រហូតមកពេលនេះខ្ញុំស្ទើរតែបានភ្លេចទាំងស្រុងទៅហើយនូវរបៀបលេងរបស់វា ។ នោះគឺជាល្បែងកំសាន្តមួយសំរាប់ក្មេងៗដែលខ្ញុំគិតថារូបខ្ញុំនេះឯងមិនគួប្រថុយប្រថានលេងកំសាន្តទាំងងងើលដូច្នេះសោះ។មានពេលខ្លះក្នុងការលេងល្បែងកំសាន្តនោះខ្ញុំស្ទើរតែបាត់បង់ជិវិតដែលមិនហាននិយាយរឿងនេះប្រាប់ទៅអ្នកណាម្នាក់ទេកាលពីខ្ញុំនៅពីតូច។ប៉ុន្តែពេលនេះ តាមរយៈសំណេរជីវិតរបស់ខ្ញុំ ខ្ញុំត្រូវតែរកនឹកអោយអស់នូវអ្វីដែលរូបខ្ញុំនេះបានជួប។
កាលនៅពីតួច មិនថាតែរូបខ្ញុំទេ ក្មេងដទៃទៀតគេក៏បានលេងនូវល្បែងកំសាន្តនេះដែរព្រោះថាល្បែងកំសាន្តនេះជាការពិតវាពិតជាមិនអាចលេងបានតែម្នាក់ឡើយ។ផ្ទុយទៅវិញ វាអាចលែងទៅបានលុះណាតែមានគ្នាច្រើនគឺមានគ្នាកាន់តែច្រើនកាន់តែសប្បាយ។ តទៅនេះខ្ញុំសូមឧទាននូវដំណាលរឿងនៃការលែងល្បែងដ៏គួរអោយគ្រោះថ្នាក់បំផុតនេះ។កាលនៅពីតូច ខ្ញុំនៅជាក្មេងវត្តនៅឡើយ។ មិនថាតែពេលព្រឹកឫពេលរសៀលទេ អោយពេលទំនេរពីការងារ
និងតួនាទីដើរតាមលោកបិណ្ឌបាតនិងរាយចានស្រាកដាក់តាមផ្ទះយកម្ហូបប្រគេនលោក
ក៏ដូចជាទំនេរពីការទៅរៀននៅបឋមសិក្សាសាលាក្បែរនោះ ។រូបខ្ញុំនិងក្មេងដទៃទៀតពិសេសក្មេងវត្តដូចគ្នា
យើងបានបបូលគ្នាលេងតាមធម្មតាជាក្មេង។ត្រង់ចំនុចនេះខ្ញុំសូមលើកយកមកនិយាយពីររបៀបលេងល្បែងនោះបន្តិចសិន។
យើងជាក្មេងតែងមកជុំគ្នាយ៉ាងតិចមានបីបួននាក់នាំគ្នាឈរជាវង់បន្ទាប់មកទើបយើងចាប់ផ្តើមកំណត់រកអ្នកចាំទីជាអ្នកចាញ់ដោយធ្វើការរកអ្នកឈ្នះតាមរយៈប៉ាវសេងសុង។ ប៉ាវសេងសុងខ្ញុំគិតថាលោកអ្នកយល់ហើយ។ទីផុតយើងក៏រកឃើញអ្នកចាញ់ម្នាក់ដោយត្រូវរត់ដេញតាមចាប់អ្នកឈ្នះជាច្រើននាក់ផ្សេងទៀតតាមលទ្ធភាពដែលខ្លួនមាន។ ចំពោះការលេងល្បែងកំសាន្តនេះខ្ញុំហាក់បីដូចជាពុំសូវមានឱកាសក្លាយជាអ្នកចាញ់ឬអ្នកចាំទីដោយដេញតាមចាប់ឱបអ្នកឈ្នះនោះឡើយ។នេះជាមូលហេតុដែលខ្ញុំគិតថាល្បែងកំសាន្តនេះគឺពោរពេញដោយគ្រោះថ្នាក់មិនគួរអោយលេង។ ជាបទពិសោធន៍ក្នុងជីវិតរបស់ខ្ញុំ
ជាពិសេសកាលនៅពីកុមារភាពនោះ មានថ្ងៃមួយក្នុងការលេងល្បែងកំសាន្តនេះ រូបខ្ញុំត្រូវបានអ្នកចាំទីជាក្មេងវត្តផងដែរឈ្មោះ
អាឡូត ជាប្អូនអាយយឿន (បច្ចុប្បន្នមិនដឹងពួកគេរស់នៅឯណាទេ) គឺវាដេញតាមចាប់ឱបខ្ញុំយ៉ាងប្រកៀកប្រកិតជាទីបំផុត
ជាហេតុធ្វើអោយយើងប្រផាប់ប្រភីងនឹងគ្នា។
សូមជំរាបថាល្បែងកំសាន្តនេះមិនរើសទីកន្លែងក្នុងការរត់ពួនឬរត់ដេញចាប់គ្នានោះឡើយ។ដូចនេះក្នុងសភាពដេញត្រហេបត្រហបរូបខ្ញុំត្រូវបានអាឡូតជាន់ជើងខោជាប់ នៅនឹងកន្លែងកាំជណ្តើរសាលាឆាន់វត្តសុទ្ធាវធ្យារាមហៅវត្តធម្មយុទ្ធចុងកោះសូទិន ស្រុកកោះសូទិន
ខេត្តកំពង់ចាម គឺខ្ញុំត្រូវដួលធ្លាក់ពីលើកាំជណ្តើរកំពស់ប្រហែល៩កាំទៅជាង១០កាំ។ ខ្ញុំស្ទើតែពុំមានជីវិតរស់។
សំណាងល្អ ខ្ញុំពុំមានគ្រោះថ្នាក់ធំដុំទេគឺគ្រាន់តែរលាត់ស្បែកបន្តិចបន្តួចប៉ុណ្ណោះ។ទោះជាយ៉ាងនេះក៏ក្នុងភាពជាកុមារពុំទាន់ចេះពិចារណាថាជាល្បែងគ្រោះថ្នាក់ប៉ុណ្ណានោះ។
យើងនៅតែលេងជាបន្តរបន្ទាប់។ មានថ្ងៃមួយនោះ ក្នុងសភាពប្រហាក់ប្រហែលគ្នាខ្ញុំត្រូវរត់ដួលទាំងកំពុងនៅមានល្បឿងយ៉ាងលឿនលើខឿនព្រះវិហារធ្វើអោយស្បែកដៃក្បែរស្មាស្តាំរបស់ខ្ញុំកោសនឹងថ្មចេញឈាមយ៉ាងឈឹចាប់
និងបន្សល់ទុកស្លាកស្នាមមកដល់បច្ចុប្បន្ន។ លើសពីនេះទៅទៀតក្នុងទីហាមប្រាមដ៏សែនស្ងៀតនិងងងឹតឈឹងក្នុងព្រះវិហារទ្វារបិតជាប់គឺយើងបានលួចចូលដើម្បីលេងល្បែងនេះ នៅលើជន្ទាលគូគំនួរតាមជញ្ជាំងក្នុងព្រះវិហារ យើងបានលេងយ៉ាងសប្បាយទាំងភាពងងឹតនិងសំលេងខ្ទរនូវសំរែករបស់យើង។ ដោយសារការរត់ដេញប្រទាញប្រទងនិងហក់តោងមិនខុសពីសត្វស្វា ស្ទើរតែលួសព្រលឹងប្រសិនបើមានអ្នកដឹងនោះគេស្តីបន្ទោសយ៉ាងខ្លាំងផងដែរ។ប៉ុន្តែពិតជាគ្មានអ្នកដឹងឡើយ គឺទន្ទាលទាំងមួលបានដួលរលំហាក់ដូចជាកើតឡើងបណ្តាលមកពីព្រះអង្គក្នុងវិហារខឹងសម្បារ។
ទោះយ៉ាងណាក៏ដោយ ជីវិតខ្ញុំថ្លៃនៅតែស្រម័យអំពីរឿងនោះ ព្រោះសំណាងល្អគ្រានោះទន្ទាលបានដូលត្រឹមតែគងនឹងសរសរវិហារប៉ុណ្ណោះ។ ក្នុងសភាពញ័រជើងនិងភ័យរន្ធត់
ខ្ញុំចុះមកអង្គុយដង្ហក់នៅខាងក្រោម។ តើអ្នកដឹងថាល្បែងដែលខ្ញុំលេងនោះជាល្បែងអ្វីទេ?វាគឺជាល្បែងលេងអ៊ូដែលពេញដោយការគ្រោះថ្នាក់។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment