Sunday, June 10, 2012

ទង្វើរល្អនិងអាក្រក់


អ្វីៗចេះតែនឹកឃើញជាបន្តបន្ទាប់ក្នុងខណៈដែលរូបខ្ញុំនេះខំបិទភ្នែកប្រមូលអារម្មណ៍គិតទៅ​ក្នុងអតិតកាលក្នុងវ័យកុមារយ៉ាងយូរមកនេះ។នៅជាកុមារភាពគ្មានអ្នកណាម្នាក់ដឹងទង្វើរ​ដែលខ្លួនធ្វើសុទ្ធតែត្រូវនោះឡើយ។ផ្ទុយទៅវិញការប្រព្រិត្តិអ្វីមួយគឺសុទ្ធតែធ្វើឡើងជាទំលាប់តាមគ្នាប៉ុណ្ណោះ។ដូច្នេះមានទង្វើខ្លះប្រកបដោយបុណ្យហើយទង្វើរមួយចំនួនទៀតអាច​និយាយថាជាអំពើបាប។បើទោះបីខ្ញុំជាក្មេងវត្តម្នាក់រស់នៅដោយបំរើព្រះសង្ឈយ៉ាងណាក៏​ដោយក៏រូបខ្ញុំនៅគ្រានោះពុំអាចចែកថាអំពើបាបនិងអំពើបុណ្យយ៉ាងណាឡើយ។តួយ៉ាងគ្រួសារខ្ញុំដែលគ្រានោះខ្ញុំឃើញមានតែយាយ តា និងម្តាយខ្ញុំប៉ុណ្ណោះ ពួកគាត់ជា​អ្នកសុំសិល​គ្មានថ្ងៃខាន។ ពួកគាត់តែងតែទូន្មានប្រៀនប្រដៅរូបខ្ញុំអោយវាងចាកការសំលាប់សត្វ និងអំពើអាក្រក់ទាំងឡាយ។សូម្បីខ្ញុំខំចិញ្ចឹមមាន់ដែលបានពីការប្រវ៉ាសមេមាន់គេក៏ពួកគាត់ហាមមិនអោយកាប់ហូបដែរ។ផ្ទះខ្ញុំមិនអាចចិញ្ចឹមអ្វីទាំងអស់សូម្បីចិញ្ចឹមគោក៏គោនោះស្លាប់ដែរ។ខ្ញុំចាំបានថាផ្ទះខ្ញុំមានគោមួយប៉ុន្តែក្រោយមកគោនោះពុលស្មៅងាប់បាត់ទៅ។
នេះជាមួលហេតុដែលពួកគេមិនអោយខ្ញុំចិញ្ចិម។បើទោះជាយ៉ាងនេះក៏ដោយរូបខ្ញុំមិនដឹងថា​ពួកគាត់ចង់អោយខ្ញុំស្អាតនឹងអំពើបុណ្យនោះឡើយប៉ុន្តែខ្ញុំពិតជាមិនយល់អ្វីទេគឺខ្ញុំធ្វើអ្វីតាម​ចិត្តខ្ញុំចង់ប៉ុណ្ណោះ។ខ្ញុំនៅចាំបានទៀតថាគ្រាមួយក្រោយពេលលោកឆាន់បាយថ្ងៃត្រង់ហើយនៅរដូវវស្សា ទឹកទន្លេមេគង្គបានឡើងចូលគ្រប់ទន្លេព្រែកនិងអូ ហើយទន្លេក្រោយផ្ទះខ្ញុំបាន​ហូរ​ចូលផងដែរ។ពេលនោះខ្ញុំបានយកផ្លែសន្ទួច ជាច្រើនផ្លែចង់ជាខ្សែ បិតនុយជន្លេន​ដោយ​ចង់​ខ្សែនឹងដុំថ្មនៅចុងខ្សែរួចខ្ញុំហែល​ទៅឆ្ងាយហើយទំលាក់ចូលទៅបាតអូ​ចំណែកចុងខ្សែ​ម្ខាង​ទៀត​ខ្ញុំចងនឹងបង្គោលឫស្សីមួយ។ ពេលនោះខ្ញុំបានត្រូវច្រើនណាស់​បន្ទាប់​ពីខ្ញុំ​សារ​មក​វិញ​៣​ម៉ោង​ក្រោយមក។​ទង្វើរនេះខ្ញុំបានលាក់មិនអោយអ្នកផ្ទះខ្ញុំដឹងទេ។​រឿងផ្សេង​ទៀតនៅ​រៀង​រាល់​យប់ទោះជាខែភ្លឺក្តីខែងងឹតក្តី យើងជាក្មេងតែងតែជួបជុំគ្នា​នៅបង់អង្គុយ​នៅខ្លោងទ្វាវត្ត។​ពេល​នោះ​យើង​បាននាំគ្នានិយាយពីនេះពីនោះឬក៏ស្តាប់វិទ្យុវីអូអេជាដើម។​ប៉ុន្តែភាគ​ច្រើន​យើង​​តែង​​អោយមិត្តម្នាក់ដែលគាត់ពេលនោះអាយុច្រើនជាងខ្ញុំ ច្រៀងអោយស្តាប់។​គាត់​ច្រៀង​ពិរោះ​ណាស់ គាត់ចូលចិត្តច្រៀងបទ លោកស៊ិនស៊ីសាមុត។បុរសម្នាក់នោះឈ្មោះងាន់ នៅ​ភូមិ​ទី៨ចុងកោះសូទិន។​ក្រៅពីនេះ ពេលខ្លះយើងលួចបេះដូងវត្តហូប។​ពេលខ្លះ​ខ្ញុំជា​អ្នក​ឡើង​ដើមដូង។​នេះជាទង្វើរមួយដែលឥឡូវនេះខ្ញុំដឹងថាជាទង្វើមួយ​​មិនគប្បីទេ។ប៉ុន្តែគ្រានោះ ខ្ញុំពិត​ជា​មិនដឹងអីមែនម៉្យាងវិញទៀត​តារបស់ខ្ញុំ​ជាប្រធានកាន់កាប់ដូងវត្តទៀតផង។​គ្រោះថ្នាក់​ណាស់ឡើងបេះដូងពេលយប់។​ប៉ុន្តែគិតថា តា ខ្ញុំគាត់ខ្លាចខ្មោចណាស់គាត់ពិតជាមិនមកទេ។ នេះជាអំពើដែលរូបយល់ថាជាអំពើមិនគប្បីមួយសំរាប់ជីវិតខ្ញុំកាលនៅតូច។ប៉ុន្តែបើនិយាយពីទង្វើរល្អវិញមានច្រើនណាស់។

No comments:

Post a Comment