Thursday, July 5, 2012

ស្រមោលព៌ណស


ម៉ោងជិត៨យប់ទៅហើយ ខ្ញុំមិនដឹងត្រូវទៅណាទេ។ ខ្ញុំម្តងឈរ ម្តងអង្គុយច្របួក ច្របល់ដោយអារម្មណ៍ភិតភ័យ។
"ហឺ! ថ្មើរនេះហើយ ហេតុអ្វីបានជា​សុភាមិនទាន់មកពីរៀនសោះអញ្ចឹង។" ខ្ញុំ​ដក​ដង្ហើម​ធំ។
សុភាជាមិត្តរបស់ខ្ញុំ។ គាត់គឺជាអនុប្រធាននិស្សិតដែលកំពុងស្នាក់នៅ​វត្តស្វាយ​ពពែនៅរាជធានីភ្នំពេញ។​ គាត់ជានិសិ្សតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច​នៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាត់មានស្រុក​កំណើត​នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គាត់ជាមិត្ត​ដ៏ល្អ​បំផុត​របស់ខ្ញុំ​តាំងតែ​ពី​យើងនៅតូចៗមកម្ល៉េះ។
ខណៈខ្ញុំកំពុងអង្គុយឈ្ងោកមុខ អស់សង្ឃឹមលើបង់ថ្មក្រោមដើមទឹកដោះ​ ខ្ញុំបានឮ​សំឡេងសំរឹបកង់ដែលជិះចូលខ្លោងទ្វាមុខនៃទីអារាមវត្តស្វាយពពែកាន់តែខ្លាំងឡើងៗ។​ខ្ញុំងើបមុខឡើង។ ភ្លាមនោះ ខ្ញុំបានស្រែកៈ
-សុភា!
-ធាវី!
មិនទាន់ទាំងបានរាយរាប់ប្រាប់សុភាពីគោលដៅរបស់ខ្ញុំផង សុភាក៏នាំខ្ញុំទៅកុដិលេខ២​ដែលជាកន្លែងគេស្នាក់នៅ។ "តោះ! ធាវី ទៅបន្ទប់ខ្ញុំ។" សុភាហាក់បីដូចជាដឹងរឿង​ខ្ញុំ។ គាត់ធ្លាប់បានទៅលេងស្រុកមុននេះ។ គាត់បានដឹងថាខ្ញុំត្រូវបញ្ចប់កិច្ចសន្យាជាគ្រូបង្រៀន​នៅសាលាបឋមសិក្សាចុងកោះសូទិនខាងត្បូងនាដើមវិស្សមកាលនេះ។ គាត់ក៏បាន​ដឹងផង​ដែរថា ខ្ញុំគ្រោងនឹងទៅរកការងារធ្វើនៅប្រទេសថៃ។​
ព្រលឹមស្រាងៗ និស្សិតដែលរស់នៅក្នុងបន្ទប់នោះ បានក្រោកពីគេងរួចរាល់ហើយ។ ពួកគេខ្លះងើបទន្ទេញមេរៀនតាំងពីម៉ោង៤ទៀបភ្លឺឯណោះ។ ពួកគេត្រូវបាន​សុភាណែ​នាំឲ្យស្គាល់ខ្ញុំ​តាំងពីគ្រាយប់ម្សិលមិញម៉្លេះ។ ក្រៅពីនេះ នៅមានព្រះសង្ឃគង់នៅកុដិនេះ​ផងដែរដែលសុភាណែនាំអោយខ្ញុំគោរពប្រណិបត្តិ។ ប៉ុន្តែថ្មើរនេះ ព្រះសង្ឃមេកុដិ មិនទាន់បើកទ្វាបន្ទប់នៅឡើយទេ។
"ធាវី! ខ្ញុំពិតជាមិនចង់ឲ្យធាវីឯងទៅធ្វើការនៅប្រទេសថៃទេ ធាវីឯងអត់មានស្គាល់អ្នកណាទេ ទៅផ្សងព្រេងបែបនេះវាគ្រោះថ្នាក់ណាស់ ធាវីឯងអាចចាញ់បោកគេ ដោយមិនបានថ្លៃធ្វើការ។ ជាងហ្នឹងទៅទៀត អាចត្រូវគេបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ឬចាក់ថ្នាំញៀន។"​ សុភាបានទូន្មានខ្ញុំទាំងព្រឹក។
នៅលើកន្ទេលកញ្ចាស់ដែលក្រាលសំរាប់ដេកជាប់ៗគ្នានៅជាន់ទី១កុដិលេខ២ សុភា មិនទៅរៀនឡើយនៅព្រឹកនោះ នាយបានបន្តទៀតថា" ធាវី ធាវីឯងមាននៅចាំសុផាទេ? មិត្តរបស់យើងដែលរៀននៅកោះនោះអី។
-ស្គាល់តើ។
"សុផាវេទនាណាស់ ធ្លាប់ជាប់គុកជាច្រើនឆ្នាំនៅប្រទេសសៀម។​ គ្នាត្រូវតំរួតថៃចាប់ និងវាយធ្វើបាប ទាត់ធាក់ ស្ទើរស្លាប់ស្ទើរស់ ទំរាំលួចរត់ត្រលប់មកខ្មែរវិញបាន ។ ដឹងទេ វាត្រូវប៉ូលីសចាប់ច្រឡំ ហើយចោទ​ប្រកាន់​វាថា​បានជួញដូរ​គ្រឿងញៀនខុសច្បាស់" ថៃវាមើលងាយ និងធ្វើបាជនជាតិខ្មែរយើងណាស់។ មុននេះសុផា បានមកលេងខ្ញុំ នឹងបានគេងទីនេះមួយ​​យប់ហើយបានរាយរាប់ប្រាប់ខ្ញុំច្រើនណាស់ពីការទៅរកការងារធ្វើនៅប្រទេសថៃ។" ថាហើយសុភាក៏នាំខ្ញុំចុះក្រោម។
នៅម៉ោងប្រហែលជា៨ព្រឹក​ ព្រះសុរិយាកំពុងចែងចាំងពន្លឺសូរសែងក្តៅល្មម បើទោះ​បីជា​ពុំមានពពកបាំងក៏ដោយ។ ព្រះសង្ឃគ្រប់អង្គបានឆាន់បបររួចរាល់។ នៅក្នុងវត្តនេះ ព្រះសង្ឃទាំងអស់ឆាន់បបរនៅសាលាឆាន់រួមគ្នា។​ យើងបានដើរសំដៅ ហើយឡើងលើកុដិ មួយទៀត។
-"ក្រាបថ្វាយបង្គុំព្រះអង្គ!" សុភានាំខ្ញុំក្រាបសំពះនៅមុខព្រះអង្គគ្រូព្រះចៅអធិការវត្ត​នេះ។
-'ពរ! ភា មានការអីឬ?' ព្រះអង្គមានសង្ឃដិការសាកសួរ
-"សូមព្រះអង្គមេត្តាប្រោសប្រទាន និងអនុញ្ញាតិអោយមិត្តខ្ញុំម្នាក់នេះបានស្នាក់នៅ​ក្នុងវត្តនេះជាមួយខ្ញុំផង។ ព្រោះគ្នាពុំមានទីពុំនាក់ទេ។ វាចង់ទៅផ្សងព្រេងទៅរកការងារធ្វើនៅប្រទេស​ថៃ។ក្រាបថ្វាយព្រះអង្គ តាមពិតទៅ ខ្ញុំករុណាមិនចង់អោយគ្នាប្រថុយថានជីវិតទៅផ្សងព្រេងធ្វើការនៅប្រទេសគេ​ឡើយ។ ដូចដឹងស្រាប់ហើយ វាមានគ្រោះថ្នាក់ណាស់ការណ៍​ដែលសម្រេច​ផ្សងព្រេង​គ្មាន​គោល​​ដៅបែបនេះ។"
- 'ពរ! អាត្មាយល់។ ភា! ឯងពិតជាមិត្តកម្ររកបានមែន។ ចុះឯងឈ្មោះអីដែរ?' ព្រះ​អង្គគ្រូសំឡឹងមុខខ្ញុំ។​
ខ្ញុំបានឡើកដៃសំពះដាក់ព្រះអង្គម្តងទៀតឆ្លើយទៅកាន់ព្រះអង្គថា​"ខ្ញុំករុណា​ឈ្មោះ​ធាវី។ យ៉ាងណានៅចំពោះមុខព្រះអង្គ ខ្ញុំករុណាសប្បាយចិត្តជាពន់ពេក​ដោយឃើញ​មិត្ត​ខ្ញុំ​ម្នាក់​​នេះមានសណ្តានចិត្តបរិសុទ្ធថ្លៃថ្លាបែបនេះ។ តាមពិតទៅ ក្នុងជីវិតករុណានេះ ពុំដែល​មានពេលណាសប្បាយនិងរំភើបដូចបានឮពាក្យពេចន៍គ្រប់យ៉ាងដែលភាបានទូលថ្វាយព្រះអង្គមុននេះទេ។ខ្ញុំករុណាធ្លាប់បានដើរសុំស្នាក់នៅស្ទើរគ្រប់វត្តក្នុងរាជនីភ្នំពេញម្តងរួចហើយ​ដែលកាលនោះខ្ញុំករុណាមកបន្តការសិក្សាបំពេញវិជ្ជារៀនយប់នៅវិទ្យាល័យទួលទំពូងនោះ។ ជាក់ស្តែងវត្តនេះ គ្រានោះខ្ញុំករុណា​ក៏ធ្លាប់​សុំ​លោក​អាចារ្យ​​ហើយ​​ដែរតែមិនត្រូវ​បានអញ្ញាតិ​អោយស្នាក់នៅសោះ។"
          -"ពរ! ពេលនេះអត្មាអនុញ្ញាតិអោយ។ កុំភ្លេចចុះឈ្មោះក្នុង​បញ្ជីស្នាក់នៅ​ហើយ​រាយ​ការណ៍​ទៅប៉ូលិសផងណាភា។​ សូមអោយឯងទាំងពីរជាមិត្តដ៏ល្អជារៀងរហូតទៅ។"
          - "ករុណ!" យើងទាំងពីរសំពះលា។ "ករុណាថ្វាយបង្គុំលា។
          -ស្អែកឡើងសុភាបានប្រគល់កង់ដៃត្រង់ដែលខ្លួនធ្លាប់ជិះទៅរៀនរាល់ថ្ងៃមកអោយ ខ្ញុំ។" ធាវី ថ្ងៃនេះធាវីឯងទៅជួបបងវន្ថាទៅ។ ខ្ញុំបានទាក់ទងគាត់រួចហើយ​អោយធាវីឯង​ទៅបង្រៀន​ភាសាអង់គ្លេសនៅសាលាបងរបស់គាត់។ ព្រោះថាធាវីឯងចេះអង់គ្លេសច្រើនហើយខ្ញុំគិតថាគេអាចទទួល​យកធាវីឯងបាន។ អោយគេធ្វើតេស្ត៍ចុះបើគេចង់សាកល្បងសមត្ថភាពធាវីឯង។ កុំភ័យអី។​ ធាវីឯងធ្លាប់​បង្រៀងអង់គ្លេសយូរក្រែល​ណាស់ដែរតើ !
          "ជំរាប់សួរ!" ខ្ញុំបានលើកដៃសំពះទៅអ្នកទទួលភ្ញៀវម្នាក់នៅមណ្ឌលភាសាអង្គររាជម្តុំ​ផ្សារឌុយម៉ិច​។
          -"គឺពូហ្នឹងឬដែរបងប្រុសខ្ញុំអោយមកសាកល្បងបង្រៀនសិស្សថ្ងៃនេះ?
          "បាទហ្នឹងហើយ!" ថារួចវណ្ណរា ប្អូនស្រីរបស់វន្ថាដែលជានារីលេខាម្នាក់នោះ​នាំខ្ញុំចូលទៅ​បន្ទប់​នៅ​ខាងក្នុង​ដែល​មាន​​​សិស្ស​រង់ចាំពីរបីនាក់។
          ៣​ម៉ោងគត់ ថ្នាក់អង់គ្លេសពេញម៉ោងមួយនេះត្រូវបានដល់ម៉ោងចេញទៅផ្ទះ។ ខ្ញុំបាន​ចេញ​ក្រៅ​ផងដែរដើម្បីទៅវត្តវិញ។ "ពុទ្ធោអើយ! កងខ្ញុំ! កង់ភាដែលអោយខ្ញុំជិះ។ ចោរលួចកងខ្ញុំបាត់ហើយ។ខ្ញុំស្លន់ស្លោ។"
          វន្ថាគេក៏ជាមិត្តល្អម្នាក់ដែរ។ គេជាមិត្តរបស់ភា។ គេជាប្អូនប្រុសរបស់​នាយកមណ្ឌល​ភាសាអង្គររាជ។ គេធ្លាប់រស់នៅកុដ្ឋលេខ២ វត្តស្វាយពពែនៅប៉ុន្មាន​ឆ្នាំមុននេះ។​ គ្រានោះ​គេបាន​ស្វះស្វែងជួយរកកង់ខ្ញុំដែលបាត់ទៅ។ ជួយជិះម៉ូតូជួនខ្ញុំទៅ​រក​មុខចោរក្រែងវាយក​ទៅលក់​នៅម្តុំផ្សារចោរតែយើងមិនអាចរកកង់នោះឃើញឡើយ។  
          មកដល់វត្តភ្លាម ខ្ញុំនៅមានមុខស្លេកនៅឡើយ។ ខ្ញុំបានអង្គុយលើបង់ក្រោម​ដើមជ្រៃដែលមានវល្លិ៍តោងធ្លាក់សំយាកនៅមុខកុដិ។​ខ្ញុំមិនដឹងហាស្តីប្រាប់ភាយ៉ាងណាទេ។
ក្នុងអារម្មណ៍ស្មុគស្មាញ ខ្ញុំកំពុងគិតមកលើខ្លួនឯងថា ខ្ញុំជាមនុស្សចង្រៃណាស់។ ហេតុអីបាន​ជាខ្ញុំនាំទុក្ខដល់គេ? តើខ្ញុំមានអ្វីសងភាទៅ?​ បើខ្ញុំមិនមានលុយសោះនោះ។​
ភ្លាមនោះដៃ​មនុស្សម្នាក់បានដល់ស្មាខ្ញុំ។ "ធាវី មិនចាំបាច់ព្រួយទេ។ ខ្ញុំបានដឹង​មុន​នេះហើយ។ កង់បាត់នោះ ឯងមិនចាំបាច់ព្រួយពេកទេព្រោះថាខ្ញុំអោយឯងហើយ។ ចំណែកខ្ញុំរៀនចប់ហើយមិនប្រើវាទៀតទេ។
ជាង១០ឆ្នាំកន្លងទៅនេះ មិត្តដ៏ល្អរបស់ខ្ញុំបានបែកគ្នាក្នុងមុខតំណែងធ្វើការរៀងៗខ្លួន។ សុភា សព្វថ្ងៃគឺជាជាលេខាធិការទី១នៃទូតខ្មែរប្រចាំប្រទេសឡាវ។ វន្ថា គេមានកូន១ហើយ។ ស្តាយ​ណាស់ដែលខ្ញុំមិនបានចូលរួមការរបស់គេ។ គេជាគ្រូបង្រៀន​នៅសាកល​វិទ្យាល័យ​កម្ពុជា។ រីឯខ្ញុំកំពុងបំរើការជាអ្នកអភិរក្សព្រៃនិងសត្វព្រៃនៅតំបន់ភ្នំក្រវ៉ាញភាគខាងត្បូងប្រទេស​កម្ពុជា។ ប៉ុន្តែចំណងមិត្តភាពរបស់យើងនៅមិនអាចកាត់ផ្តាច់បានឡើយ។​ យើងតែងតែផ្ញើរ​សារឆ្លងឆ្លើយរក​គ្នា​តាម​Facebook របស់យើង។
សារមួយរបស់ខ្ញុំតាមFacebook ទៅមិត្តរបស់ខ្ញុំម្នាក់នោះ។ ខ្ញុំនឹងសុភាតែងតែរំលឹកពី
អនុស្សាវរីយ៍ពីអតិតកាលរបស់យើង។


ភ្នំក្រវ៉ាញថ្ងៃទី ១​កក្កដា​ឆ្នាំ២០១២
ភាអើយ!​ អ្វីទាំងអស់ពិតជាធ្វើអោយខ្ញុំនៅចាំមិនអាចបំភ្លេចបានឡើយ។ អ្វីៗទាំងអស់នោះគឺជាស្រមោលមួយដែលខ្ញុំប្រសិទ្ធនាមថាជាស្រមោលសក្នុងបេះដូងខ្ញុំ​ហើយទង្វើរដ៏ល្អរបស់អ្នកគឺស្រមោលសដែលខុសពី​ស្រមោលខ្មៅ។ ខ្ញុំ​នៅជំពាក់គុណ​មិត្តនៅឡើយ។ដូចនេះហើយខ្ញុំកំពុង​ជួយដល់អ្នកដែលងាយរង់គ្រោះក្នុងជីវិតទុកជាការដឹងគុណពី​ទង្វើរល្អរបស់មិត្ត។សូមអោយស្រមោលសនេះក្លាយជាសំពតសសំរាប់ជីវិតចុងក្រោយ​របស់យើង។
ពីធាវី
ក្មេងវត្តម្នាក់ផងដែរ។
 
ភ្នំពេញថ្ងៃទី២ កក្កដាឆ្នាំ ២០១២
និពន្ធដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11













                                                                                                                               



No comments:

Post a Comment