Wednesday, April 3, 2013

រឿងព្រហ្មលិខិត-ភាគទី២


និពន្ធដោយ ទី ធាវី
វាសនាស្រពោន
          ចោមចៅនៅជាយក្រុងភ្នំពេញ។ ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីយប់មិញ​ អរុណោទ័យ​​មាន​ពន្លឺភ្លឺត្រកាល។ រុក្ខជាតិ និងផ្កាក្នុងសួនរីកស្រស់បំព្រង។ ម៉ោង៦.០០ព្រឹក ស្នូរជួង ម៉ឺងៗៗៗៗ បានឮសូររណ្តំ ឆ្លងកាត់ចេញពីអាគារបាយ ចំកណ្តាល​មណ្ឌល​ពន្លឺ​អនាគត​កុមារ​ ទៅដល់អគារខាងក្រោយដែលយុវកំព្រាស្នាក់នៅ។
          ម៍ៗ ពួកយើង! លោកគ្រូមកហើយ។យុវកំព្រា ជាមួយកាបូបសំលៀកបំពាក់​សំពីង​សំពោងនាំគ្នាដើរមកតម្រង់ជួរតាមក្រុមនីមួយៗដោយទឹកមុខសប្បាយរីករាយ។
          សួស្តី! កូនៗទាំងអស់គ្នា!អ្នកស្រីផល្លីប្រធានមណ្ឌលក្មេងកំព្រានេះ និយាយ​ទៅ​កាន់​​​ក្មេងកំព្រាទាំងនោះ។
          ថ្ងៃនេះ ពូរ៉ប ឪពុកធម៌របស់រស្មីនឹងនាំកូនៗទាំងអស់គ្នាទៅលេងក្រុងព្រះសីហនុ។ ដូច្នេះ កូនៗត្រូវមានសណ្តាប់ធ្នាប់ល្អ ត្រូវមានវិន័យសមរម្យជាពលរដ្ឋថ្លៃថ្នូ ឮទេ?
          ច៎ា/បាទ!យុវកំព្រា លើកដៃសំពះឆ្លើយព្រមគ្នាដោយសេចក្តីគោរព។
          ពូរ៉ប ម្ចាស់ជំនួយ ជាតិអាមេរិកាំង​ ឈរក្បែរលោកគ្រូអ្នកគ្រូ។ គាត់​និយាយខ្មែរ បាន​ប៉ៃ​ឡាំ​ៗរដាក់រដុប យើង ត្រូវប្រយ័ត្នប្រយែង ត្រូវចេះគ្រប់គ្រង​កូន​ក្រុម​ខ្លួន​ឯង​អោយ​បាន​ម៉ត់ចត់។ ការពារប្រសើរជាងព្យាបាល។ នេះគឺជាសុវត្ថិភាពក្នុងដំណើរ​កំសាន្ត​របស់ យើង​។
មួយទៀត វាគឺជាកតព្វកិច្ច​របស់យើងក៏ដូចជាពលរដ្ឋទូទៅផងដែរ។ យើងទាំងអស់ គ្នា ត្រូវចេះរក្សាបរិស្ថានអោយបានស្អាតល្អ មិនត្រូវចោលកាកសំណល់រាយប៉ាយនៅទី កំសាន្ត​​​ទេ។លោកគ្រូបានចូល​រូមប្រាប់ដល់សិស្សមុនចេញ​ដំណើរ។
ក្មួយៗដឹងទេ? ខែវស្សានេះ សមុទ្រកំពុងសោម មានរលកធំៗណាស់។ ដូច្នេះ មិន​ត្រូវ​ហែទៅជ្រៅទេ!ពូរ៉បបានបន្ថែម។
........................................................................................................
រថយន្តក្រុង៤៥កៅអី បានចេញដំណើរនៅម៉ោង៦.៣០នាទីព្រឹក សំដៅ​ក្រុងព្រះ​សីហនុ ត្រូវចំណា​យរយៈពេលអស់៤ម៉ោង។ នៅលើរថយន្ត យុវកំព្រាគ្មានកង្វល់​អ្វី​បន្តិច​សោះ​ឡើយ។ ពួកគេទះដៃ ហ៊ោរកញ្ជ្រៀវ គយគន់មើលទេសភាព​ ដ៏ស្រស់ត្រកាល​តាម​បង្អួច​រថយន្ត។ គេមានសេចក្តីសុខណាស់។ ពួកគេពុំដែលបានចេញពីមណ្ឌល ហ្វឹក​ហ្វឺន​នេះ​​អស់​ជាច្រើនខែ។ កាលនៅក្នុងមណ្ឌល ពួកគេគ្មានពេលណានិយាយស្តីលេងសើច​ច្រើន​​ទេ។ ពួកគេគិតតែពីខំរៀនសួត្រ។ ប៉ុន្តែថ្ងៃនេះ ពួកគេលេងអោយអស់ដៃម្តង គឺគេ​ចែក​គ្នានិយាយរឿងកំប្លែងពីនេះពីនោះមិនចេះចប់។ យុវកំព្រាម្នាក់បាននិយាយៈ
មានមីង​ម្នាក់ចូលចិត្តធ្វើបុណ្យណាស់។ គាត់គិតថាត្រុវសន្សំកុសលអោយ​បាន​ច្រើន​​​សំរាប់ជាតិ​ក្រោយ​​​នៃជីវិតគាត់។ ថ្ងៃមួយ គាត់បានរៀបចំម្ហូបអាហារយ៉ាងឆ្ងាញ់ នឹង​យក​ទៅប្រគេន​ព្រះចៅអធិការវត្តនៅម៉ោង១១ព្រឹកនេះ។ ភ្លាមនោះ អាចយ កូនរបស់​មីង​នោះ បានមកពី​រត់លេង។ ដោយឃ្លានបាយពេក វាក៏បើកម្ហូបដែលគ្របទុកនោះឆី។ មីង ផាន់ ម្តាយអាចយក្រឡេកឃើញបែបនេះ។ គាត់ខឹងខ្លាំងណាស់។ គាត់ស្រែកជេរ​កូនថា អា​ចោររបាលយក៏ ម្តេច​ក៏ឯងឆាន់មុនលោក លោកមិនទាន់ទាំងច្រាសច្រំផង។ សំឡេង​សើច​​កខឹកកើតមានឡើងពេញក្នុងឡាន ព្រោះពួកគេហួសចិត្តនឹងម៉ែអា ចយ ​ដោយ​គាត់​ខឹង​កូនពេកបែរជា និយាយខុស។ យុវកំព្រាបានបន្តៈ
មីងនោះក៏យកម្ហូបថ្មីទៅប្រគេនព្រះសង្ឃ។ ខណៈគាត់កំពុងថ្វាយបង្គំចៅអធិការ​វត្ត​បម្រុងនឹងប្រគេនអាហារទៅព្រះសង្ឃនោះ អា ចយ បានទៅដល់ផង​ដែរ​ ព្រោះវាបាន​រត់​តាម​ក្រោយ។ នៅនឹងកន្លែងមុខព្រះអធិការ មីងផាន់ បានក្រឡេកឃើញ អា ចយ ស្រាត​នន​លគក។ គាត់ក៏លាន់មាត់យកដៃគោះទ្រូងថា លោកអើយលោក! ម៉េចក៏មិនស្លៀកខោ។ ភ្លាម​នោះ ព្រះចៅអធិការមានសង្ឃដិកាតបយ៉ាងរហ័សថា អត្មាពិតជាមិនហ៊ានស្លៀក​ទេ ព្រោះ​ខុសនឹងវិន័យសង្ឃ។​សំឡេងសើចក្អឹលម្តងទៀត។ រីឯអ្នកនិយាយបានបន្តៈ
ស្អែកឡើង ចៅអធិការអង្គនោះត្រូវនិមន្តទៅបុណ្យសង្ឃទាននៅផ្ទះគេឆ្ងាយពី​វត្ត។ តាម​ផ្លូវទៅផ្ទះបុណ្យ ព្រះអង្គត្រូវនិមន្តឆ្លងកាត់ទំនាបអូរមួយ។ ដោយស្ងាត់កំបាំង និង​ដោយ​​​ចៃដន្យផង អង្គនោះបានប្រទះឃើញដើមកន្ទួតមួយដើមមានផ្លែប្រក់មែក។ ព្រះអង្គ​​ក៏នឹក​ឃ្លាន ហើយងាកឆ្វេងងាកស្តាំ ទំនងជាគ្មានគេឃើញ ក៏សម្រេច​ចិត្ត​ឡើង​ដើម​កន្ទួត​នោះ ដើម្បីបេះឆាន់។ ហៀបនឹងឈោងព្រះហស្តបេះ សំឡេងបុរស និងនារី បាន​ចេញ​ពី​ព្រៃ​​​គម្ពោត បងសម្លាញ់ អូនពិបាក់ចិត្តណាស់។ ឥឡូវនេះម៉ាក់ ប៉ា អូន ពួក​គាត់​បាន​ដឹង​រឿង​​យើងអស់ហើយ។” “អូនកុំព្រួយពេក! នរណា​នៅលើ អ្នកនោះ​ត្រូវ​ទទួល​ខុស​ត្រូវ។ ​ចៅ​​អធិ​ការ ឮភ្លាម ភ័យស្លន់ស្លោស្រែកឆ្លើយតបវិញថា​ទេ! អត្មាមិនដឹងអីទេ។ ថាហើយ ព្រះ​អង្គ​ក៏​លោត​ចុះ និងនិមន្តដើរបន្តរហូតដល់ផ្ទះបុណ្យ។ ក្រោយពីសូត្រមន្ត និងវេរភត្ត​​​រួ​ច​រាល់ ព្រះអង្គត្រូវបានរៀបចំឆាន់នៅទីនោះ។ ដោយម្ចាស់បុណ្យជាអ្នកមានធូរធារ ចង្ហាន់​ត្រូវ​បានរៀបចំ​យ៉ាងល្អ។ ​ក្នុងនោះយើង ​ឃើញមាន​សាប៊ូព៌ណ​បាន​រចនាឆ្លាក់​យ៉ាងស្អាត​ក្នុង​​​គោល​បំណង​អោយសង្ឃអង្គនោះ លាងដៃ​នឹងសាប៊ូ ​ដើម្បីអនាម័យ​ មុននឹង​ឆាន់​​​អា​ហារ។ ផ្ទុយ​ទៅ​​វិញ ចៅអធិការ ពុំបានចាប់អារម្មណ៍ថា ជាសាប៊ូទេ។ តែបែរជាគិតថា វាជា​បង្អែម​ទៅវិញ។​ ក្រោយពីព្រះអង្គ​ឆាន់អាហាររួច ក៏លើកយកបង្អែមនោះ ឆាន់​ដាក់​ចូល​ក្នុង​មាត់។​ ភ្លាមនោះ ម្ចាស់ផ្ទះក្រឡេកឃើញក៏ស្រែកឡើង!តេជគុណ!......សាប៊ូទេតើ?ចៅ​អធិការ​​ហួស​ចិត្តខ្មាស់អៀនយ៉ាងខ្លាំង មិនដឹង​ឆ្លើយ​ដូចម្តេចក៏មានសង្ឃដិកាឆ្លើយតបថាអត្មា​​ដឹងដែរតើ! តែទម្លាប់អត្មាអោយតែឆាន់​បាយហើយតែងតែយកសាប៊ូលាងបំពង់ក!
សំឡេងគគ្អឹលកើតឡើងជាច្រើនពុំសូវដាច់ ធ្វើអោយបរិយាកាស ក្នុងរថយន្តនៃ​ដំណើរ​កំសាន្តនេះ គ្មានអ្នកណាម្នាក់ងងុយគេងឡើយ តែទោះជាយ៉ាងនេះក៏ដោយ វាសនា ពុំបានសើចកក្អិកដូចយុវកំព្រាដទៃទៀតទេ។ យុវតីរូបនេះ មានទឹកមុខស្រពាប់ស្រ​ពោន​ក្រៀម​ក្រំ ហាក់មានអាថ៌កំបាំងអ្វីម៉្យាងក្នុងជីវិត។
នែ! វាសនា ម្តេចក៏ឯងមិនសើចសោះអញ្ចឹង?ណារី ដែលអង្គុយនៅជាប់នាងបាន​អង្រួនស្មា។
-តើឯងមានរឿងអី?
-ខ្ញុំគ្មានរឿងអ្វីទេ!
ទោះជា វាសនា ពុំហាស្តី និយាយការពិតណាយ៉ាងក៏ដោយ​ តែការណ៍នេះបាន​បង្ហាញថា មាណវី ពិតជាមានរឿងលាក់ក្នុងចិត្ត។ ភ្លាមនោះសំឡេងហោរ កញ្រៀវ​បាន​ស្រែក​ឡើង។ហេ! ដល់ហើយ!

No comments:

Post a Comment