Wednesday, June 13, 2012

នៅជំពាក់គុណមិត្ត


ក្នុងអារម្មណ៍ច្របូកច្របល់នៅឡើយក្នុងខណៈជីវិតរបស់ខ្ញុំកំពុងទទួលបទពិសោធន៍ជីវិតដ៏ហូ ហែរនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងដំណើរឆ្ពោះទៅកាន់ទីព្រាត់ជីវិតនេះ គឺរូបខ្ញុំតែងតែ ក្រលេកសំឡឹងក្រោយជារឿយៗហើយការក្រលេកក្រោយនោះវាបានធ្វើអោយខ្ញុំឃើញនូវស្រមោលអតីតកាលរាប់មិនអស់។ថាទៅខ្ញុំហាក់ដូចជាមនុស្សគិតច្រើនពេកហើយ។ប៉ុន្តែសូម អោយការគិតនេះ ពិតដល់អារម្មណ៍ផ្ទាល់មិត្តទាំងឡាយរបស់ខ្ញុំ។ កាលនៅពិតួច ខ្ញុំជាកុមារ ដែលកំសត់អភ័ពម្នាក់។ប៉ុន្តែសុភា មិត្តរបស់ខ្ញុំក៏កំសត់ណាស់ដែរ។សុភាព ជាក្មេងកំព្រា យើងរៀនថ្នាក់ទី៤ជាមួយគ្នាដែលមានលោកគ្រូថងជាគ្រូប្រចាំថ្នាក់របស់យើង(ខ្ញុំចាំមិនច្បាស់ទេត្រង់នេះ ប្រហែល ជាអ្នកគ្រូគឹមសាន្តទេក៏មិនដឹង)។ យើងទាំងពីរនាក់កំសត់ដូចគ្នា។ ប៉ុន្តែគ្រាន់តែថាគ្រានោះខ្ញុំមាននាមថាជាអ្នកមានឪពុកម្តាយ។ប៉ុន្តែសុភាគ្នាពុំមានឪពុកម្តាយទេ គឺគាត់កំព្រារស់នៅជាមួយជីដូន។ ឪពុកម្តាយរបស់គាត់ត្រូវបានសំលាប់ក្នុងរបប ប៉ុល​ពត។ គាត់មុននេះមាន​ម៉ីងម្នាក់​ជាអ៊ុំរបស់គាត់នៅ​ភ្នំពេញ​យកមកចិញ្ចឹម។​តែក្រោយ​មក​សុភា​ក៏ត្រលប់ទៅស្រុកវិញទើបបានរៀនថ្នាក់ទី៤ជាមួយខ្ញុំ។យើងទាំងពីរស្និតស្នាលគ្នាណាស់។ ក្រៅពីការរៀនជាមួយគ្នាយើងលេងជាគ្នា យើងប្រលែងគ្នា។ខ្ញុំចាំបានថា មានថ្ងៃមួយ​នោះ​សុភាបានវាយត្រូវខ្ញុំមួយដៃចំភ្នែកស្តាំរបស់ខ្ញុំយ៉ាងដំណំឡើងបែកអំពិលអំពែក។ ភ្នែកនេះ​បច្ចុប្បន្ន​ខ្ញុំមើលពំសូវច្បាស់ទេ។​ នោះ​មិនមែនមកពីការវាយ​ចំពីមិត្ត​របស់​ខ្ញុំម្នាក់​នេះ​ទេ។​តែវា​ប្រហែល​ជាមក​ពីធម្មជាតិប៉ុណ្ណោះ ព្រោះភ្នែកខាងស្តាំខ្ញុំនេះរាងតូចហើយរាង​ល្អៀង​បន្តិច​ពី​កំណើត។ នៅពេលចេញលេងសុភា និងខ្ញុំធ្លាប់រត់​ទៅញ៉ាំបបរជាមួយគ្នាដែលបបរ​នោះ​លោក​តាយាំ ធីជាអ្នករៀបចំទុកអោយក្នុងថតតុនៅសាលាឆាន់។ យើងមានអនុស្សាវរីយ៍​ជាមួយ​យ៉ាង​ច្រើន។ សុភាកំសត់ជាងខ្ញុំប៉ុន្តែពេលខ្ឡះខ្ញុំគិតថា​ខ្ញុំកំសត់ជានាយ។​ព្រោះគាត់​មានការ​យក​ចិត្តទុកដាក់ និងមានអ្នកឧបត្ថម គាត់។ គាត់មានម្តាយចិញ្ចឹមគួរអោយកក់ក្តៅ។និយាយ​រួមគ្រួសារគាត់ខ្ញុំស្គាល់ច្បាស់ណាស់។ព្រោះថាគ្រួសារគាត់និងគ្រួសារខ្ញុំដូចជាបងប្អូនបង្កើត​អញ្ចឹង។តាមប្រវត្តិយាយរបស់សុភាឈ្មោះយាយឡេគាត់ធ្លាប់ជាអ្នករស់នៅនិងប្រកបរបរ​ចិញ្ចឹមជីវិតជាមួយគ្រួសារខ្ញុំក្នុងសម័យមុនសង្គមរាស្រ្តនិយម។ខ្ញុំនឹងនិយាយពីការចង់ចាំនេះនៅពេលក្រោយ។ ហេតុនេះហើយគ្រូសារខ្ញុំនិងគ្រួសារតែជួយគ្នាទៅវិញទៅមក ដូចជា​ការ​ជួន​ជា​ម្ភូបអាហារទៅវិញទៅមក។ ណាមួយបើតាមខ្ញុំដឹងគ្រួសារសុភាមិនជាក្រៅទេ ផ្ទុយទៅវិញ​គឺ​ជាប់ខ្សែស្រឡាយនឹងគ្នា។នេះយោងតាមខ្ញុំឃើញគ្រួសារបងប្រដែត នៅភ្នំពេញ​ដែលមាន​កូន​ស្រី​ឈ្មោះបងនាង បងតូច និងអាវិតធ្លាប់ចេញចូលទៅលេង។ហើយក្រោយមកខ្ញុំដឹងថាបង
ប្រដែតនោះក៏ជាបងប្អូនខ្ញុំដែរហើយជាប់បងប្អូនអ៊ំរបស់ខ្ញុំឈ្មោះអ៊ុំហ្សួនៅក្រចេះទៀតផង។និយាយរួមសុភានិងខ្ញុំអាចនិយាយថាបងប្អូនបាន។ប៉ុន្តែយើងគ្រាន់តែដឹងថា ជាមិត្តភក្តិ។ សុភា​កំសត់ណាស់។មានរឿងខ្លះដែលខ្ញុំដឹងមិនចង់និយាយនៅទីនេះទេ។គីខ្ញុំសូមនិយាយតែរឿង​ខ្ញុំប៉ុណ្ណោះ។ខ្ញុំ និងសុភាគឺជាសិស្សរៀនពូកែដូចគ្នា។ប៉ុន្តែមិនបានរឿនពូកែ​ដូចសុភាទេ។​ពេល​ខ្លះខ្ញុំគិតថាការរៀនពូកែរបស់ខ្ញុំនេះ ក៏ដោយសារសុភាដែរ។ព្រោះគាត់តែងតែនាំខ្ញុំចូលរៀន​សរសេរលំហាត់និងចំលើយជាស្ម័យសិក្សានៅស្ទើររាល់ថ្ងៃព្រហស្បត៏ជាមួយគ្នាក្នុងបន្ទប់សាលាបឋមសិក្សាចុងកោះសូទីនជាមួយគ្នាដែលកាលនោះយើងចូលតាមបង្អួចស្ងាត់ៗជាពិសេសនៅគ្រាដែលយើងរៀននៅអនុវិទ្យាល័យហើយ។
ខ្ញុំសូមនិយាយពីមិត្តម្នាក់ទៀត។ ក្នុងគ្រារៀននៅអនុវិទ្យាល័យប៉ុន្តែកាលនោះគេហៅថា សា​លា​កំរិត​សិក្សាទី២កណ្តាលកោះសូទិន។ដោយខ្ញុំជាកុមារកំសត់ឪពុកនិងបងៗ​រស់បែកគ្នា​ជា​មួយ​​ម្តាយខ្ញុំហើយខ្ញុំនៅវត្ត។ដូចនេះខ្ញុំមិនកង់ជិះទេ។​ខ្ញុំតែងតែបានទៅរៀន​សាលាកណ្តាល​កោះ​ដោយសារសុម៉េង មិត្តរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំដឹងថា គាត់រស់នៅសៀមរាប។គាត់មាន​ប្រពន្ធនិងកូនហើយប្រកបរបរលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទបន្ទាយស្រី។នេះខ្ញុំបានជួបគាត់ក្នងុឆ្នាំ២០០៣។សុម៉េងថ្វីត្បិតតែគាត់អោយខ្ញុំទៅរៀនដោយសារកង់គាត់មែន។ប៉ុន្តែម្នាក់នេះក៏ធ្វើបាបខ្ញុំមិនតិចដែរ ព្រោះថា កាលនោះគាត់ស្រលាញ់នារីម្នាក់ នាងឈ្មោះ ខ្ញាវ គាត់​តែងតែឌុបនាងពេលត្រលប់មកវិញ ដោយទុកខ្ញុំចោល។ពេលខ្លះខ្ញំដើរមកផ្ទះចំងាយ​ផ្លួវ​ប្រហែល​៤គឹឡូម៉ែត្រ។​វាជាបទពិសោធន៍ជីវិតដ៏អភ័ពមួយនៃខ្ញុំ។​ប៉ុន្តែយ៉ាងណាក៏ដោយ​ការ​ជួយ​របស់មិត្តភក្តិគឺជាការជំពាក់ជាសាគុណមួយ។ក្នុងន័យនេះ វាកាន់តែធ្វើអោយ​ខ្ញុំនឹកឃើញ​ដល់​សុភា មិត្តភក្តិខាងដើមរបស់ខ្ញុំ។មានន័យថា ក្រោយពីយើង​ប្រឡងឌីប្លូមរួច។​ខ្ញុំមិន​បានជាប់​កៅអីទេ គឺជាប់តែឌីប្លូមប៉ុណ្ណោះ។ចំណែកសុភា គាត់ប្រលងជាប់។ដូច្នេះ​គាត់បាន​មករៀននៅវិទ្យាព្រះសីហនុទីរួមខេត្តកំពង់ចាម(នេះប្រហែលជាមានការជួយជ្រោមជ្រែងពីតា​របស់គាត់ដែលក្រោយមកខ្ញុំស្គាល់ថាជាតាស្តើងនិងបងៗជីដូនមួយរបស់សុភា។ ចំណែក​ខ្ញុំ​វិញត្រូវរសាត់ព្រាត់ពីគ្នាទៅរៀននៅភ្នំពេញដោយពុំដែលទទួលបានព៌តមានពីគ្នាទៅវិញទៅ​មកទេនៅពេលនោះ។ ប៉ុន្តែក្រោយុមកទើបយើង​ទាំងពីរមានការទំនាក់ទំនងគ្នាឡើងវិញ។​នោះនៅ​គ្រាសុភាបានមករៀននៅមហាវិទ្យានៅភ្នំពេញ។ចំណែកខ្ញុំក្រោយក៏បានមក​វិលមកស្រុកវិញតាមខ្សែជីវិតអភ័ព។ នៅស្រុកកំណើតក្នុងឆ្នាំ១៩៩៦​ខ្ញុំធ្លាក់ខ្ឡួនឈឺ​ជំងឺ​គ្រុន​ចាញ់​​ពីតំបន់ស្រុកស្នូលទីដែលឪពុកនិងបងៗស្រីរបស់ខ្ញុំរស់នៅ។ ក្រោយពីការព្យាបាល រូប​ខ្ញុំ​មក​សំរាក់នៅស្រុកកំណើតស្នាក់ជាមួយម្តាយរបស់ខ្ញុំ។ ខ្ញុំគ្រានោះដោយចេះភាសាអង់​គ្លេស​ខ្លះៗនោះខ្ញុំក៏បានបើកគួរបង្រៀននៅទីនោះដើម្បីឧបត្ថមជីវភាពម្តាយ។ក្រោយដោយដឹងថាខ្ញុំមានកំរិតវប្បធម៌ខ្ពស់គួសមហើយដោយសារសាលាបឋមចុងកោះសូទិនខ្វះគ្រូនោះ។ខ្ញុំត្រូវា​ទទួលបានកិច្ចសន្យាជាគ្រួថ្នាក់ទ៥នៅទីនោះផងដែរ។ប៉ុន្តែយ៉ាងណាក៏ រូបខ្ញុំមិនសប្បាយចិត្ត​ឡើយព្រោះគ្រាដែលខ្ញុំចាប់ផ្តើមតូចចិត្តដោយឃើញទី១គ្រួសារក្រទី២ចេះស្រលាញ់ដើម្បីរៀបការ។ ទាំងនេះអស់នេះធ្វើអោយខ្ញុំអស់សង្ឃឹមក្នុងជីវិត។ដូច្នេះ ចាប់ផ្តើមមាន​អារម្មណ៍​ចង់​ចំណាកស្រុកដោយផ្សងព្រេញ។ក្រោយពីខ្ញុំសូមអង្វរមេខ្យល់ក្នុងភូមិដែលតែងតែនាំមនុស្សទៅធ្វើកម្មករនៅថៃមិនបានសំរេច។ ព្រោះគេមិនទទួល(ម្នាក់នោះគឺឈ្មោះអាថិត) ។ខ្ញុំក៏មាន​គំនិត​ចង់ទៅប្រទេសថៃដោយខ្លួនឯងដោយមិនដឹងថាវាគ្រោះថ្នាក់ប៉ណ្ណាឡើយ។​ប៉ុន្តែ​ជា​កុសល​ល្អ ពេលមកដល់ភ្នំពេញ ខ្ញុំបានមករកសុភា មិត្តរបស់ខ្ញុំ។ គ្រានោះ​ក្នុង១៩៩៨​ពេល​ដែល​ខ្ញុំចប់កិច្ចសន្យាជាគ្រូ។នៅភ្នំពេញ ដំបូង ការទៅសួររកសុភាដោយ​ដឹង​ថាគាត់​ជាប្រធាន​និស្សិតប្រចាំវត្តស្វាយពពែរនោះ ខ្ញុំត្រូវរងចាំគាត់អស់៤ម៉ោង​រហូតដល់ព្រលប់​ទើបជួបគាត់។​សុភា​មិនអនុញ្ញាតិអោយខ្ញុំទៅប្រទេសថៃទេ។​គាត់ពន្យល់​ខ្ញុំពីឧបសគ្គ​និង​ការគ្រោះថ្នាក់​ជា​ច្រើនដល់ជីវិត។នេះប្រហែលជាគាត់ធ្លាប់ដឹងថាមិត្តខ្ញុំម្នាក់ទៀតឈ្មោះសុផាមានបទពិសោធន៍ជីវិតនៅប្រទេសថៃដ៏ជូចត់។ដូច្នេះសុភាមិត្តរបស់ខ្ញុំខំប្រឹងប្រើអស់គ្រប់មធ្យោយបាយដើម្បីជួយខ្ញុំដំបូងធ្វើម៉េះអោយបានរូបខ្ញុំស្នាក់នៅវត្តស្វាយពពែជាមួយគាត់។យើងបានទៅថ្វាយបង្គំព្រះចៅអធិការវត្ត។ ទិផុតខ្ញុំបាននៅទិនោះដែរ។ជាពិសេសទៅទៀតមិត្តរបស់ខ្ញុំម្នាក់​សប្បុរស​ណាស់អោយកង(ប្រភេទឡើងភ្នំ)មកខ្ញុំជីះហើយបានជួយទំនាក់ទំនងមិត្តគាត់ម្នាក់ឈ្មោះវន្ថា ដែលក្រោយក៏ជាមិត្តខ្ញុំដែរដើម្បីបានមកបង្រៀនអង់គ្លេសនៅសាលាបងរបស់គាត់គឹមជ្ឈ​មណ្ឌលភាសាអង្គរាជនិងម្តុំផ្សារឌុយម៉ិច។កង់ដ៏ថ្លៃរបស់សុភាត្រុវបានចោរលួចនៅថ្ងៃដំបូង​ដែលខ្ញុំមកបង្រៀនភាសាអង់គ្លេសព្រឹកទី១ខណៈដែលខ្ញុំចង់នៅមុខអគារហើយចូលទៅ​បង្រៀន(គ្រានោះមានតែសិស្សម្នាក់គត់)។នេះគឺជាស្រមោលនៃជីវិតខ្ញុំដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ សុភាមានគុណច្រើនណាស់ចំពោះជីវិតខ្ញុំ។​រឿងមួយទៀតនៅក្នុងខណៈ​ពេល​ប្រលង​បាក់ឌុកក្នុងឆ្នាំ១៩៩៤ខ្ញុំបានធ្វើខ្ចីសៀវភៅទស្សនៈវិទ្យារបស់មិត្តទៅរៀន។​ប៉ុន្តែដោយ​ខ្ញុំគ្រានោះមិនពូកែដូចនៅរៀនស្រុកកំណើតទេព្រោះប្រភេទសិស្សរៀនបំពេញវិទ្យា គឹរៀន​យប់។ដូច្នេះជាកំហុសខ្ញុំខ្ញុំបានយកសៀវនោះចូលក្នុងបន្ទប់ប្រលងនៅជាន់ទី១អគារសាលា​ចតុមុខ។ពេលនោះសៀវភៅរបស់សុភាបានត្រូវមេប្រយោគចាប់យកទៅបាត់។ទោះជាយ៉ាងនេះក៏ដោយខ្ញុំមិនដែលប្រាប់ពីមូលហេតុដល់សុភាទេ។នេះជាកំហុសដ៏យ៉ាងធ្ងន់ធ្ងរបស់ខ្ញុំ។​ប៉ុន្តែដោយឡែកក្នុងនិស្ស័យជាមិត្តល្អសុភាមិត្តរបស់មិនដែលសួរនាំឡើយ។ផ្ទុយទៅវិញនាយមានតែជួយគីតាមជួយខ្ញុំរហូត។ បិទភ្នែកក៏ស្រម៉ៃនឹក នឹកគឹតក៏មិនដែលភ្លេច សួមអោយ​មិត្ត​ទាំង​អស់ដែលបានជួយជីវិត ដឹងថា ខ្ញុំនៅជំពាក់គុណអ្នកជារៀងរហូត។
ពីខ្ញុំធាវី

No comments:

Post a Comment