Wednesday, June 6, 2012

ការហែលទឹក


មិនអាចនិយាយបានទេសំរាប់ឥឡូវនេះថាការហែលទឹករបស់ខ្ញុំវាល្អប៉ុណ្ណានោះ។ប៉ុន្តែបើនិយាយពីកាលនៅពីក្មេងៗវិញទោះជាជំនាញនេះគ្មានគ្រូជំនាញណាបង្ហាត់ខ្ញុំក៏ពិតមែន។ តែខ្ញុំពិតជាចេះហែលទឹកដោយស្ម័យប្រវត្តិដោយគ្រាន់តែទំលាប់ហែលខ្លួនឯងនិងតាមក្មេងដទៃទៀតប៉ុណ្ណោះ។តាមពិតវាល្អម៉្យាងដែរដែលព្រហ្មលិខិតកំរិតអោយរូបខ្ញុំនេះឯងបានកើតមកជាកូនអ្នកចំការហើយមានផ្ទះនៅតាមជនបទជាប់នឹងដងទន្លេមេកុង។ដូចនេះនៅរៀងរាល់ថ្ងៃទោះជាពេលព្រឹកឬពេលល្ងាចខ្ញុំត្រូវទៅងូតនិងហែលទឹកអូក្រោយផ្ទះរបស់ខ្ញុំ។ វាជាធម្មតាទេ ព្រោះគ្រានោះនៅស្រុកខ្ញុំគ្មានអណ្តូងស្នប់ឡើយ។វាគ្រាន់តែមានអណ្តូងជីកមួយនៅក្រោយវត្ត។ ជាងនេះទៅទៀតដោយស្រុកខ្ញុំមានទឹកជន់ឡើងលិចភូមិជារឿយៗស្ទើររាល់ឆ្នាំ។ នេះជាហេតុដែលធ្វើអោយខ្ញុំចេះហែលទឹកដោយឯកឯង។ខ្ញុំនៅចាំបានថាការហែលទឹកនេះ មានថ្ងៃខ្លះគឺខ្ញុំត្រូវហែលឆ្លងអូនៅក្រោយផ្ទះរបស់ខ្ញុំចំងាយប្រហែល១០០ម៉ែត្រ រួចក៏ហែលត្រលប់មកវិញដោយគ្មានបញ្ហា។ខ្ញុំនៅចាំបានទៀតថាពេលខ្លះគឺក្រុមក្មេងៗដូចគ្នាបាននាំគ្នាហែលទឹកឆ្លងអូនោះដើម្បីទៅបេះត្រសក់ក្នុងចំការថ្នាំរបស់គេ។សូមជំរាបថា កោះសូទិនគឺជាទឹកដីជនបទមួយក្នុងខេត្តកំពង់ចាមដែលមានឈ្មោះបោះសំលេងយ៉ាងខ្លាំងល្បីខាងថ្នាំជក់ខ្មែរ។វាមិនគ្រាន់តែល្បីថាមានថ្នាំខ្លាំងនៅកោះសូទិននោះឡើយ។សូម្បីតែកូនក្រមុំអ្នកស្រុកក៏ល្បីខាងរូបសម្បត្តិស្អាតផងដែរ។មានពាក្យស្លោកទាក់ទងនឹងចំនុចនេះដំណាលថា ក្រមុំកោះសូទិនដូចកូនទេវតា ក្រមុំកោះរការដូចស្វាចុងឬស្សី ក្រមុំកំពុង​ក្របីដូច​ដំរីត្រាំភក់ ក្រមុំកោះកុកដូចប្រហុកក្នុងពាង ក្រមុំកោះតាមៀងដូចឈ្នាងរហែកគូថជាដើម។ ប៉ុន្តែយ៉ាងណាសូមនិយាយពីការហែលទឹកវិញ។ដូចនេះដោយសារនៅត្រើយម្ខាងជាចំការថ្នាំ​របស់អ្នកស្រុកហើយក្នុងរងចំការថ្នាំនោះភាគច្រើនគេដាំត្រសក់តំរូវអោយយើងហែលទៅជា​ទំលាប់ក្មេងៗ។មានថ្ងៃខ្លះទៀតក៏ត្រូវហែលទឹកទៅត្រើយខាងនោះផងដែរដើម្បីរាវលាស ខ្ចៅនិងគ្រំ។រហូតមកដល់ពេលនេះវានៅតែមិនអាចបំភ្លេចបានឡើយនូវសកម្មភាពដ៏សម្បូរ​បែបនោះ។ការហែលទឹកក៏ជាល្បែងមួយគ្រោះថ្នាក់ផងដែរក្នុងចំណោមសកម្មភាពរបស់ខ្ញុំ​កាលនៅកុមារភាព។ហេតុអ្វីបានជាក្មេងៗមិនថាតែរូបខ្ញុំចូលចិត្តធ្វើអ្វីៗដែលឆ្កួតៗបែបនេះ។ខ្ញុំនៅចាំបានទៀតថាមានថ្ងៃខ្លះទៀតគឺយើងត្រូវហែលទឹកទៅទីនោះដើម្បីទៅរុករកឃ្មុំនៅព្រៃត្រែងយ៉ាងធំល្វឹងល្វើយដែលនៅខាងចុងដីចំការថ្នាំទាំងនោះផងដែរ។ វាគួអោយអោយគ្រោះថ្នាក់ណាស់ដែរព្រោះនៅក្នុងព្រៃត្រែងនោះមិនដឺងជាមានពស់ឬសត្វ​សហាវអ្វីឡើយ។

No comments:

Post a Comment