ។ ដូច្នេះដើម្បីអាចព៌ណនាបានពីអាថកំបាំងនៃ​អារម្មណ៍​មនោ​សញ្ចេតនាពិសេសនេះ ​សូមអោយខ្ញុំ បានបិទភ្នែកមួយសន្ទុះនឹក​ទៅដល់រឿងនិទាន​ជិវិត​អតីតភាពរបស់ខ្ញុំ។​តាមពិតទៅ​ជីវិតមនុស្សម្នាក់ហាក់បីដូចជាលឿន​ប៉ុន្តែពេលខ្លះ​ហាក់បីដូច​ជា​យឺតក៏ថាបាន។ មានពាក្យគេនិយាយថា ការ​រងចាំមនុស្ស​ម្នាក់​ដែល​ខ្លួនស្រលាញ់​ពេញ​បេះ​ដូង​ដោយសន្យាជួប១វិនាទីគឺបីដូចជា១ម៉ោង។ ១ម៉ោងគឺបីដូចជាមួយថ្ងៃ ។​មួយ​ថ្ងៃគឺ​បីដូច​១ខែ។ ១ខែគឺបីដូចជា​មួយឆ្នាំហើយ១ឆ្នាំគឺ​បីដូចជាមួយ​ជីវិតអញ្ចឹង។​​ ចំណែក​ខ្ញុំវិញ​គឺហាក់​បីដូច​ជា​លឿន​ពេកក្នុងការដែលយើងបែកគ្នាព្រោះតែការដើរតាមខ្សែជីវិតម្នាក់ៗ។ ត្រង់ចំនុច​ខ្ញុំសូមនិទានថា ក្នុងវ័យកុមារភាពរបស់ខ្ញុំជាវ័យ​​ ដែលពោរ​ពេញដោយក្តី​សប្បាយ​ហើយ​ជាវ័យ​មួយដែលមិនអាចបំភ្លេចបាន។ នោះគឺជាព្រឹត្តិការណ៍មួយរបស់ខ្ញុំ​ដែលមិនគួរអោយជឿ​ទាក់ទងនឹងស្នេហា។​មានមនុស្សជាច្រើននិយាយថាការស្រលាញ់នារីម្នាក់នឹងកើតមានឡើង​នៅ​ពេលវ័យគ្រប់ការ ឬអាចនិយាយថាជាវ័យដុះរោមត្រឡាចជុំវិញអង្គជាតិ។ ប៉ុន្តែដោយ​ឡែក​ខ្ញុំ​មានអារម្មណ៍ស្នេហាទៅនារីជាច្រើនមិនតិចទេ​កាលពីខ្ញុំនៅក្មេងៗនោះ។ ​ខ្ញុំមិនដឹងច្បាស់ថា​ខ្ញុំមានអាយុប៉ុន្មានឡើយនៅគ្រានោះ។ ប៉ុន្តែខ្ញុំនៅចាំបានថា នៅឆ្នាំកំពុងរៀនថ្នាក់ទី២ ខ្ញុំបានស្រលាញ់នារីម្នាក់។ នាងមានឈ្មោះថា យូ វាសនា ។ នារីក៏រៀននៅថ្នាក់ទី២ ផងដែរ។ ប៉ុន្តែគ្រាន់តែថានាងរៀនវេនខុសគ្នាពីខ្ញុំព្រឹកនិងល្ងាចប៉ុណ្ណោះ។  ខ្ញុំតែងតែមកលួចមើល​នាង​រៀន​​តាមប្រហោងជញ្ជាំងថ្នាក់រៀនស្ទើររាល់ថ្ងៃ។ នោះមកនាងមានសំបុរស កែវភ្នែក​ល្អ​ជាពិសេសថ្ពាល់ខាងស្តាំរបស់នាងលំអរយ៉ាងពិសេសនូវចំនុចខ្មៅមួយនោះគឺប្រជ្រុយរបស់​នាង។ នាងមិនដឹងខ្លួននូវអារម្មណ៍ស្នេហារបស់ខ្ញុំនេះ ។ ជាងនេះទៅទៀត​ដោយខ្ញុំជាក្មេង​វត្តនោះ ជាពិសេសនៅថ្ងៃព្រហស្បត្តិ ដែលថ្ងៃធ្វើពលកម្មឬជាថ្ងៃឈប់សំរាក​សំរាប់​កម្មវិធី​បឋមសិក្សា។ នៅរាល់ពេលលោក​ឆាន់បាយថ្ងៃត្រង់រួច។​ខ្ញុំក៏ប្រញាប់​ញ៉ាំ​បាយផងដែរ​ព្រោះ​យើង​ត្រូវប្រញាប់ដើរទៅលេងធុយនៅវត្តតាអ៊ុកជាទីដែលផ្ទះនាងនៅទីនោះ។​គេនិយាយថា​ស្រលាញ់ស្រី​បើមិនបានឃើញមុខរបស់នាងទេធ្វើមិចក៏ដោយអោយ​តែបានឃើញដំបូលផ្ទះ​របស់​នាង។ ប៉ុន្តែខ្ញុំក៏មានស្រលាញ់នារីផ្សេងទៀតផងដែរ នោះ គឺ ធារី កំពុងរៀនថ្នាក់ទី២ជាមួយខ្ញុំ។​ ​នាងជាមិត្តរបស់អាដេតដែលមិត្តខ្ញុំឈ្មោះភារម្យ ស្រលាញ់នាងផងដែរ។ ធារីនាង​មាន​សំបុរស្រអែមទេ។ តែអារម្មណ៍ស្រលាញ់នាងនោះព្រោះតែនាងចូលចិត្តលួចសំលឹងរូបខ្ញុំ ហើយនាងចូលចិត្តស្តោះទឹកមាត់របស់នាងហាក់ស្អប់ខ្ពើមខ្ញុំ។ ការស្អប់ខ្ពើមមនុស្សម្នាក់​អាច​បង្ខំ​​អោយស្រលាញ់នាងផងដែរ។លើសពីនេះទៀត ចិន្តា ក៏ជានារី​ដែលខ្ញុំលួច​ស្រលាញ់​នាង​ដែរ។ សព្វថ្ងៃនាងបានប្តូរទីលំនៅទៅរស់នៅទីរួមខេត្តស្វាយរៀងឯណោះ។ ចំណែកវាសនា ខ្ញុំដឹងថានាងមានប្តីហើយមករស់នៅខេត្តកំពង់ស្ពី។នៅវ៏យកុមារភាព​ទោះជាខ្ញុំចេះ​ស្រលាញ់​ស្រី​យ៉ាងក៏ដោយ​ក៏ខ្ញុំមិនដឹងស្រលាញ់ដើម្បីអ្វីឡើយ។ លុះដល់ធំឡើង ខ្ញុំបានជួបវាសនាម្តងទៀតកាលដែលខ្ញុំទៅលេងស្រុកសំរាកពីការរៀននៅភ្នំពេញ។ គ្រានោះ​ខ្ញុំបានជួបនាង​ពេលឡើងកាណូតនៅផ្តុំវត្តតាអ៊ុក។​ខ្ញុំនៅតែមានអារម្មណ៍ស្រលាញ់​នាងទោះ​នាង​មានប្តី​និង​កូន១ក៏ដោយ។ សរុបមក​តាមបទពិសោធន៍ជីវិតរបស់ខ្ញុំ ខ្ញុំយល់ថា​ស្នេហា​ជាពិសេសការ​ស្រលាញ់ស្រី វាកើតឡើងមិនចាំបាច់ដល់វ័យគ្រប់ការនោះទេ គឺកើតតាំងពីវ័យរបស់យើង​មិនទាន់ដឹងថាស្នេហាយ៉ាងណា​​​ផង។ និយាយរួម ស្នេហាខ្ញុំគ្រានោះអាចកើតឡើងដោយសារចំអន់គ្នា ជួបគ្នា ចោលភ្នែករកគ្នា និងការឌើដាក់គ្នាជាដើម។  ពាក្យសំដី ស្នាមញញឹម កែវភ្នែក ប្រជ្រុយ ក័ជាឧបករណ៍ទាក់ទាញ។ស្នេហាផងដែរ។​នេះជាស្នេហាចំឡែក​ក្នុងវ័យកុមាររបស់ខ្ញុំ។ ចុះអ្នកវិញ?

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11