Saturday, July 7, 2012

ថ្ងៃខែឆ្នាំកំណើត


ទោះជាដឹងថា ថ្ងៃកំណើតជាសំដៅមួយយ៉ាងសំខាន់សំរាប់ជីវិតយ៉ាងណាក៏ដោយ ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំមិនអាចស្តីបន្ទោសឬអោយកំហុសទៅលើអ្នកមានគុណទាំងទ្វេរបស់ខ្ញុំបានឡើយ។​គាត់​បាននិយាយថា គ្រប់ថ្ងៃកំណើតរបស់កូនៗ គឺពួកគាត់បានកត់ត្រាយ៉ាងច្បាស់មិនធ្វេស​ប្រហេសទេ។ តាមទំលាប់ ពួកគាត់​តែងតែកត់ត្រាកាលបរិច្ឆេតថ្ងៃកំណើតនោះ​នៅតាមក្រឡោនផ្ទះ,ធ្នឹមផ្ទះ និងជញ្ជាំងផ្ទះជាដើម។ ដោយឡែក ថ្ងៃកំណើតរបស់ខ្ញុំ ពួកគាត់ក៏​កត់ត្រាយ៉ាងច្បាស់ផងដែរ។ ប៉ុន្តែគ្រាន់តែថា ពួកគាត់ មិនបានសរសរទុកនៅ​លើទី​តាំង​ខាង​លើ​​នោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានកត់យ៉ាងច្បាស់​ ដៅទុកនៅលើជញ្ជាំងទូ ព្រោះ​ពួក​គាត់​ចង់មានន័យថា ខ្ញុំជាកូនពៅរបស់គាត់។ ប្រហែលជាគាត់គិតថា ខ្ញុំជាទីសង្ឃឹម​សំរាប់ជីវិតគាត់។ សូម្បីតែឈ្មោះរបស់ខ្ញុំក៏ពួកគាត់ដាក់ឈ្មោះសំដៅទៅលើអ្នក ដែលមាន​បញ្ញាក្នុងថែរក្សាទ្រព្យ​នៅក្នុងទូនេះឯង។ សូម​ជំរាបថា ធាវី គឺជាឈ្មោះរបស់ខ្ញុំ។ ណាមួយ​ក្នុងគោលគំនិតរបស់ពួកគាត់គឺចង់បានខ្ញុំក្លាយជាមេធាវីផងដែរ។ មេធាវីមានន័យថា អ្នកមាន​ប្រាជ្ញ​ខ្ពស់ត្រដែត។ តែទោះជាយ៉ាងនេះក៏ដោយ ការគិតរបស់គាត់ក្លាយជារឿងអភ័ព នៃ​ជីវិត​ពិត​របស់ខ្ញុំគឺថា​ការកត់ហេតុនៅលើជញ្ជាំងទូកនោះ​វាមិនស្ថិតស្ថេរ ដែលធ្វើអោយខ្ញុំ បាន​ប្រើ​ប្រាស់​ថ្ងៃកំណើតនោះជាផ្លូវការឡើយ។ ព្រោះថា នៅពេលខ្ញុំសួរគាត់ថាតើកូនកើតនៅថ្ងៃណា ពួកគាត់​ហាក់បីដូចជាស្រពិចស្រពិលមមីមមើលមិនច្បាស់លាស់សោះចំពោះចំលើយពិតមួយ​នៃថ្ងៃកំណើតរបស់ខ្ញុំ។ ផ្ទុយទៅវិញ គាត់បាននិទាននូវដំណើររឿងដូច្នេះថាៈ
"ក្នុងទស្សវត្តន៍ឆ្នាំ១៩៧០ កូនអើយប្រទេសកម្ពុជាយើង ស្ថិតក្នុងសម័យ​សង្រ្គាមច្របូល​ច្របល់​គឺប៉ានិងម៉ាក់ខ្វល់តែនឹងខ្លាចស្លាប់ខ្លាចមិនបានថែរទាំកូនមកដល់សព្វថ្ងៃ។ ព្រោះរាល់​ពេល​មិនថាយប់ និងថ្ងៃ គឺគ្រួសារយើងត្រូវរត់ចូលក្នុងរណ្តៅត្រង់សេ ការពារក្រែងយន្តហោះ​ទំលាក់គ្រាប់សំលាប់។ "ជាការពិតណាស់ក្នុងប្រវត្តិសាស្រ្តសង្គមខ្មែរពិតជាជូរចត់បំផុត គ្រា​នោះ​ គឺយុទ្ធការសង្គ្រាម៏ក្តៅគគុករវាងពួកបដិវត្តន៍ខ្មែរក្រហម និងម្ខាងទៀតជាពួក ដែលខ្មែរក្រហមចាត់ទុកថា ពួកមូលធននិយម។ ក្រោយមក ពីឆ្នាំ១៩៧៥-១៩៧៩ របប​បដិវត្តន៍មួយថ្មី ជាការគ្រប់គ្រងរបស់ប៉ុល ពត។ ត្រង់ចំនុចនេះ ពួកគាត់បានបន្តថា "កូនអើយ សម័យនោះ ផ្ទះយើងបានត្រូវអង្គការផ្លាស់ប្រគល់ទៅអោយអ្នកផ្សេងស្នាក់អាស្រ័យ រីឯ​គ្រួសារ​យើង​ត្រូវបានត្រូវទៅរស់នៅផ្ទះអ្នកដទៃផងដែរ។ សំភារៈទាំងអស់ត្រូវអង្គការ​ប្រមូល​ចូល​ជាសហករគ្មានសល់។​"នេះ​ជាមូលហេតុពិតជាក់ស្តែង ដែលរូបខ្ញុំ មិនអាចស្តីបន្ទោស ឬ អោយ​កំហុសទៅលើឪពុកម្តាយខ្លួនឯងបានឡើយ។ រឿងអ្វីមួយទៀត ដែលខ្ញុំចង់និយាយ​ប្រាប់អ្នកទាំងគ្នាផងដែរនោះ គឺថា វាមិនគ្រាន់តែជាការកំណត់ថ្ងៃខែកំណើតរបស់ខ្ញុំពីឪពុក និងអ្នកម្តាយមិនច្បាស់លាស់នោះឡើយ លើសពីនេះទៅទៀត ត្រូវកំណត់ប្តូរ ថ្ងៃខែឆ្នាំ​កំណើត​របស់ខ្ញុំ ដែលមិនគួរអោយជឿនេះក៏ព្រោះតែជាការឆ្លាតវៃរបស់ពួកគាត់ ដែលរស់ក្នុងរបត់​សង្គម​ថ្មីមួយទៀត។ ចំនុចនេះ សូមលំអិតប្រាប់អ្នកថា នៅក្នុងទីដីកំណើតរបស់ខ្ញុំប្រហែលជា​លោកអ្នកខ្លះ​បានស្គាល់ទីនោះហើយ។ ខ្ញុំបានកើតនៅ ភូមិទី៩ ឃុំកោះសូទិន ខេត្តកំពង់ចាម។ ក្នុងទស្សវត្តន៍ឆ្នាំ១៩៨០ ជាពិសេស ក្នុងកំឡុងឆ្នាំ ១៩៨៥-៨៩ ខ្ញុំមានវ័យគ្រប់ល្មម គឺពេញជាទីស្រលាញ់ពីការតាមប្រម៉ាញ់ ចាប់ធ្វើជាទាហានដើម្បីជួយច្បាំងការពារជាតិ​ពីពួក​ឧទាម ​ដោយត្រូវជិះយាន្តយោធាទៅជាយដែន។ នេះគ្រាន់តែ ជាអារម្មណ៍ភ័យព្រួយ​របស់ខ្ញុំនៅគ្រានោះ។​ការរៀបរាប់ខាងលើ គឺជាសំណេរជីវិត ដែលខ្ញុំ​រំលឹក​ឡើង​វិញ​ដោយ​សង្ខេប។ ថ្ងៃនេះ លើប្រធានបទជីវិតគឺថ្ងៃកំណើតមិនដឹងច្បាស់លាស់របស់ខ្ញុំ។ នេះជា​ប្រការមួយ ដែលពិបាកឆ្លើយណាស់នៅពេលមាននារីម្នាក់សួរខ្ញុំថា តើខ្ញុំកើតឆ្នាំអ្វី? ត្រូវនឹងនិមិត្រសត្វអ្វីដែរ? ១៤មករា ១៩៧៥ គឺជាគ្រាន់តែជាការកំណត់មួយប៉ុណ្ណោះ។ ជា​ការ​ពិត​​ ខ្លួនខ្ញុំផ្ទាល់ មិនទាន់ទាំងដឹងផងថា តើកើតឆ្នាំខាងលើនេះ ត្រូវនឹងសត្វអ្វីផងឡើយ។ ដូច្នេះ បើអ្នកជឿលើហោរាក្នុងការគន់គូរផ្គូរផ្គង់ខ្ញុំ ពិតណាស់ ថាតើរាសីចក្រដែលទាក់ទងទៅ​នឹងថ្ងៃខែកំណើតរបស់ខ្ញុំនឹងសំគាល់ពីជោគជតារាសីដូចម្តេចទៅ?សូមជួយពន្យល់!

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

No comments:

Post a Comment