និពន្ធដោយ ទី ធាវី
សែនកំសត់
ព្រលឹមស្រាងៗ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ទឹកសមុទ្រចាប់ផ្តើមនាជតាមធម្មជាតិដូចសព្វ
មួយដង។ ព្រះអាទិត្យ កំពុងបញ្ចេញរស្មី ដ៏ត្រកាលចាំងច្រាល មកលើឆ្នេរខ្សាច់ដ៏ហាប់ណែន។
ទេសចរខ្មែរ បរទេស កំពុងរត់តាមបណ្តោយឆ្នេរហាត់ប្រាណ ដើម្បីសុខភាព។ យុវជនខ្លះ កំពុងទាត់បាល់ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញលើឆ្នេរខ្សាច់ផងដែរ។
យុវនារី ខ្លះកំពុងឈរថត ផ្តិតយកទេសភាពស្រស់ត្រកាលនៃផ្ទៃសមុទ្រកម្ពុជា។ អ្នកខ្លះទៀត បានចុះហែល
និងកំពុងហែលទឹកដ៏ត្រជាក់ ក្នុងសមុទ្រខៀវស្រងាត់មួយនេះ នាព្រលឹមអុល។ ខ្លះ
ដើរចាប់កូនត្រី ក្តាម និងខ្យងជាការលេងកំសាន្ត។ ចំណែកឯអ្នកខ្លះទៀតកំពុងដើរកាន់ដៃគ្នាទាំងគូរៗ
យ៉ាងត្រសង មើលទៅហាក់បីដូចមានសេចក្តីសុខណាស់។
“ឱ ពុទ្ធោអើយ! ហេតុអ្វីបានគេជាមានឱកាសលំហែកាយសប្បាយរីករាយបែបនេះ។
ជីវិតខ្ញុំម្តេចខុសពីគេ!” សំណាងកំពុងដើរឈ្ងោកមុខ
បោះជំហ៊ានមួយៗ តាមបណ្តាយឆ្នេរខ្សាច់វែងអន្លាយ។ ពេលខ្លះ សំណាង
ទាត់ទឹកសមុទ្រឮសូរខ្ចាយហាក់កំពុងខឹងនឹងព្រហ្មលិខិត។ មាណពរូបនេះ
មានអាយុប្រហែល១៧ឆ្នាំ មានអាការៈស្លេកស្លាំង សម្បុរស្រអែម និងសក់ក្រហមរិញៗ។ នាយបានដើរទៅវិញទៅមកនៅម្តុំនេះជារៀងរាល់ថ្ងៃ។
ថ្ងៃនេះ មាយើង ខុសប្លែកពីធម្មតា។ ភ្នែករំពៃក្រលេកក្រឡាប់
ហាក់កំពុងប្រម៉ាញ់រកមើលអ្វីមួយ។
”ពូ! ខាត់ស្បែកជើងទេពូ?” សំណាង កំពុងភ័យព្រួយព្រោះគ្មានគេហៅខាត់ស្បែក
ជើងឡើយ។
“ព្រះអើយ! ថ្មើរនេះហើយ ខ្ញុំរកលុយមិនបានមួយពាន់ផង។ តើអោយខ្ញុំបានលុយ ឯណា ទិញថ្នាំអោយពុក។”
លោក សុខណាក់
គឺជាឪពុករបស់សំណាង។ គាត់ធ្លាប់ជាកម្មករនៅកំពង់ផែក្រុង ព្រះសីហនុនេះ។ ១៥ឆ្នាំមកហើយ
គាត់ បានចាកចេញពីប្រពន្ធរបស់គាត់។ ពេលនេះគាត់ ឈឺជាទម្ងន់ដោយសារតែធ្វើការហួសកម្លាំង
ក្រោមភ្លៀងផ្គរជាច្រើនឆ្នាំ។
No comments:
Post a Comment