ក្នុងខណៈបានឮអ្នកម្តាយខ្ញុំរៀបរាប់ពីកំណើតដ៏អភ័ពរបស់ខ្ញុំខ្ញុំបានត្រឹមតែនៅស្ងៀមនិងស្តាប់គាត់និយាយប៉ុណ្ណោះ។ប៉ុន្តែពេលនេះទើបខ្ញុំយល់ច្បាស់ថានេះមកពីគុណម្តាយថ្លៃទើបខ្ញុំមានថ្ងៃនេះ។គុណម្តាយគឺជាមហាគុណដែលមិនអាចកាត់ថ្លៃបាន។ត្រង់ចំនុចនេះម្តាយខ្ញុំបានរៀបរាប់អោយខ្ញុំដឹងថាៈកាលខ្ញុំនៅកុមារភាពគឺចំពេលដែលប្រទេសកម្ពុជាទាំងមូលកើតគ្រោះទុរភិក្សពាសស្រមោលអន្ធកាលខ្មៅងងឹងដែលក្រោយមកគេដាក់ឈ្មោះថាជាវាលពិឃាត។ពេលនោះរូបខ្ញុំបានត្រូវរស់ដោយសារតែទឹកបបរនិងគ្រាប់អំបិលប៉ុណ្ណោះ។រូបកាយដ៏ស្រឡូកស្រឡូនរបស់ខ្ញុំប្រែក្លាយជាស្វិតកំព្រឹងឃើញតែស្បែកនឹងឆ្អឹងមុខស្លេកដូចត្រីស្ងោរ។ជាងនេះទៅទៀតផ្ទៃស្បែកដ៏រលោងនៃរាងកាយខ្ញុំបានពាសដោយជំងឺតាអកដ៏រលេះរលួយគួអោយខ្ពើមគ្រប់ទីកន្លែង។ ម្តាយខ្ញុំបានបន្តថា មានថ្ងៃមួយនោះខ្ញុំបានកើនឡើងនូវកំដៅខ្លួនយ៉ាងខ្លាំងជាហេតុធ្វើអោយអ្នកម្តាយភ័យស្លន់ស្លោវិសកលនឹងជីវិតរូបខ្ញុំនេះឯងក្សិនក្ស័យ។ប៉ុន្តែសំណាងល្អអង្គការបានអនុញ្ញាតអោយអ្នកម្តាយបាននាំខ្ញុំទៅពេទ្យនៅជីហែត្រើយម្ខាងបានតែមួយថ្ងៃគត់។ និយាយរួម ខ្ញុំនេះគឺមានជីវិតរស់ព្រោះតែទឹកដោះម្តាយថ្លៃគឺថាពីមួយថ្ងៃទៅមួយថ្ងៃអ្នកម្តាយថ្លៃគិតតែស្រម័យរកវិធីសង្គ្រោះខ្ញុំពីជំងឺតាអកដ៏សែនរមាស់ចេញទឹករងៃនេះគឺថាគាត់បានយកឆ្អឹងខ្មោចដុសជាមួយទឹកដូងអោយខ្ញុំផឹកក៏មាន។គាត់បានលួចឆ្លងទូកឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីរកគ្រូអុចសសៃរអោយធ្វើខ្ញុំ។ទីបំផុតជំងឺនេះបានជាសះស្បើយបន្សល់ទុកអោយរូបខ្ញុំស្លាក់ស្នាមនៅជាច្រើនកន្លែងរួមមាននៅចង្វែកកន្លាក់ចង្គុង និងនៅក្បែរផ្ចិតពោះជាដើម។ស្នាក់ស្នាមទាំងអស់នេះបានធ្វើអោយខ្ញុំនឹកឃើញជានិច្ចនូវសំដឹរៀបរាប់របស់ម្តាយខ្ញុំហើយវាប្រែក្លាយនឹកឃើញពីគុណមហាសាលនោះគឺជ្រុងមួយពីគុណអ្នកម្តាយ។
No comments:
Post a Comment