Sunday, June 10, 2012

ដឹងថាបងប្រុសមកលេងផ្ទះចុងក្រោយនៅឆ្នាំ១៩៧៨


នៅក្នុងទូកសំប៉ានធ្វើពីដែកសង្កសីវិលវល់ក្បែរដើមស្វាយមួយដើមនៅក្នុងអូក្រោយវត្ត។ ខ្ញុំហាក់បីដូចជាមិនបានស្រែកយំទេពេលនោះព្រោះមានឪពុកនឹងបងៗលោតចេញពីទូកក្នុង​ខណៈសំប៉ាននោះឃ្លីឃ្លោងរៀបលេចដើម្បីសំរាលកុំអោយទូកលិច។សំណាងល្អក្នុងអូដែលមានទឹកហូរមើលទៅហាក់បីដូចជាសមុទ្រជលសានៅរដុវស្សាទឹកទន្លេបានជន់លិចភូមិអស់ទៅហើយប៉ុន្តែឪពុកខ្ញុំនិងបងៗបានទ្រទូកនោះបានព្រោះជើងពួកគាត់ដល់ដី។ខ្ញុំមិនចាំទេថាពេលនោះយើងមិនដឹងមកពីណាឡើយ។ប៉ុន្តែខ្ញុំស្រពិចស្រពិលថាប្រហែលយើងមកពីភូមិកោះសូទិនខាងជើង។ជាពិសេសមកពីផ្ទះយ៉ិត តាអៀត ដែលមានកូនស្រីឈ្មោះបងសំ​ដែល​ក្រោយមកខ្ញុំដឹងថាយាយនិងតារូបនោះគឺជាឪពុកម្តាយធ៌មរបស់ឪពុកខ្ញុំ។នៅគ្រានោះ ក្នុងសំប៉ានខ្ញុំឃើញមានចេកជាច្រើនស្ទង។ ប៉ុន្តែជាក់ស្តែង ក្នុងរបបប៉ុលពត ការដើរហើរ ពីភូមិ មួយទៅភូមិមួយវាមិនអាចទៅរួចទេ។ នោះមកពីគ្រានោះ អង្គការមហាលោតផ្លោះ បានចាត់ តាំងឪពុកខ្ញុំជាអ្នកដើរប្រមូលផលកសិកម្ម។ យ៉ាងណាក៏ដោយ សំប៉ាន់របស់យើង បានមក ដល់ផ្ទះដោយសុវត្ថិភាព។ សូមជំរាបថា ក្នុងឆ្នាំ១៩៧៨ ទឹកទន្លេមេកុងបានឡើងយ៉ាងធំជាង ឆ្នាំណាៗទាំងអស់ហើយក៏ជាឆ្នាំចុងក្រោយនៃរបបឃោរឃៅនិងខ្មៅយុងឃ្នងនេះផងដែរ។ នៅស្រុកកំណើតរបស់ខ្ញុំឆ្នាំនោះមានកើនប្រជាជនទៅកាប់សម្លាប់ក្រោមរូបភាពបញ្ជូនទៅ រៀនសូត្រ និងផ្តូរទីលំនៅថ្មីយ៉ាងតក់កាហក់។ប្រជាជនត្រូវបានចែងចែកជាពីរ​ពួក គឺក្រុម​ប្រជាជន​៧៥ និងក្រុមប្រជាជនបូព៌ា។ ខ្ញុំក៏មិនដឹងយ៉ាងណាដែរ។ នេះជាមូលហេតុ​ដែលបង​ប្រុសឈ្មោះទី ណាត បង្ខំចិត្តចូលធ្វើកងទ័ពរំដោះត្រូវឆ្ងាយពីគ្រួសារ។ ត្រូងចំនុចនេះ ម្តាយ​និយាយថា បងប្រុសរបស់ខ្ញុំម្នាក់នេះគាត់មានឪពុកមុន គាត់គឺគ្រូបង្រៀនម្នាក់។ប៉ុន្តែក្នុងរបប ប៉ុល ពត គាត់បានស្រលាញ់នារីម្នាក់ឈ្មោះមុំ ដែលខ្ញុំស្គាល់ថា ជាប្រពន្ធពូសឿនបច្ចុប្បន្ន។​ម្តាយ និងឪពុកខ្ញុំបានចូលស្តីនាង ប៉ុន្តែអង្គការមិនអនុញ្ញាតទេ។​ព្រោះអ្នកទាំងពីរ​ជាប្រភេទ​ប្រជា​ជន​ខុសគ្នាដូចខ្ញុំបានរៀបរាប់​ខាងដើម។​ដោយអស់សង្ឃឹមក្នុងជីវិត​ក៏ដូចជា​ខ្មាស​នាង​ផង​នោះ​បងប្រុសរបស់ខ្ញុំបានស្មគ្រចូលយោធារបស់អង្គការហើយ​ត្រូវបញ្ជូន​ទៅច្បាំង​មិនដឹង​ជា​ទៅទីណា!បាត់ដំណឹងសូន្យឈឹង។ លុះឆ្នាំ១៩៧៨ក្នុងខណៈដែលសំប៉ានរបស់ខ្ញុំមកដល់ដើម​ដូង​មុខផ្ទះ ក៏ស្រាប់តែដឹងថាបងប្រុសរបស់ខ្ញុំម្នាក់នោះមកលេងផ្ទះ។ ខ្ញុំនៅចាំបានទៀតថា កាល​នោះគ្រួសាររបស់ខ្ញុំកំពុងរស់នៅផ្ទះដែលអង្គការប្តូរថ្មី គឺផ្ទះពូហេង ឪពុកអាហៀប​សព្វ​ថ្ងៃនេះ។​ក្នុងសភាពដាចរលាត់ និងរបួសស្នាមជាច្រើនកន្លែង ដោយសារសង្គ្រាម ឬ​ហៅ​ថា​សមរភូមិប្រយុទ្ធគ្នា។ បងប្រុសរបស់ខ្ញុំមើលទៅគួរអោយអាណិតណាស់។ ​គាត់​ពុំ​សូវ​ចេះ​និយាយ​ច្រើនទេ។បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គាត់ក៏ប្រញាប៉ត្រលប់ទៅសមរភូមិវិញ​ទាំង​ទឹក​មុខ​​ស្រពោតស្រពោនជាខ្លាំង។ នេះជាព្រិត្តការណ៍ដឹងថា បងប្រុស​របស់ខ្ញុំមក​លេងផ្ទះចុង​ក្រោយ​​នៅឆ្នាំ១៩៧៨។ ការបាត់បងប្រុសរហូត​មកដល់ពេលនេះ​មិនដឹងស្លាប់ ​ឬរស់​បាន​ធ្វើ​អោយ​ខ្ញុំស្អប់ប្រវត្តសាស្រ្តយ៉ាងខ្លាំង។​សូមមេត្តាអ្នកនយោបាយទាំងអស់​កុំយកជីវិតប្រជាជន​ស្លូត​ត្រង់ជាឈ្នាន់សំរាប់តែអំណាចផ្ទាល់ខ្លួនទោះជាដឹងថាខ្មែរត្រូវប្រយុទ្ធជាមួយខ្មែរ​ក៏​ដោយ​នោះ។​ផ្ទុយទៅវិញសូមប្រលឹងយុទ្ធជនពលីទាំងអស់ទៅកាន់សុខតិភព និងបង្វែរគោលគំនិត​នយោបាយរបស់អស់លោកដឹកនាំណាក៏ដោយអោយស្រលាញ់ខ្មែរនិងបរណៈភាពដែនដីខ្មែរជារៀងរហូត។

No comments:

Post a Comment