អារម្មណ៍ផ្ទាល់របស់ខ្ញុំ មិនដឹងថា អ្នករាល់គ្នាគិតដូចខ្ញុំឬក៏យ៉ាងណានោះឡើយ។ វាគឺថាពេលខ្លះ នៅពេលដែលរូបខ្ញុំនេះឯងបានទទួលទំងន់ខ្លាំងហូសប្រមាណពេកនូវអ្វី
ដែលបានជួប ឬអាច និយាយថា ជាបន្ទុក នៃជីវិត ហើយត្រូវរកមធ្យោបាយដោះស្រាយគ្មានទីបញ្ចប់នោះ។ ខ្ញុំបែរជាចង់វិលទៅរកកាលៈទេសៈជាអតីភាពវ័យកុមារទៅវិញ។
នេះមកពីគ្រានោះ រូបខ្ញុំនៅតូចហើយជាវ័យ ដែលខ្ញុំមិនដែលគិតអ្វីស្មុកស្មាញបន្តិចណាឡើយ គឺដឹងតែពីសប្បាយរីករាយជាមួយក្មេងដទៃទៀត។ ក្រៅពីទៅរៀននៅសាលា ខ្ញុំមានតែការងារតិចតួចប៉ុណ្ណោះ។ខ្ញុំនៅចាំបានថា
ខ្ញុំជាក្មេងវត្តម្នាក់នៅស្រុកកំណើតរបស់ខ្ញុំដែលមានលោកតាធី ចៅអធិការវត្តសុទ្ធាវត្យារាមហៅវត្តធម្មយុត្តិចុងកោះជាអ្នកបីបាច់ថែរក្សាខ្ញុំ។
ជារៀងរាល់ព្រឹក មុននឹងទៅរៀននៅសាលាក្បែរវត្តខ្ញុំត្រូវដើរយូរចានស្រាក់ដាក់តាមផ្ទះអ្នកស្រុកដើម្បីទុកប្រមូលមកវិញជាមួយម្ភូបទុកប្រគេនលោក។ ពេលខ្លះទៀត ដែលវេនរៀនរបស់ខ្ញុំ
ត្រូវដូរទៅពេលថ្ងៃរសៀលនោះ ខ្ញុំត្រូវដើរតាមលោកបិណបាតដោយស្រែកតាមផ្ទះអ្នកស្រុកថា" ដាក់បាយលោកទេ។” អ្វីដែលខ្ញុំចាំទៀតនោះ គឺថា មុននឹងទៅរៀននៅសាលា
ខ្ញុំ ត្រូវហូបបបរនៅក្រោយលោកឆាន់រួច និងត្រលប់មកពីរៀនវិញមានអាហារ ដែលលោកតារៀបចំទុកក្នុងថតតុជាស្រេច។
តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមក្មេងម្នាក់ក៏តំរូវអោយខ្ញុំរៀនធ៌មផងដែរ។
ខ្ញុំចេះធ៌មសំរាប់ថ្វាយបង្គំវត្តព្រឹកនិងវត្តល្ងាច ជាពិសេស គឺធ៌មសំរាប់សុំបាយពីព្រះសង្ឈមុនអាចញ៉ាំបាន។ សូមជំរាបថា ធ៌មនោះខ្ញុំនៅចាំមានអត្ថន័យដូចតទៅ" សេសាំង ភន់តេ វាចាមៈ
ខ្ញុំសូមឱនកាយក្រាបថ្វាយបង្គំ លើកដៃប្រណំនមសកា បង្គំចំពោះព្រះកុរណា សុំទានអាហារដែលសេសសល់
សុំព្រះរាជទាន ទានអភ័យ ដល់ខ្លួនខ្ញុំនៃ ដែលខ្វាយខ្វល់ សូមញ៉ាំងជីវិតអោយបានដល់
តំកល់សតិបង្គំហោង!" ។ នេះជាធ៌មតែសំរាប់សុំបាយប៉ុណ្ណោះ។ រីឯធ៌មផ្សេងទៀតខុសពីនេះ ហើយធ៌មទាំងនោះ បើតាមខ្ញុំដឹង ក្រោយមក
គឺខុសគ្នាទៅនឹងធ៌មសំរាប់វត្តមហានិកាយ។ កុមារភាពគឺជាវ័យដែលខ្ញុំគ្មានកង្វល់ទោះបីជាខ្ញុំរស់ដោយសារវត្តក៏ពិតមែនក៏ខ្ញុំមានផ្ទះនៅក្បែរផងដែរ។
គ្រានោះខ្ញុំក៏មិនថាហេតុអ្វីដែរដែលឃើញតែម្តាយខ្ញុំ និងយាយតាប៉ុណ្ណោះ។ ចំណែកឪពុករបស់ខ្ញុំ គឺខ្ញុំឃើញគាត់មកយូរៗម្តងប៉ុណ្ណោះ។
តែក្រោយមកទើបខ្ញុំដឹងថា គ្រួសាររបស់ខ្ញុំបែកគ្នា ដោយឪពុកនិងបងៗស្រីរបស់ខ្ញុំរស់នៅស្រុកស្នួលខេត្តក្រចេះឯណោះ។
នេះមកពីជីវភាព និងការរកប្រកបរបរជីវិត និងការមិនចុះសំរុងគ្នាក្នុងផ្លូវជីវិតប្តីប្រពន្ធ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំមិន
ដែលខ្វល់ឡើយ ព្រោះខ្ញុំនៅមិនទាន់ដឹងអ្វីទាំងអស់។ កាលពីតូច ខ្ញុំ ចូលចិត្តយំណាស់។
គេតែងតែធ្វើបាបវៃខ្ញុំ។ ជាពិសេស
គឺបងប្រុសរបស់ខ្ញុំ ដែលកាលនោះ គាត់នៅវត្តផងដែរ។ ក្រៅពីនៅវត្តរៀនធ៌ម នៅពេលយប់ខ្ញុំក៏អាចមកស្នាក់នៅផ្ទះផងដែរ។ ដូចនេះ ជារៀងរាល់យប់ ខ្ញុំតែងតែបានស្តាប់រឿងនិទានជាច្រើនពីយាយរបស់ខ្ញុំ។ គាត់ចូលចិត្តនិយាយរឿងណាដែលកំសត់ និងតស៊ូ
ដូចជា រឿងព្រះជិនវង្សជាដើម។ ក្នុងកុមារភាពនេះ ខ្ញុំត្រូវបានគេហៅឈ្មោះ ខុសៗគ្នា ខ្លះហៅខ្ញុំថា ពុទ្ធិវី។ នេះ ប្រហែលជាខ្ញុំរស់នៅវត្តទេដឹង។ ប៉ុន្តែព្រះអធិការវត្តហៅខ្ញុំថា
សុទ្ធវី ហើយខ្ញុំក៏មិនដឹងថាមានន័យយ៉ាងមិចដែរនៅគ្រានោះ។
ទោះជាយ៉ាងនេះក៏ដោយ អ្នកខ្ញះទៀត ហៅខ្ញុំថា ស្រីវី។ នេះគេតែងសរសើរប្រាប់ខ្ញុំថារោមភ្នែករបស់ខ្ញុំស្អាតណាស់
គឺមានរោមភ្នែកកោងៗដូចជាស្រីអញ្ចឹង។ គួរអោយអស់សំណើចដែរពីកុមារភាពរបស់ខ្ញុំ។រឿងមួយទៀត ដែលខ្ញុំតែងតែឆ្ងល់ខ្លួនឯងនោះ
គឺខ្ញុំចេះស្រលាញ់ស្រីតាំងពីតូចម្លេះ។ រឿងនេះ
ខ្ញុំសូមប្រាប់អ្នកនៅថ្ងៃស្អែក។
ពីខ្ញុំធាវី
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment