Friday, October 5, 2012

ជី ផាត ជាតំបន់អេកូទេសចរណ៍គំរូសម្រាប់ការអភិរក្ស និងលំនឹងបរិស្ថាន




ដោយទី ធាវី (សម្រាប់ទស្សនាវដ្តី កេរដំណែលខ្មែរ)

ម៉ោង៦គត់ព្រះសុរិយាលូនចូលទ្រនុំកប់បាំងបាត់ចុងព្រៃព្រឹក្សា។​​ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្ត​​​កោះកុង ជីផាត ជាភូមិតូចមួយឆ្ងាយដាច់ស្រយ៉ាល​នៅចំកណ្តាលបេះដូង​នៃជួរ​ភ្នំក្រវាញ​​ខាងត្បូង។​ នៅប៉ុន្មានឆ្នាំមុននេះ ភូមិដែលជាប់នឹងព្រៃមួយនេះ មានទៅដោយ​​សំណង់​ផ្ទះ​ចាស់ៗនិងប្រលូក​ប្រឡាក់ដោយធូលីដីក្រហមដែលសំណង់ផ្ទះភាគ​ច្រើនទាំង​អស់នោះបន្សល់ទុកពីជំរុំនៃតំបន់អាណាធិបតេយ្យសម័យកាប់បំផ្លាញ់ព្រៃឈើនាទសវត្យរ៍ឆ្នាំ១៩៩០។

មួយរំពេច​សោះ សភាពស្ងាត់ជ្រងំហាក់បីដូចជាផ្លុំដោយខ្យល់យ៉ាងខ្លាំងរសាត់បាត់។ ប្រជាជន​​​​​​ដែល​គ្រានោះនៅតែប្រកបបរបាញ់ រានព្រៃធ្វើចម្ការពនេចរ​ បច្ចុប្បន្នកំពុង​តែសារទរ​​​ជាមួយទេសចរអន្តរជាតិដែលផ្តុំគ្នាមកកំសាន្តនៅភូមិរបស់ខ្លួន។

ជារៀងរាល់ថ្ងៃភ្ញៀវបរទេសមិនដាច់បានចុះពីលើរយន្តក្រុងវិរៈបុនថាំ។ ម្នាក់ៗដែលមាន​សាក់​កា​ដូសម្ពីងសម្ពោង​ និខ្លះទៀតមានកាន់ដោយ​សៀវភៅ​​មគ្គុទេសក៍​ Lonely planet បានឈប់រកមើលទូក​សហគមន៍​នៅគល់ស្ពានអណ្តូងទឹក​ឬសួរក​ម៉ូតូឌុប​ដើម្បី​ទៅកាន់​ភូមិ​មួយនេះ។

លោកព្រុំ ហឹង ជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានមានប្រសាសន៍ថា ជីផាត​មានទេចរច្រើនណាស់មកកំសាន្តនៅឆ្នាំចុងក្រោយនេះ។ ខែខ្លះមានរហូត​ដល់​៤០០​នាក់ឯ​ណោះ។
ជាការពិតណាស់ ដោយស្របទៅនឹងចប្ចុប្បន្នភាព ពិភពលោកបានកំពុងយកទុកដាក់លើ​បញ្ហាបរិស្ថាន និងការកើនឡើងនូវកំដៅថ្ងៃ ជាពិសេសគឺការបម្រែបម្រួលអាកាសធាតុ រាជ​រដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ផងដែរ។
លោក នាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងសន្ទរករបស់លោក​ពីគោល​នយោ​បាយ​របស់​កម្ពុជា​ថា​ការ​អភិវ្ឍន៍គឹយើងមិនចោលការអភីរក្សទេ។ ជាស្តែងលោក​ធ្លាប់​បាន​លើក​យក​​អំពីតំបន់​ព្រៃអារក្ស ជាពិសេសតំបន់មឈូស និងពាងបុរាណរបស់​សហគមន៍​អេកូទេសចរណ៍​​ជីផាតនេះចាំបាច់ត្រូ​វមានការអភិរក្ស។​ សន្ទរកថារបស់លោកនេះបានធ្វើឡើងក្នុងសន្និបាទបូក​សរុបការងារទេសចរណ៍​ដែលបាន​រៀបចំដោយក្រសួងទេសចរណ៍កាលពីឆ្នាំ២០០៩នៅសាលចតុមុខកន្លងទៅនេះ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានមានប្រសាសន៍​នៅ​មណ្ឌល​ព៌តមានសហគមន៍អេកូទេសចរណ៍ជីផាតខណៈក្រុមតន្ត្រីរបស់លោកបានកំពុងប្រគុំនិងច្រៀងជូនប្រជាសហគមន៍នៅឆ្នាំ២០១១ថា នៅថ្ងៃខាងមុខ តំបន់អេកូទេសចរណ៍កម្ពុជា នឹងមានភ្ញៀវជាតិ និងអន្តរជាតិ​មកកំសាន្តយ៉ាងច្រើន​។ ជាការរំពឹងទុក វាអាចមាន​ចំនួនច្រើនជាលំដាប់ទី២បន្ទាប់តំបន់ទេសចរណ៍វប្បធ៌មអង្គរវត្ត។ ពីព្រោះភាគច្រើននៃ​ទេសចរចាប់ផ្តើមចាប់អារម្មលើបញ្ហាបរិស្ថានជាពិសេស។

មិនយូរប៉ុន្មានផង ជីផាតបានចាប់ផ្តើមល្បីរល្បាញថាជាតំបន់ព្រៃបៃតងនៃក្រវាញខាងត្បូង​ដ៏ស្រស់ប្រណិតដែលមាន ជីវចម្រុះ ប្រវត្តិរឿងតំបន់ និងវប្បធ៌មគួរជាទីទាក់ទាញ។
លោក ចេក ស្មិត ជាទេចរជាតិអង់គ្លេស បានសសេរ ក្នុងប្លក់របស់គាត់ បន្ទាប់​ពីបានមកកំសាន្តនៅជីផាតថា ជីផាត ជាតំបន់អេកូទេសចរណ៍ល្អណាស់​សម្រាប់លោក​បានដើរឆ្លងកាត់ព្រៃបៃតង ស្នាក់នៅជំរុំក្នុងព្រៃ និងបានមើលសត្វ​ព្រៃជាច្រើន​ប្រភេទដូចជា សំពោច កងកេង ឈ្លូស ខ្លាត្រី ជ្រូកព្រៃ ដំរី និង ស្វា និងឭសំឡេងទោ និងរៃយំ។ យ៉ាងហោចណាក៏ឃើញដានជើងរបស់វាផងដែរ។

លោក ព្រុំ ហឿង បានមានប្រសាសន៍ទៀតថា នៅទីនេះ មានតំបន់ទាក់ទាញរហូតដល់​១៥កន្លែង។ ៥កន្លែងជាប្រភេទទីកជ្រោះនិង ៣កន្លែងប្រភេទជាដំណើរកំសាន្តផ្លូវឆ្ងាយ​ចំងាយប្រហែល៥០ គីឡូម៉ែត្រដោយកងឡើងភ្នំ ឬថ្មើរជើង​ ប្រភេទដំណើរកំសាន្តជិះ​ទូក​មើល​​សត្វ​ព្រៃក៏មាន និងជិះទូកកាយ៉ាកក៏មាន។ លើសពីនេះទៀត ជីផាតគឺ​កន្លែង​ប្រវត្តិ​សាស្ត្រ និងវប្បធ៌ម គឺថាជីផាតយើងខ្ញុំ មានតំបន់មឈូស និងពាងបុរាណ​ជាច្រើន​កន្លែង។

លោក​ យ៉ាន វាសនា ជាមន្ត្រី អភិវឌ្ឍន៍ជំនួញសហគមន៍អេកូទេសចរណ៍ជី ផាត កំពុង​សម្រប​សម្រួលភ្ញៀវ បានមានប្រសាសន៍ថា​ គម្រោងអេកូទេសចរណ៍នៅជីផាតនេះ ចាប់​ផ្តើម​តាំងពីចុងឆ្នាំ២០០៧ ដែលបានជួរគាំទ្រពីអង្គការសម្ពន្ធមិត្តសត្វព្រៃ។ បច្ចុប្បន្ននេះ សកម្មភាព​​សហគមន៍អេកូទេសចរណ៍ជីផាតនេះបាន​ជួយការពារធនធានធម្មជាតិ វប្ប​ធ៌ម​ក្នុង​តំបន់និងបាន​បង្កើតអោយមានការងារធ្វើ​ដែលជាឱកាសរកប្រាក់ចំណូល​ដល់​ប្រជា​ពលរដ្ឋ​​តាមរយៈការភិវ្ឍន៍ផលិតផល សេវាកម្ម និងសកម្មភាព​ផ្សេងៗ។ ជា​ពិសេសផ្តល់​​ជំរើស​ចិញ្ចឹមជីវិតដល់អ្នកដែលមានមុខរបរខុសច្បាប់ មាន​ដូច​ជាអ្នកបរ​បាញ់​សត្វ អ្នក​កាប់​ឈើ និងអ្នកប្រមូលអនុផលព្រៃឈើជាដើម។ មិនតែប៉ុណ្ណោះ សកម្មភាព​អេកូ​ទេស​ចរណ៍​នៅជី ផាតនេះបានជួយចែករំលែកការចញ្ចឹមជីវិតដល់គ្រួសារក្រីក្រ និងបានជួយអោយ​ប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធសហគម៍និងសេវាសេវាសាធារណៈ។

No comments:

Post a Comment