Saturday, December 29, 2012

កំហុសកូន



ម៉ែអើយអើយម៉ែ                 សម្លឹងមើលខែ
ចន្ទដូចម្តាយថ្លៃ                  ម្តាយបីបាច់កូន
ខែផ្តល់រស្មី                         បញ្ចុកចំណី
គឺថ្លៃមានគុណ។
ពុកបានស្លាប់ចោល           ម៉ែរស់តែលតោល
មិនដូចពីមុន                       តែម៉ែខំរស់
ក៏ព្រោះចិត្តបុណ្យ               ថ្ងៃខ្លះម៉ែគ្រុន
ខំថែរទាំបុត្រ។
ម៉ែអោយកូនរៀន               ស៊ូខ្សត់អត់ឃ្លាន
គ្មានគិតពីទុក្ខ                     ម្តាយស្រលាញ់កូន
គឺកូនជាបុត្រ                       គុណម៉ែច្រើនមុខ
ធំស្មើព្រហ្មធ៌ម។
តែបែរជាកូន                      ឃើញតែលេខសូន្យ
ភ្លើតភ្លើនវឹកវរ                     ម៉ែអោយទៅរៀន
ទីក្រុងស្រស់ល្អ                  បក្សពួកឆូរឆរ
ភ្លេចការរៀនសូត្រ។
ម្តាយនៅឯស្រុក                 ខ្វល់ខ្វាយទុក្ខសុខ
បារម្ភស្រងូត                      ខ្វល់នឹកតែកូន
គិតថារៀនសូត្រ                 កូនម៉ែស្លូតបូត
នឹងបានធ្វើគ្រូ។
ម៉ែអើយកូនខុស                 កូនមានកំហុស
មិនដូចគិតគូរ                     កូនលុងនឹងស្រី
ភ្លេចម៉ែតស៊ូ                        អស់ពេលជាយូរ
កូនកហក់ម្តាយ។
ឥឡូវកូនដឹង                       ម៉ែអើយរឿងហ្នឹង
កូនសែនសោកស្តាយ        សូមអ្នកគ្រប់គ្នា
ជៀសវាងអោយឆ្ងាយ        ល្បែងថោកទាំងឡាយ
អន្តាយជីវិត។
រឿងខ្ញុំនឹងម្តាយ                  សង្ខេបបរិយាយ
អោយអ្នករិះគិត                  កុំភ្លើនភ្លេចម៉ែ
អាណិតដល់ចិត្ត                 ចូរគិតអោយល្អិត
ក្នុងនាមជាមនុស្ស។
                                          ត្រពាំងរូង ថ្ងៃទី ៩​ សីហា ឆ្នាំ២០១២
                                          និពន្ធដោយ ទី ធាវី

No comments:

Post a Comment