Thursday, June 21, 2012

ទំលាប់ក្មេងជនបទ


ទោះជាមានជីវិតរស់ជាមនុស្សម្នាក់ដូចគេយ៉ាងណាក៏ដោយក្នុងវ៏យនៅកុមារខ្ញុំពិតជាពុំដឹងសោះថាតើជីវិតយើងនេះមានការបែងចែករវាងអ្នកមាននឹងអ្នកក្រ អ្នកទីក្រុង ជនបទឡើយ។​ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថា ក្នុងសង្គមមនុស្សយើងនេះ វណ្ណៈគី​ជាការកំណត់​ស្ថានភាព​គ្រួសារ​នីមួយៗ សូម្បីតែទំលាប់នៃការរស់នៅរបស់ពួកគេ។ ​ថាទៅខ្ញុំពិតជាពុំបានដឹងអ្វីសោះ​អំពី​ទំលាប់ លក្ខណៈ និងការអប់រំរបស់គ្រួសារអ្នកមាន។ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា វាប្រាកដ​ជាមិនដូចនូវអ្វីដែលជាទំលាប់ការប្រព្រិត្តិក្នុងវ័យកុមាររបស់កូនអ្នកក្រីក្រជនបទនោះឡើយ។ តួយ៉ាងដូចជារូបខ្ញុំនេះ ។ខាងក្រោមនេះ គឺជាបទពិសោធន៍ជីវិតពិតហើយខ្ញុំគិតថា​អ្នកក្រផ្សេង​ទៀតក៏មានបទពិសោធន៍ជីវិតប្រហាក់ប្រហែលគ្នានេះដែរ។ នោះគឺជាទំលាប់ល្បែងកំសាន្ត​លេង​​ក្នុងវ័យកុមារភាពកន្លងមក។ ដោយយោងតាមកាលៈទេសៈ ឬអាចនិយាយម៉្យាងទៀតថា​សម័យកាលនោះរូបខ្ញុំជាក្មេងអភ័ពដែលកើតមកក្នុងសភាពសង្គមវឹកវរ។ដូច្នេះទំលាប់នៃការលេងក៏សាន្តទៅតាមនោះដែរ គឺថាក្នុងទស្សវត្តន៍ឆ្នាំ១៩៨០ ក្មេងៗពីភូមិមួយទៅភូមិមួយបាន​ចែកជាក្រុមៗផ្សេងគ្នា។ជាក់ស្តែងភូមិរបស់ខ្ញុំគឺភូមិទី៩បានលេងល្បែងជាយុទ្ធសាស្ត្រដោយប្រយុទ្ធគ្នាជាមួយក្រុមក្មេងមួយក្រុមទៀត នៅភូមិជាប់នោះ គឺភូមិទី៨នៃទីដីកោះសូទិនស្រុក​កំណើត​​ខ្ញុំ។គ្រានោះខ្ញុំនៅចាំបានថា​យើងត្រូវប្រយុទ្ធគ្នាដោយប្រើអាវុធ​ជាចំពាម​កៅស៊ូ​និង​គ្រាប់​​​របស់វាលុញដោយដីឥដ្ឋឬក្តឹបផ្លែត្របែកឬជួនកាលដោយប្រើស្នានិងព្រួញ។ ចំណែក​ពេលយប់វិញគឺយើងត្រូវប្រើគ្រាប់ជំពាមដោយមានដោតស្រកីដូងដុតជាភ្លើងប្រយុទ្ធគ្នា។រហូតមកដល់ពេលនេះទើបខ្ញុំដឹងថាគិតទៅល្បែងលេងកំសាន្តសំរាប់អ្នកក្រជនបទដូចជារូបខ្ញុំនេះគឺពោរពេញដោយគ្រោះថ្នាក់បំផុតដែលបង្ហាញថា វាជាជំលោះមួយយ៉ាងពិតប្រាកដ។ ប៉ុន្តែ​ទោះ​យ៉ាងនេះក៏ដោយ ក្រោយមកយើងក៏ផ្លាស់ប្តូររបត់នៃការលេងកំសាន្ត គឺយើង​បាន​មក​ប្រកួតគ្នាជាការប្រកួតបាល់ទាត់វិញម្តងដោយប្រើផ្លែទឹកដោះគោធ្វើជាបាល់។ យ៉ាងណាក៏សំរាប់ល្បែងអ្នកក្រជនបទដូចជាខ្ញុំនេះ នៅតែពោរពេញដោយគ្រោះថ្នាក់ដដែរ។ ជាក់​ស្តែងក្នុងកំឡុងឆ្នាំ១៩៨៦ ការប្រកួតគ្នានេះបានធ្វើបងប្រុសក្នុងភូមិរបស់ខ្ញុំ​មាន​ឈ្មោះ​គា​បានបាក់ជើង។ការប្រកួតនោះមានក្រុមចាមចូលរួមផងដែរ។តើទំលាប់ការលេងរបស់អ្នកមានបែបណាវិញក្នុងសម័យកាលនោះឬក៏នៅក្រោយសង្គ្រាមម្នាក់ៗសុទ្ធតែលេងល្បែងកំសាន្តឆ្កួតល្ងីល្ងើរបែបនេះ?

No comments:

Post a Comment