ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមួយខែទៅមួយខែ។
ពីមួយឆ្នាំទៅមួយឆ្នាំ។ ពីមួយទស្សវត្តន៍ទៅមួយទស្សវត្តន៍។ នេះជាកាលវេលាដែលរូបខ្ញុំបានឆ្លងកាត់។ ក្នុងរយៈពេលកន្លងមកនេះខ្ញុំមានអារម្មណ៍ថាវាពិតជាអយុត្តិធ៌មណាស់ក្នុងការដែលរូបខ្ញុំបើសិនជាមិននិយាយពីអ្វីដែលជាគុណូបរៈរបស់អ្នកទាំងឡាយណាដែលជួយដល់ជីវិតខ្ញុំនោះ។តាមរយៈសំណេរជីវិតដ៏ខ្លីនេះខ្ញុំពីតជាពុំមានគំនិតអកត្តញ្ញូណាមួយចំពោះអ្នកមានគុណទាំងនេះឡើយ។នេះរួមទាំងឪពុកម្តាយ បងប្អូន គ្រូ
និងមិត្តភក្តិជាដើម។ក្នុងន័យនេះខណៈនេះរូបខ្ញុំសូមលាតត្រដាងនូវអារម្មណ៍ពិសេសចំពោះអ្នកទាំងអស់ជាទីគោរព។មានពាក្យមួយឃ្លានិយាយថាពេលខ្លះសន្តានមិត្តមិត្តភក្តិ
គឺល្អប្រសើរជាងសន្តានចិត្តបងប្អូនបង្កើតទៅទៀត។នេះដោយយោងលើភាពកង្វះខាតបន្ទាន់ក្នុងការខ្ចីប្រាក់សំរាប់ដោះទាល់អ្វីមួយ។មានន័យថានេះជាធម្មតាបងប្អូនឯងពិបាកនឹងខ្ចីលុយ តែបើមិត្តភក្តីវិញ អាចរកបានបន្ទាន់ដោយងាយ។តែអ្វីដែលខ្ញុំចង់និយាយវានៅពេលនេះ មិនសំដៅទៅលើប្រធានបទ ពីមិត្តភក្តិនោះទេ។ផ្ទុយទៅវិញខ្ញុំនិយាយពីគ្រូរបស់ខ្ញុំ។
គ្រូបើតាមខ្ញុំដឹងគាត់មិនខុសពីឪពុកម្តាយបង្កើតប៉ុន្មានឡើយ។ គ្រាន់តែថាគាត់មិនបានរស់នៅជាអចិន្ត្រៃយ៍ជាមួយយើង
និងបង្កើតរូបកាយយើងប៉ុណ្ណោះ។តែគាត់ជាមនុស្សម្នាក់គត់បានបង្កើតចំណេះដឹងនិងផ្តល់ភាពកក់ក្តៅពេញមួយជីវិតរបស់យើង។ គ្រូគឺជាឪពុកម្តាយទី២បន្ទាប់ពីឪពុកម្តាយបង្កើត។ អ្វីដែលខ្ញុំកំពុងនិយាយនេះមិនមានន័យថាខ្ញុំកំពុងអោយតំលៃគ្រូលើសពីឪពុកម្តាយនិងបងប្អូនរបស់ខ្លួនឡើយ។ប៉ុន្តែវាជាការពិតមួយដែលធ្វើអោយរូបខ្ញុំមិនអាចបំភ្លេចបាន។ត្រង់ចំនុចនេះទោះជាខ្ញុំជាអ្នកក្រម្នាក់ដែលពុំដែលមានលទ្ធភាពសោះក្នុងការជួនជាសាគុណដល់គាត់ក៏ខ្ញុំបានត្រឹមតែសរសេរឬកត់ត្រាជាចំណារដួងចិត្តក៏ចាត់ទុកថាជាការដឹងគុណមួយដ៏ល្អប្រពៃផងដែរ។
សួមបញ្ជាក់ថាក្នុងជីវិតរបស់ខ្ញុំនេះនៅមានភាពកំសត់នៅឡើយដោយមិនទាន់អាចជួយអ្វីជាធំដុំទេ។
ប៉ុន្តែត្រូវតែនិយាយអោយអស់ពីអ្វីដែលខ្ញុំនឹកឃើញ។គឺថាគ្រូម្នាក់នោះគាត់ជាគ្រូដំបូងបង្អស់ក្នុងជិវិតរបស់ខ្ញុំដែលតែងតែយកចិត្តទុកដាក់ខ្ញុំខ្វល់ខ្វាយពីខ្ញុំនិយាយអោយចំគីគាត់ស្រលាញ់ខ្ញុំជាងគេក្នុងចំណោមកូនសិស្សថ្នាក់ទី២ទាំងអស់របស់គាត់។គាត់តែងតែផ្តល់អ្វីៗជាសំភារៈបង្រៀនអោយខ្ញុំជាអ្នកទុកព្រោះផ្ទះគាត់នៅឆ្ងាយពីសាលារៀន។ខ្ញុំនៅចាំបានថារំពាត់ផ្តៅមួយដើមដែលខ្ញុំរក្សាទុកសំរាប់គាត់ក៏ជារំពាត់ដែលគាត់តែងតែវាយខ្ញុំផងដែរ។ថ្វីត្បិតតែគាត់ធ្វើដូចនេះមែនតែការណ៍នេះក្រោយមកខ្ញុំដឹងថាគាត់ជាមនុស្សដែលគួរអោយគោរពបំផុត។មានគ្រាមួយរូបខ្ញុំមិនច្បាស់ក្នុងចិត្តទេគីខ្ញុំខ្លាចគាត់មិនហានទៅរៀនទេ នោះប្រហែលជាខ្ញុំបានធ្វើបាត់សំភារៈគាត់មិនដឹង។ គាត់វាយខ្ញុំយ៉ាងខ្លាំងហើយខ្ញុំក៏យំយ៉ាងខ្លាំងផងដែរ។ ខ្ញុំស្ទើរតែមិនអាចអត់ទ្រាំ។លោកគ្រូរបស់ខ្ញុំម្នាក់ឈ្មោះគ្រូជឿន។
ខ្ញុំភ្លេចត្រកូលគាត់ហើយ។គាត់ក្រណាស់ក្នុងគ្រួសាររបស់គាត់។ គាត់មានភ្នែកឡើងបាយ ដែលធ្វើអោយគាត់មើលមិនសូវច្បាស់។
ក្នុងជីវិតបង្រៀនគាត់នាយសាលាតែងតែធ្វើបាបគាត់ដូចជាម្តង់ផ្លាស់គាត់ទៅបង្រៀននៅសាលាភូមិចុងកោះខាងជើង ម្តងផ្តូរមកសាលាចុងកោះសូទិនខាងត្បូងដែលតំរូវអោយគាត់ឆ្លងអូរ ឆ្លងទូកនៅខែវស្សាជាដើម។គាត់ពូដែស្មូតណាស់។គ្រប់ពិធីបុណ្យសព្វគេតែងតែឮសំលេងគាត់ស្មូត។ខ្ញុំមិនដឹងថាគាត់ស្លាប់ឬនៅមានជីវិតរស់នៅឡើយទេបច្ចុប្បន្ននេះ។លើសពីនេះខ្ញុំនៅចាំបានថា
គាត់ក៏ឆ្លាក់អក្សរបានស្អាត់ផងដែរ។ នៅគ្រាមួយក្នុងទស្សវត្តន៍១៩៨០ ពេលដែល សាលាតំរូវអោយសិស្សចូលរួមមេទិញខ្ញុំរៀនអនុវិទ្យាល័យហើយកាលណោះគាត់ក៏ជាអ្នក ឆ្លាត់ពិដាអោយខ្ញុំដែរ។គាត់ជាគ្រួដែលខ្ញុំស្រលាញ់និងគោរពបំផុតក្នុងចិត្តរបស់ខ្ញុំ។ប៉ុន្តែវាគួរអោយស្តាយដែលខ្ញុំមិនបានបង្ហាញពីការស្រលាញ់និងការគោរពនេះដល់គាត់ម្តងណាឡើយ។អ្វីដែលខ្ញុំនៅចាំបន្ថែមទៀតនោះនៅពេលដែលខ្ញុំប្រលងចូលអនុវិទ្យាល័យឬហៅថាប្រលងចូលកូឡេស គាត់ក៏ជាសមាជិកកំណែផងដែរ។គាត់បានសួរខ្ញុំថា
តើខ្ញុំនេះ មានកំណត់ សំណេរពិសេសអាចអោយគាត់ស្គាល់អក្សរបានទេ? នេះមានន័យថាចេតនារបស់គាត់ចងជួយអោយរកសំណេរដើម្បីកែដោយខ្លួនគាត់។និយាយអោយចំគាត់ខ្លាចខ្ញុំប្រលងធ្លាក់ព្រោះគ្រានេះ
គេនិយមអ្នកមាន។ ទោះជាដឹងខ្ញុំរៀនពូកែក៏ដោយ។ សរុបមកអ្វីៗទាំងអស់របស់គ្រូម្នាក់នេះ
ខ្ញុំមិនអាចប៉ភ្លេចបានទេ។ខ្ញុំសង្ឃឹមថាថ្ងៃណាមួយទោះជាមិនបានជួយដល់គាត់ផ្ទាល់យ៉ាងណាក៏
ពេលដែលខ្ញុំមានលទ្ធភាពគ្រាប់គាន់គឺខ្ញុំនិងជួយដល់អ្នកទាំងឡាយក៏ដូចជាប្រជាជន
ដែលតំណាងអោយគាត់ម្នាក់គត់ក្នុងជីវិតរបស់ខ្ញុំ ជាតបស្នង។ គាត់ជាគ្រូម្នាក់គត់ក្នុងកែវភ្នែករបស់ខ្ញុំ។
ពីខ្ញុំធាវី
No comments:
Post a Comment