ខ្ពស់សន្លឹមដែលមានតែមេឃនិងលំហខ្ញុំខំតោងដើម្បីទោនិងទាញយកផ្លែអំពិលទំទាំងកួរៗដែលនៅខាងចុងមែក។នេះជាជំនាញរបស់ខ្ញុំកាលនៅពីតូច។មិនថាឡើយតែដើមអំពិលប៉ុណ្ណោះទេសូម្បីតែដើមទឹកដោះគោដែលនៅស្រុកខ្ញុំគេហៅត្រឹមតែពាក្យទឹកដោះនោះខ្ញុំក៏ពូកែឡើងណាស់ដែរ។និយាយរួមការឡើងដើមឈើវាជាការងារយ៉ាងស្ទាត់ជំនាញរបស់ខ្ញុំនៅវ័យកុមារ។ខ្ញុំនៅចាំបានថាដើមអំពិលយាយឡាងនៅជាប់ព្រំដីក្រោយផ្ទះរបស់ខ្ញុំជាដើមអំពិលផ្អែមមួយដើមយ៉ាងធំនិងមានព្រាយនៅទៀតផង។អ្នកផងទាំងឡាយមិនហានឡើងទេព្រោះគេខ្លាចព្រាយ។តែសំរាប់ខ្ញុំទោះជាទំហំរបស់វាធំជាងកង់រទេះយ៉ាងណាក៏ដោយក៏ដៃរបស់ខ្ញុំខំប្រឹងស្រវ៉េស្រវ៉ាតោងទាំងមិនអាចឱបជុំ។នេះជាសន្ស័យគ្រោះថ្នាក់របស់ខ្ញុំក្នុងពេលកុមារ។បើគិតទៅអស់សំណើចណាស់ព្រោះថាសព្វថ្ងៃនេះខ្ញុំពុំហានឡើយសូម្បីតែដើមដូងទាបមួយដើម។តែគ្រានោះទោះជាត្រូវឡើងដើមអំពិលទឹកដើមដូងនិងជើមទឹកដោះទាំងយប់យ៉ាងណាក៏ដោយ។ ខ្ញុំមិនអាចបំភ្លេចបានទេនូវរឿងនេះ។
មានថ្ងៃមួយនោះសំលេងបានស្រែករកខ្ញុំក្នុងខណៈដែលខ្ញុំកំពុងឈោងដៃបេះផ្លៃកន្ទួតដែលនៅជាប់រានផ្ទះបាយរបស់ខ្ញុំ។អាឈ្លូញគឺសំរែកហៅឈ្មោះងាររបស់ខ្ញុំដែលតាខ្ញុំបានស្រែករក។ខ្ញុំភ័យស្ទើរលួសព្រលឹង ព្រោះបើដឹង គាត់នឹងវាយខ្ញុំ។តាអេងតារបស់ខ្ញុំពិតជាមិនចូលចិត្តខ្ញុំក្នុងការឡើងដើមឈើនោះឡើយ។ខណៈនោះខ្ញុំខំសំរូតចុះយ៉ាងលឿនពីដើមកន្ទួត។ ការឡើងដើមឈើរបស់ខ្ញុំជាទូទៅកាលនៅពីតូចនោះមិនមែនជាការឡើងតាមបែបធម្មតានោះទេ។តែផ្ទុយទៅវិញការឡើងភាគច្រើនតាមបែបត្រហេបត្រហបក្នុងលក្ខណៈលួចគេហូប។ជាក់ស្តែងក្នុងបរិវេណសាលាបឋមសិក្សាចុងកោះសូទិនមានទឹកដោះមួយដើមផ្អែកដោយជួងធំមួយជាសំណល់សំបក់គ្រាប់បែកដែលទំលាក់ពីយន្តហោះក្នុងសម័យសង្គ្រាម។ខ្ញុំតែងតែលួចឡើងបេះហូបទោះពេលយប់ក៏មាន។មិនតែប៉ុណ្ណោះដើមទឹកដោះគោក្នុងវត្តក៏ខ្ញុំឧស្សាឡើងបេះដែរ។មានថ្ងៃមួយនោះទៀតខ្ញុំឡើងដើមជំពូមុខផ្ទះរបស់ខ្ញុំ។លើដើមជំពួពេញទៅដោយផ្លែផ្អែមៗព៌ណក្រហមទំ។ខ្ញុំត្រេកត្រអាលជាទីបំផុត។ខ្ញុំសួរតាមមែកវាបន្តិចម្តងៗរហូតដល់ចុងមែកដោយមិនដឹងខ្លួន។មួយពព្រិចភ្នែកនោះក៏ស្រាប់មានសំលេង”ផូង ប្រ៉ាវ” ជើងខ្ញុំបានញ័រតត្រាក់។មែកជំពូនោះបានបាក់ធ្លាក់ស្ទើលួសព្រលឹម។ប៉ុន្តែសំណាងល្អវាមិនបានដាច់ធ្លាក់មកដីនោះឡើយ។
No comments:
Post a Comment