Friday, July 6, 2012

មនោសញ្ចេតនាចំឡែក


វាមិនគួរជឿទេសូម្បីខ្លួនរបស់ខ្ញុំនេះឯងក៏មានអារម្មណ៏ឆ្ងល់ជារឿយៗផងដែរ។ នោះ គឺការរៀប រាប់អំពីមនោសញ្ចេតនាមួយក្នុងជីវិតរបស់ខ្ញុំ ដែលមិនដឹងច្បាស់ថា អ្នកដទៃគេមានអារម្មណ៍ ស្នេហាដូចខ្ញុំឬយ៉ាងណានោះ។ ដូច្នេះដើម្បីអាចព៌ណនាបានពីអាថកំបាំងនៃ​អារម្មណ៍​មនោ​សញ្ចេតនាពិសេសនេះ ​សូមអោយខ្ញុំ បានបិទភ្នែកមួយសន្ទុះនឹក​ទៅដល់រឿងនិទាន​ជិវិត​អតីតភាពរបស់ខ្ញុំ។​តាមពិតទៅ​ជីវិតមនុស្សម្នាក់ហាក់បីដូចជាលឿន​ប៉ុន្តែពេលខ្លះ​ហាក់បីដូច​ជា​យឺតក៏ថាបាន។ មានពាក្យគេនិយាយថា ការ​រងចាំមនុស្ស​ម្នាក់​ដែល​ខ្លួនស្រលាញ់​ពេញ​បេះ​ដូង​ដោយសន្យាជួប១វិនាទីគឺបីដូចជា១ម៉ោង។ ១ម៉ោងគឺបីដូចជាមួយថ្ងៃ ។​មួយ​ថ្ងៃគឺ​បីដូច​១ខែ។ ១ខែគឺបីដូចជា​មួយឆ្នាំហើយ១ឆ្នាំគឺ​បីដូចជាមួយ​ជីវិតអញ្ចឹង។​​ ចំណែក​ខ្ញុំវិញ​គឺហាក់​បីដូច​ជា​លឿន​ពេកក្នុងការដែលយើងបែកគ្នាព្រោះតែការដើរតាមខ្សែជីវិតម្នាក់ៗ។ ត្រង់ចំនុច​ខ្ញុំសូមនិទានថា ក្នុងវ័យកុមារភាពរបស់ខ្ញុំជាវ័យ​​ ដែលពោរ​ពេញដោយក្តី​សប្បាយ​ហើយ​ជាវ័យ​មួយដែលមិនអាចបំភ្លេចបាន។ នោះគឺជាព្រឹត្តិការណ៍មួយរបស់ខ្ញុំ​ដែលមិនគួរអោយជឿ​ទាក់ទងនឹងស្នេហា។​មានមនុស្សជាច្រើននិយាយថាការស្រលាញ់នារីម្នាក់នឹងកើតមានឡើង​នៅ​ពេលវ័យគ្រប់ការ ឬអាចនិយាយថាជាវ័យដុះរោមត្រឡាចជុំវិញអង្គជាតិ។ ប៉ុន្តែដោយ​ឡែក​ខ្ញុំ​មានអារម្មណ៍ស្នេហាទៅនារីជាច្រើនមិនតិចទេ​កាលពីខ្ញុំនៅក្មេងៗនោះ។ ​ខ្ញុំមិនដឹងច្បាស់ថា​ខ្ញុំមានអាយុប៉ុន្មានឡើយនៅគ្រានោះ។ ប៉ុន្តែខ្ញុំនៅចាំបានថា នៅឆ្នាំកំពុងរៀនថ្នាក់ទី២ ខ្ញុំបានស្រលាញ់នារីម្នាក់។ នាងមានឈ្មោះថា យូ វាសនា ។ នារីក៏រៀននៅថ្នាក់ទី២ ផងដែរ។ ប៉ុន្តែគ្រាន់តែថានាងរៀនវេនខុសគ្នាពីខ្ញុំព្រឹកនិងល្ងាចប៉ុណ្ណោះ។  ខ្ញុំតែងតែមកលួចមើល​នាង​រៀន​​តាមប្រហោងជញ្ជាំងថ្នាក់រៀនស្ទើររាល់ថ្ងៃ។ នោះមកនាងមានសំបុរស កែវភ្នែក​ល្អ​ជាពិសេសថ្ពាល់ខាងស្តាំរបស់នាងលំអរយ៉ាងពិសេសនូវចំនុចខ្មៅមួយនោះគឺប្រជ្រុយរបស់​នាង។ នាងមិនដឹងខ្លួននូវអារម្មណ៍ស្នេហារបស់ខ្ញុំនេះ ។ ជាងនេះទៅទៀត​ដោយខ្ញុំជាក្មេង​វត្តនោះ ជាពិសេសនៅថ្ងៃព្រហស្បត្តិ ដែលថ្ងៃធ្វើពលកម្មឬជាថ្ងៃឈប់សំរាក​សំរាប់​កម្មវិធី​បឋមសិក្សា។ នៅរាល់ពេលលោក​ឆាន់បាយថ្ងៃត្រង់រួច។​ខ្ញុំក៏ប្រញាប់​ញ៉ាំ​បាយផងដែរ​ព្រោះ​យើង​ត្រូវប្រញាប់ដើរទៅលេងធុយនៅវត្តតាអ៊ុកជាទីដែលផ្ទះនាងនៅទីនោះ។​គេនិយាយថា​ស្រលាញ់ស្រី​បើមិនបានឃើញមុខរបស់នាងទេធ្វើមិចក៏ដោយអោយ​តែបានឃើញដំបូលផ្ទះ​របស់​នាង។ ប៉ុន្តែខ្ញុំក៏មានស្រលាញ់នារីផ្សេងទៀតផងដែរ នោះ គឺ ធារី កំពុងរៀនថ្នាក់ទី២ជាមួយខ្ញុំ។​ ​នាងជាមិត្តរបស់អាដេតដែលមិត្តខ្ញុំឈ្មោះភារម្យ ស្រលាញ់នាងផងដែរ។ ធារីនាង​មាន​សំបុរស្រអែមទេ។ តែអារម្មណ៍ស្រលាញ់នាងនោះព្រោះតែនាងចូលចិត្តលួចសំលឹងរូបខ្ញុំ ហើយនាងចូលចិត្តស្តោះទឹកមាត់របស់នាងហាក់ស្អប់ខ្ពើមខ្ញុំ។ ការស្អប់ខ្ពើមមនុស្សម្នាក់​អាច​បង្ខំ​​អោយស្រលាញ់នាងផងដែរ។លើសពីនេះទៀត ចិន្តា ក៏ជានារី​ដែលខ្ញុំលួច​ស្រលាញ់​នាង​ដែរ។ សព្វថ្ងៃនាងបានប្តូរទីលំនៅទៅរស់នៅទីរួមខេត្តស្វាយរៀងឯណោះ។ ចំណែកវាសនា ខ្ញុំដឹងថានាងមានប្តីហើយមករស់នៅខេត្តកំពង់ស្ពី។នៅវ៏យកុមារភាព​ទោះជាខ្ញុំចេះ​ស្រលាញ់​ស្រី​យ៉ាងក៏ដោយ​ក៏ខ្ញុំមិនដឹងស្រលាញ់ដើម្បីអ្វីឡើយ។ លុះដល់ធំឡើង ខ្ញុំបានជួបវាសនាម្តងទៀតកាលដែលខ្ញុំទៅលេងស្រុកសំរាកពីការរៀននៅភ្នំពេញ។ គ្រានោះ​ខ្ញុំបានជួបនាង​ពេលឡើងកាណូតនៅផ្តុំវត្តតាអ៊ុក។​ខ្ញុំនៅតែមានអារម្មណ៍ស្រលាញ់​នាងទោះ​នាង​មានប្តី​និង​កូន១ក៏ដោយ។ សរុបមក​តាមបទពិសោធន៍ជីវិតរបស់ខ្ញុំ ខ្ញុំយល់ថា​ស្នេហា​ជាពិសេសការ​ស្រលាញ់ស្រី វាកើតឡើងមិនចាំបាច់ដល់វ័យគ្រប់ការនោះទេ គឺកើតតាំងពីវ័យរបស់យើង​មិនទាន់ដឹងថាស្នេហាយ៉ាងណា​​​ផង។ និយាយរួម ស្នេហាខ្ញុំគ្រានោះអាចកើតឡើងដោយសារចំអន់គ្នា ជួបគ្នា ចោលភ្នែករកគ្នា និងការឌើដាក់គ្នាជាដើម។  ពាក្យសំដី ស្នាមញញឹម កែវភ្នែក ប្រជ្រុយ ក័ជាឧបករណ៍ទាក់ទាញ។ស្នេហាផងដែរ។​នេះជាស្នេហាចំឡែក​ក្នុងវ័យកុមាររបស់ខ្ញុំ។ ចុះអ្នកវិញ?

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

No comments:

Post a Comment