Wednesday, April 3, 2013

រឿងព្រហ្មលិខិត-ភាគទី៣


និពន្ធដោយ ទី ធាវី
ក្តីរន្ធត់នៅមាត់សមុទ្រ
មួយថ្ងៃកន្លងផុតទៅ។ ថ្ងៃនេះ មាត់សមុទ្រពោរពេញដោយភាពស្រស់ថ្លា។ ផ្ទៃ​សមុ​ទ្រឆ្ងាយដាច់កន្ទុយភ្នែកជាប់នឹងជើងមេឃព៌ណខៀវស្រងាត់។ ជំនោរ​វស្សាន្តរ​ដូវបក់ផាត់​រំភើយៗ ត្រជាក់ខ្លាំងណាស់។ យុវកំព្រា ដែលទើបមកដល់ពីទីក្រុងភ្នំ​ពេញ នាំគ្នាលេងទាត់ បាល់ ទាត់សី ចុះហែលទឹក ថតរូបយកទេសចភាពដ៏ល្អឯក នៃកោះពស់ កោះញែក កោះឫស្សីនៅឆ្វេងដៃឆ្ងាយសន្លឹម និងទេសភាពជ្រោយដែលនៅស្តាំដៃ។ លោកគ្រូៗ កំពុងលេងកីឡាកំសាន្ត(ហ្គេម) ជាមួយយុកំព្រាខ្លះទៀត។
ណារីដែលកំពុងអង្គុយលើប៉ាវអ៊ី ក្រោមរោងលក់​មួយ​​ក្នុងចំណោមរោងលក់​ទាំង​អស់​នៅ​មាត់ឆ្នេរនេះ ឈ្មោះរោងផាមទ្រី លូកដៃកេះ វាសនា អេ វាសនា! ឯងមើលនុះ! អ្នកជិះអុបប័រលឿនបែបនោះ មើលទៅសប្បាយណាស់!
-មែនហើយ!
-អូហ្ន៎! ពូរ៉ប កំពុងអុំទូកជាមួយនរណាគេហ្ន៎? អម្បាញមិញដូចជាគាត់នៅលេងហ្គេម ជាមួយលោកគ្រូ និងគ្នាយើងទេតើ!
ព្រះទិនករ បន្ទាបខ្លួនបន្តិចម្តងៗ ជ្រេចូលទ្រនុំ។ ថ្មើរនេះ មេឃផ្តើមក្រហមច្រាល​នៅឯនាយសមុទ្របញ្ជាក់ថាពេលព្រលប់ហើយ។ សំណាង ដើរទៅវិញទៅមក ពេញមួយ​ថ្ងៃ​ គ្មានអ្នកណាម្នាក់ហៅនាយខាត់ស្បែកជើងឡើយ។ កំលោះ បាក់ពោះក្រហេត មិនបានហូបអ្វីសោះតាំងពីព្រលឹមកម្ល៉េះ។ ក្នុងរូបរាងស្គមស្គាំងស្លេកស្លាំង ទឹកភ្នែកផ្តើម​រលីងរលោង ពុកអើយ! ពេលនេះ កូនអត់បាយក្រហាយទឹក កូនអាចស៊ូទ្រាំបាន។ កូន​មិនបានទៅរៀនសូត្រដូចគេក៏កូនមិនតូចចិត្តដែរ តែកូនមិនអាចអត់ពុកបានទេ?មា​ណបក៏ ងាកឆ្វេង ងាកស្តាំ ទំនងជាគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នាយឡើយ។ ភ្លាមនោះ មាណពសម្លឹងឃើញកាបូបលុយមួយដែលស្ត្រីអ្នកមានធូរធារម្នាក់ធ្វេសប្រហេសដាក់នៅក្រោយខ្នង ក្នុងខណៈញ៉ាំអាហារជាមួយក្រុមគ្រួសាររបស់គាត់។
ស្ទុះវឹង ឆក់ភ្លាត សម្រែកបានស្រែកឡើយ ចោរ! ជួយផង ចោរ ចោរឆក់កាបួកខ្ញុំ​
មាណពអស់លក្ខណ៍ធ្លាក់ខ្លួនជាប់ជុច ហំព័ទ្ធដោយយុវជនមាឌធំៗ ឯងចោរហេ! ផាច់ៗៗៗៗបងធំទាត់ធាត់យ៉ាងដំណំគ្មានបង្អង់ដៃ។
ឱមនុស្សលោកអើយ! ហេតុអ្វីបានជាឃោរឃៅខ្លាំងម្ល៉េះ? គ្មានមេត្តាសោះចំពោះ​មនុស្សដូចគ្នាបែបនេះ មើល៍ចុះ គ្នាដង្ហើមចង្រិតទៅ​ហើយ! គួរអោយអាណិតណាស់។!​ តើ​ឪពុកម្តាយគេទៅណាហើយ? ហេតុអ្វីគ្មានអ្នកណាម្នាក់ជួយអន្តរគមសោះអញ្ចឹង? វាសនា​ឈរសម្លឹង ដោយអារម្មណ៍រន្ធត់ក្រៃលែង ក្នុងខណៈពេលដែលនាងដើរកំសាន្ត​ជាមួយ​ណារី តាម​ឆ្នេរទៅឆ្ងាយពីក្រុមរបស់គេ។
ណារី! ឯងមានអារម្មណ៍យ៉ាងម៉េចដែរ។ គ្នាដូចជាអាណិតគេណាស់។ នេះ​គ្នាគិតថា​គួរតែធ្វើអ្វីម៉្យាងដើម្បីមនុស្សជាតិហើយ។
វាសនាៗ ឯងឆ្កួតទេដឹង។ណារីបានឆ្លើយតប។
-“វាមិនមែនជារឿងរបស់ឯងទេ! កុំទៅខ្វល់ច្រើនអី។ ក្បាលអ្នកណាសក់អ្នកហ្នឹង! មាន​ហេតុទើបមានផល។
-តែនេះ​យើងមិនទាន់ដឹងថា រឿងវាកើតឡើងយ៉ាងម៉េចនោះទេ!
-ឯង​មិនឮទេអី! វាគឺជាចោរ។ បើវាពុំឆក់កាបូបគេទេ នោះគ្មានអ្នកណាគេវ៉ៃវា​ឡើយ។
តែគ្នាមានអារម្មណ៍ថា ពេលខ្លះសង្គមពិតជា អយុត្តិធ៌មណាស់ចំពោះអ្នកក្រ និង​មនុស្ស​ស្លូត​ត្រង់ ហើយបើគាត់ជាចោរមែន មិនគួព្រួតគ្នាវ៉ៃទាំងកំរោលអញ្ចឹងដែរ។ គាត់​ក៏​មាន​សិទ្ធិរស់​រានមានជីវិតដូចយើងដែរ។ ឯងមើលចុះអាយុប្រហែល១៥ឆ្នាំប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា នោះ​ប្រហែលជា​ ​មានអ្វីបង្ខំគេអោយគេលួចហើយ។ អុញ! គេសន្លប់​ហើយ​។ ​វាសនាបានរត់យ៉ាងលឿន​សំដៅទៅក្រុមរបស់គេ។
វាសនា! ចាំគ្នាផង! ណារីរត់តាមពីក្រោយ។
គ្នាទៅមុនឯងហើយ!វាសនារត់គ្មានងាយក្រោយ។
វាសនាធ្លាប់តែស្រគត់ស្រគំមិនចូលចិត្តលេងសើចច្រើនទេ​ តែនាងមានចរិតបែរជា​ចូលចិត្តអានសៀវភៅប្រលោមលោក និងសៀវភៅចំណេះដឹងទូទៅ។ ប្រហែលការអាន​ទាំង​នេះ​ហើយ ដែលនាំអោយនាងមានការយល់ដឹងពីសង្គម និងជីវិត។ នេះ​ជាមូល​ហេតុដែល នាង​តែង​តែចូល​ចិត្តឈឺឆ្អាលរឿងគេ​​ ដែលការណ៍នេះ​បានធ្វើអោយ​មិត្តភក្តិជា​ច្រើន​រិះ​គន់។ ​ក្នុងសភាពត្រ​ហេបត្រហបរត់ទៅដល់ក្រុមយុវកំព្រា វាសនា លុតជង្គុង​លើក​ដៃសំពះពូរ៉ប  ពូរ៉បៗ
មានរឿងអី ពូរ៉បស្រឡាំងកាំង។
សូមពូជួយក្មេងដែលគេកំពុងធ្វើបាបនោះផង! ខ្ញុំអាណិតគេណាស់! បើពូមិនទៅ​ជួយទេ គេនឹងស្លាប់មិនខាន វាសនា បានចង្អុល។
ណារី រត់មកទាន់ហើយបន្ទរពីក្រោយ​ទំនង វាគ្មានឪពុកម្តាយទេ។ គេវ៉ៃវាសន្លប់​ហើយ។
ការណ៍ឮដូច្នោះ ពូរ៉បតក់ស្លុតយ៉ាងខ្លាំង ហើយក៏បណ្តោយទៅតាមវាសនា និង​ណារីអូសដៃ។ ដោយគាត់ជាជនសប្បុរសធ៌ម ដែលធ្លាប់តែជួយឧបត្ថម្ភក្មេងកំព្រា និងស្វែង​រកឪពុកម្តាយធ៌មសម្រាប់ក្មេងកំព្រាស្រាប់ផង គាត់ក៏ពេញចិត្តនឹងទៅ។ សូមជម្រាបថា ពូរ៉បមិនមែនខ្មែរទេ។ គាត់ជាជនជាតិអាមេរិកកាំងមកពីហាវ៉ៃ តែគាត់មាននិស្ស័យអា​ណិត​ខ្មែរណាស់។ នេះមកពីខ្មែរពុំសូវចេះស្រលាញ់ខ្មែរខ្លួនឯង។អត់ទោស ប្អូនៗ តើមានរឿង អី?
វាគឺជាចោរ។អាមាឌធំឆ្លើយ។
សំណាងបានដឹងខ្លួនខំប្រឹងងើបមុខឡើងលើកដៃញ័រៗសំពះអង្វរបងអើយកុំធ្វើ​បាបខ្ញុំ។ ពូអើយ ជួយខ្ញុំផង។
តើវាលួចអ្វីគេ?ពូរ៉បសួរទៀត។
វាឆក់កាបូបលុយគេ។ វាសមតែនឹងស្នាប់។អាម្នាក់ទៀតបានគំហកដាក់។
ប្អូនអើយលែងវាទៅ! វាមិនដឹងអីទេ! ពូរ៉បដកដង្ហើមធំ។
អ្នកឯងកុំចេះ! អាមាឌធំសម្លឹងមុខពូរ៉បយ៉ាងមាំ
-ជើ! បើចង់អោយវារួចខ្លួនតើមានអ្វីថ្នូរ?
-តើប្អូនចង់បានអ្វី?
-អាម្នាក់ទៀតឆ្លើយភ្លាម តុះ! ពួកយើង១០០ដុល្លា ផឹកយប់នេះ យ៉ាងម៉េចដែរ?
ហាស! មានទេ​១០០ដុល្លាអាមាឌធំញាក់់ភ្នែកដាក់។
កុំថាឡើយ១០០ដុល្លា ទោះជាថ្នូរមានតម្លៃលើសហ្នឹងពីរឬបីដងទៀត ក៏ពូរ៉បហ៊ានចំ​ណាយដែរ ព្រោះតែនិស្ស័យជួយសង្រោះមនុស្សដើម្បីមនុស្សដូចគ្នា។ គេជាមនុស្សដែរ ហេតុអ្វីគេមិនយោគយល់ដល់មនុស្សដូចគ្នាសូម្បីតែក្មេងសោះអញ្ចឹង! តើសិលធ៌ម និង​ការ​អធ្យាស្រ័យបាត់ទៅណាអស់ហើយក្នុងសម្បជញ្ញៈខ្មែរ? ពូរ៉ប ទាញកាបូប​ចេញពី​ហោ​​ប៉ៅ​ចំហៀងខោខ្លីរបស់គាត់ទាញយកលុយក្រដាស៥០ មួយសន្លឹក និង​១០ ប្រាំសន្លឹក​ទៀត​ហុចទៅពួកគេដោយនិយាយថា អរគុណប្អូនប្រុស
-តុះ! ពួកយើង។
សំណាង វិះនឹងអស់ជីវិត ដែលយមបាលត្រៀមខ្លួនអូសចូលទ្វារឋាននរកទៅ​ហើយ។ ឥឡូវនេះ មាណពបានរួចផុតពីក្រញ៉ាំដៃក្រុមអន្ធពាល។
ម៉ោងប្រាំមួយគត់ សាយ័ណ្ហ ​ចាប់ផ្តើមពាសស្រមោលខ្មៅជាស្បៃអន្ធកាល។ ឯ​លោក​សុខ ណាក់ ដេក​ហៀរ​ទឹកភ្នែក ខំប្រឹងកម្រើកខ្លួន​ម្តងឆ្វេងម្តងស្តាំទើប​ស្រវេ​ស្រវា​អង្គុយ​ទម្លាក់​ជើងទៅ​ជំហៀង​គ្រែ ហើយ​បែរមុខទៅមាត់ទ្វារ។ សំណាងកូន! ពុកដឹង​ថាកូន​ធុញ​ទ្រាន់នឹងការថែទាំ​ពុកហើយបានជាថ្មើរណេះកូនមិនទាន់ចូលផ្ទះសោះ។ នេះប្រហែល​ជា​កូន​កំពុងរត់លេងភ្លេច​ខ្លួន ភ្លេចម៉ោង ភ្លេចពុកហើយ។
មើលចុះ លោកសុខ ណាក់ស្គម ខ្លាំងណាស់។ ស្បែកដណ្តប់ឆ្អឹង។ សក់ស្កូវព្រោង។ អង្គុយកោងខ្នង ទឹកភ្នែកហូរអោយរហាម ខឹងសំណាងយ៉ាងខ្លាំង។
....................
សំណាង កំពុងត្រូវបានយុវកំព្រា យកចិត្តទុកដាក់យ៉ាងខ្លាំង។ ខ្លះរៀបចំតុ កៅអី ចាន ស្លាព្រា។ ខ្លះរត់យកបាយម្ភូបចំណឹ និងទឹក។ល។ តែសំណាង បែរជាហូរទឹកភ្នែក​ទៅវិញ។
          -ពុកអើយ! តើពុកយ៉ាងម៉េចហើយ? កូនសូមទោស ដែលកូនពុំមានលទ្ធភាពរក​ប្រាក់​​ទិញថ្នាំអោយពុក!
          តើឯងកើតអីហ្នឹង បានជាឯងយំ ឯងមានរឿងអ្វីលាក់ក្នុងចិត្តឬ?ពូរ៉ប ​បាន​សួរ​ក្នុងខណៈឃើញដូច្នេះ។
          ឯងប្រាប់ពូទៅអូន! យុវកំព្រាបានបន្ទរ។
          សំណាងយំបណ្តើរនិយាយបណ្តើរ ខ្ញុំដឹងថា ការឆក់កាបូបគេវាគ្រោះថ្នាក់ណាស់ ហើយសង្គមមនុស្សស្អប់ខ្ពើមបំផុត តែពូអើយ! បងអើយ! ថ្ងៃនេះខ្ញុំគ្មានលុយមួយរៀលទេ។ បើខ្ញុំមិនធ្វើបែបនេះ ខ្ញុំគ្មានលុយទិញថ្នាំអោយពុកខ្ញុំទេ។ គាត់ពិតជាស្លាប់មិនខាន!
          តើពុកឯង គាត់នៅឯណាឥឡូវនេះ? ពូរ៉បចាប់អារម្មណ៍។
          -គាត់ដេកឈឺនៅផ្ទះនៅក្បាលស្ពានឯណោះ។
          សំណាង ពិតជាកតញ្ញូណាស់។ យុវកំព្រារលីងរលោងទឹកភ្នែកស្ទើរគ្រប់ៗគ្នា។ មហា​​ព្រហ្ម​ហាក់គ្មានមេត្តាដាក់ទណ្ឌកម្មអ្វីម្លេះចំពោះគេ។
តុះ! នាំពួកយើងទៅពូរ៉បឧទានឡើង។
ខ្ទមស្លឹកកំសត់ដំបូលប្រក់មេឃជញ្ជាំងធ្លុះធ្លាយជាប់នឹងក្បាលស្ពានដែកឆ្លងព្រែក​
ទឹកសាបតាមផ្លូវទៅផ្ទះសំណាក់លើភ្នំអូត្រេះ សម្រែក​ស្រែកសន្ធឹក​ភ្លាត់ សំឡេង​បាន​ចេញ​ពី​សំណាងៈ
- ពុទ្ធោ ពុក! ជួយពុកខ្ញុំផង។
លោកសុខណាក់ ដេកស្ដូកស្ដឹងសន្លប់បាត់ស្មារតី។ កំសៀវ កែវទឹក ធ្លា​ក់​បែក​រាយ​ប៉ាយ។ កៅអីដួលរលំនៅម្ដុំជើងតុ សភាព​ហាក់​បីដូច​ជាព្យុះ​សង្ឃរា​បោកបក់ឆក់​យក​ខ្សែ​សង្ខារ​តាចាស់រូបនេះ។ សំណាងរត់ទៅបីត្រកងឪពុក ពុកដឹងខ្លូនឡើង ពុក!សំណាង​អង្រួន​ឪពុកញាប់រន្ធើន យំទឹកភ្នែកហូររហាម ហ៊ីៗៗៗៗៗ......ពុកដឹងខ្លួនឡើងពុក! ពុក! កុំទៅចោលកូនអី យកកូនទៅផងពុក!
សំឡេងដង្ហើយហៅលាយឡំ​ទឹកភ្នែកហូរធ្លាក់ជោគជាំលើផ្ទៃមុខលោក​ សុខ ណាក់​ហាក់ដូចជាទឹកសន្សើមជួយផ្សើមឱ្យសត្វ ដែលសន្លប់បាត់ស្មារតី បានរស់ឡើងវិញ។ លោក សុខណាក់ ខំបើកភ្នែករឹមៗសម្លឹងមុខកូន ខំប្រឹងនិយាយទាំងសភាពញ័រៗកូនពុក កូនមកហើយឬ?’
-បាទ ពុក កូនសំទោសដែលមកយឺត
លោក សុខណាក់ ទាញដៃសំណាង មកដាក់លើទ្រូងជាមួយក្រដាសមួយសន្លឹក ខ្ចប់ដោយ​នាមប័ណ្ណ  ក្អកយ៉ាងខ្លាំងកូនសំលាញ់ ពុកមិន​អាច​នៅថែ​ទាំ​កូនត​ទៅ​ទៀត​បាន​ទេ
-ពុកកុំខំនិយាយអីពុក! ពុកមិនស្លាប់ទេ!
-សំណាង អត់ផ្លូវទេកូន
-ពុក..............ហ៊ឺៗ....................។​ សំណាងទ្រហោរយំកាន់តែខ្លាំង។
-កូនមាសឪពុក! ឯង​ កុំភ្លេចទៅរកអ៊ំឯងតាមអាសយដ្ឋាននេះ។         មុខផ្អៀង​ធ្លាក់​ទៅ​ជំហៀងក្នុងដៃបីត្រកងរបស់សំណាង លោក សុខ ណាក់ លាចាក​លោក​នេះ​ទៅហើយ។
-ពុទ្ធោពុក ពុកខ្ញុំស្លាប់ហើយ ពុកៗៗៗៗៗ.......................
សំណាងយំសោកឱបសពឪពុកស្ទើររីងទឹកភ្នែក។ យុវកំព្រា ស្រក់ទឹកភ្នែក​គ្រប់ៗ​គ្នា។ ពូរ៉បអង្អែលស្មាលួងលោមសំណាង សំណាងក្មួយ កាត់ចិត្ដទៅក្មួយ ។ គាត់​ទៅ​កាន់​បរលោក ផុតទុក្ខហើយក្មួយ។ ក្មួយត្រូវគិតពីសុខភាពខ្លួនឯងវិញទើបល្អ។ ក្មួយ​កុំ​បារម្មណ៍​អ្វី ចំពោះសពឪពុកក្មួយ ចាំពូជួយចាត់ចែងធ្វើបុណ្យឱ្យ
អរគុណពូសំណាងលើកដៃសំពះដោយគោរព។

No comments:

Post a Comment