Tuesday, May 29, 2012

ក្តីរន្ធត់ដំបូងក្នុងជីវិត


ឆ្នាំ១៩៨៩ ជំនោររំហើយរងារបានបក់ត្រសៀកៗមកប៉ះនឹងរាងកាយខ្ញុំ។ ពេលព្រឹកព្រលឹម ខ្ញុំ និងអ្នកស្រុកចាស់ក្មេង ជាពិសេស អ្នកផ្ទះនៅក្បែរខាងរបស់ខ្ញុំ បាននាំគ្នាមកអង្គុយជុំវិញផ្នួក ភ្នើង។ រដូវរងារឆ្នាំនេះ រងារណាស់! ចាស់ៗ​ឧទាន​ឡើង។​ជាការ​ពិត​នៅ​រដូវ​រងារ​កោះ​សូទិន​ភូមិ​ខ្ញុំ ដែលជាដីកោះទន្លេមេគង្គពិតជារងារមែន។ ខែមករា និងខែកុម្ភៈ​ពេលព្រឹក មនុស្សម្នា​បានស្លៀកពាក់អាវរងារយ៉ាងក្រាស ភាគច្រើនជានារី ក្បាលហ៊ំដោយក្រម៉ាកំពុងហាលថ្នាំជក់ លើកន្ទេលធ្វើពីដើមរុណ។ខ្ញុំ ក៏ដូចជាក្មេងដទៃទៀត ខំប្រឹងជញ្ជូនថ្នាំពីជ្រុញ កំពុងហាន់មក​អោយ​អ្នកដែលកំពុងហាលថ្នាំរៀងៗខ្លួន។ចាស់ៗខ្លះ កំពុងបត់ ឬប្រមុម​ថ្នាំដែល​ត្រូវ​សន្សើម​គ្រប់គ្រាន់ដាក់ក្នុងជេល។ ពេលថ្ងៃ​ អ្នកខ្លះទៅចំការដើម្បីកាច់សន្លឹកថ្នាំជក់មករៀបបន្ទំ។ អ្នកខ្លះ កំពុងសកថ្នាំ ដែលបន្ទំពីរបីថ្ងៃហើយ​ដើម្បីយកទងចេញពីសន្លឹកថ្នាំ​និងរៀប​ទុក​សំរាប់​អ្នក​ហាន់។ ដារីមិត្តរបស់ខ្ញុំ នាយត្រូវបានម្តាយរបស់ខ្ញុំ​ជួលអោយហាន់​ថ្នាំអោយផ្ទះខ្ញុំ។​នៅ​រៀង​រាល់​យប់ដារី តែងមកគេងជាមួយខ្ញុំនៅគ្រែមួយក្រោមផ្ទះ។ នៅពេលយប់ជួន​មេឃ​ភ្លៀង​និង​ខ្យល់ យើងបានរត់ជួយសារថ្នាំអោយម្តាយខ្ញុំដែលកំពុងហាល​សន្សើម​ក្នុង​បរិវេណ​វត្ត​ចុង​កោះ។ អ្នកភូមិដទៃទៀត ក៏ធ្វើដូចគ្នាដែរ។​ ក្រៅពីមេឃភ្លៀង​និងខ្យល់​ក្រោម​ផ្ទៃ​មេឃ​ភ្លឺថ្លា​ដោយ​ព្រះចន្ទ័ កន្ទេលដែលមានថ្នាំហាលត្រូវហាលសន្សើមជាធម្មតា។ ​យប់នេះ​ខែខ្នើត​បាន​កន្លង​ផុត។ ​ខែរនោចបានចាប់ផ្តើម។ ​ផ្ទះរបស់ខ្ញុំមិនបានហាន់ថ្នាំឡើយ។​ដារីក៏ត្រូវហាន់​សំរាប់ផ្ទះគេម្តង។​ ដារីបានបបួលខ្ញុំទៅគេងផ្ទះគេផងដែរ។ យប់ទី១នៅម៉ោងប្រហែលជា៩ នៅក្រោមផ្ទះរបស់ដារី ភាពងងីតនៃរាត្រីបានធ្វើអ្វីៗមិនអាចមើល​ច្បាស់ឡើយ។​ លើ​ផ្ទះ​សំលេងទ្រឹបៗដោយស្នូរជើងរបស់នារីម្នាក់កាន់ដោយចង្កៀងប្រេងកាតភ្លឺរឹមៗបានមក​ផ្ទះបាយ។ រីឯដារីបានស្ទុះភ្លេតហាក់ដូចដឹងនូវទំលាប់នេះហើយកេះអោយរូបខ្ញុំនេះលបៗ​ទៅ​តាម។​ ខ្ញុំ ក៏ដើរលបៗតាមនាយដោយថែមទាំងមិនដឹងនូវអ្វីផង។ នៅនឹងកន្លែង​ក្រោម​ពន្លឺចង្កៀងនោះដារីបានក្តោបមុខពិលបើកបំភ្លឺរឹមៗបញ្ចាំងឆ្លុះចូលទៅលាយឡំក្នុងពន្លឺចង្កៀងដែលនៅខាងលើផ្ទះ។ ក្បាលងើយភ្នែកសំលឹងទៅលើ។ យើងចាប់ផ្តើមឃើញ​ជ្រោះធម្មជាតិមួយ​យ៉ាងចំឡែកអមដោយព្រឹក្សាក្រាល​ដោយវាល​ស្មៅរ៉ុយៗ​ទន់ល្មើយ​ជាជ្រោះអាថកំបាំង​មានមន្តសំរើបដាស់អារម្មណ៍ យុវវ័យដំបូងរបស់ខ្ញុំ បង្ខំអោយអង្គក្សាត្រា ឬអង្គជាតិរបស់ខ្ញុំខឹងសម្បារស្ទើរមិនអាចទ្រាំបាន។ស្ថិតនៅក្រោមល្អាងមាត់ជ្រោះក្នុង​អារម្មណ៍រន្ធត់ខុសពីធម្មតា ជើងរបស់ខ្ញុំ ចាប់ផ្តើមញ័រតត្រាក់ ឈរក្រោមដំណក់ទឹកជ្រោះ មានរស់ជាតិប្រៃៗខ្ញុំពិតជាជ្រួលច្រាល់ក្នុងចិត្តណាស់ព្រោះដឹងថានារីម្នាក់នោះ ជាសិស្សថ្នាក់៩ធ្លាប់រៀនជាមួយខ្ញុំដែលនាងទើបតែពេញវ័យក្រមុំផងដែរ។ នាងជាជីដូនមួយ​របស់ដារី​ឈ្មោះ(សូមមិនប្រាប់)។ ដារី ហាក់ដូចជាមានអារម្មណ៍ហ្នឹងហ្នជាងខ្ញុំ ព្រោះគេស៊ាំ​ទៅនឹងការលបមើលនេះហើយ។ ផ្ទុយទៅវិញ ខ្ញុំវិញទេ ដែលជ្រួលច្រាល​ដូចមាន់​រក​ពង​ពិត​ជា​មិនអាចឈរនៅស្ងៀមនឹងមួយកន្លែងឡើយព្រោះភ័យមិនធ្លាប់ជួប។ ខ្ញុំ ក៏រត់ចេញ​ប្រហែល៨​ទៅ៩ម៉ែត្រតាមផ្លូវទៅកំពង់ទឹកក៏ស្រាប់តែវ៉ាក់អើជាមួយបុរសចំណាស់ម្នាក់កំពុងដឹកគោឡើងពីកំពង់ទឹកមក។ តាមផនស្រែសំឡុតសួរខ្ញុំថាពីណាគេ? មកធ្វើអីនៅទីនេះ?” “គឺខ្ញុំ ចាំអាដារីកំពុងចាប់មាន់ ខ្ញុំបានឆ្លើយបំលែងស្ថានការណ៍ប៉ុន្តែយ៉ាងណាវាកាន់តែធ្វើអោយខ្ញុំរន្ធត់កាន់តែខ្លាំងឡើងៗ ព្រោះគាត់និយាយថាអញ្ចឹងបានជាមាន់អញចេះតែបាត់មាន់អស់។នេះជាក្តីដំបូងរបស់ខ្ញុំក្នុងជីវិត។

ការធ្វើត្រីប្រហុកផ្អកនៅស្រុកខ្ញុំ


ក្នុងខណៈទឹកទន្លេមេគង្គបាននាជមកដល់កំរិតដើមវាគឺជាដើមរដូវប្រាំដែលប្រជាកសិករស្រុកខ្ញុំចាប់ផ្តើមភ្ជួររាស់ដីចំការរៀងៗខ្លួន។ទោះជាខ្ញុំចាំមិនច្បាស់ថាវាជាខែណាពិតប្រាកដក៏ដោយ ប៉ុន្តែខ្ញុំនៅចាំថាវាជាពេលដែលអ្នកស្រុកខ្ញុំបានបុករណ្តៅដាក់ដាំកូនថ្នាំនៅតាមចំការនិមួយៗនៅត្រើយអូមួយនៅក្រោយផ្ទះខ្ញុំ។ខែនោះសត្វចង្រិតក៏ចាប់ផ្តើមពូនកំពូលរបស់វាផងដែរ។ មើលទៅចំការកូនថ្នាំទើបដាក់ដាំបានលាស់លូតឡើងយ៉ាងខៀវស្រង៉ាត់។ខែមេសាបានកន្លងផុតទៅប្រជាកសិករភាគច្រើនក៏រួចរាល់ពីប្រមូលថ្នាំជក់ដែលបានដាំនៅផងដែរ។អ្នកខ្លះបានភ្ផូររាស់ដីសារជាថ្មីដើម្បីអនុផលដាំនូវដំណាំផ្សេងទៀតរូមមានពោត និងល្ង។ខែកក្តឹកបានបានមកដល់ផលមួយទៀតក៏បានមកដល់សំរាប់ជីវិតអ្នកចំការកោះសូទិនភូមិខ្ញុំ។នោះគឺជារដូវត្រីនៃទន្លេមេគង្គចាប់ពងឫអាចនិយាយថាជារដូវត្រីពង។ ក្នុងទស្សវត្តន៍ឆ្នាំ១០៩៨០នៅប្រទេសកម្ពុជាប្រហែលជាមិនទាន់ច្បាប់ផ្នែកជលផលតឹងរឹងប៉ុន្មានទេមើលទៅ។នេះគឺជាអ្វីដែលខ្ញុំចាំថា នៅរដូវនោះគេបានដាក់អ៊ូនដាក់ម៉ងជាពិសេស គឺក្រុមបងប្អូនជាតិអ៊ីស្លាម។សូមជំរាបថា នៅស្រុកខ្ញុំមានចាមច្រើនណាស់ គឺមានភូមិចាមមួយយ៉ាងធំនៅភូមិទី៨ដែលលាតសន្ធឹងពីម្តុំផ្ទះតាឆាយរហូតដល់ម្តុំផ្សារក្បែរវត្តតាអ៊ុក។ក្រុមពួកគាត់នេះឯងជាអ្នកមានជំនាញ់រកត្រី(ខ្មែរពុំសូវជាអ្នករកត្រីពេលពេលនោះ)។នៅទន្លេគង្គខាងត្បូង ឬអាចនិយាយថាទន្លេខាងកោះចិននៅចុងឯនាយចំការថ្នាំដែលមានចំងាយមួយគីឡូម៉ែត្រពីអូក្បាលចំការក្រោយផ្ទះខ្ញុំក៏មានវាលមានវាលខ្សាច់មួយយ៉ាងធំល្វឹងល្វើយ។ក្រុមខ្មែរឥស្លាមបាននាំគ្នាមកបោះជំរុំធ្វើជាឡូនេសាទមួយយ៉ាងធំប្រៀបដូចជាទីក្រុងមួយយ៉ាងអ៊ូអរ។មិនថាតែផ្ទះខ្ញុំអ្នកស្រុកផ្សេងទៀតទេគឺថាយើងត្រូវឆ្លងទូកឆ្លងអូរហើយដើរសំដៅទីក្រុងនោះ។ថ្ងៃនោះខ្ញុំបានរែកប៉ោតដោយត្រលប់មកវិញជាមួយត្រីក្នុងប៉ោតអំរែករបស់ខ្ញុំយ៉ាងធ្ងន់។រំលឹកលើព្រិតការនេះក្នុងដើមទស្សវត្តន៍ឆ្នាំ៨០ឪពុករបស់ខ្ញុំក៏មានអ៊ូនមួយយ៉ាងធំផងដែរ។មានមនុស្សច្រើនណាស់ដែលជាកម្មករអូសអ៊ូសនោះហើយត្រីក៏បានច្រើនណាស់ដែរ។ក្រោយពីបានត្រីដែលខ្ញុំរែកពីវាលខ្សាច់ចុងចំការឬហៅថាជាទីក្រុងទិញត្រីនោះ ម្តាយរបស់ខ្ញុំអ្នកស្រុកជួយគ្នាជាអ្នកធ្វើប្រហុក ឬផ្អក។ត្រង់ចំនុចនេះ ខ្ញុំនៅចាំទៀតថា ពួកគាត់ខ្លះសកស្រការវះពោះកាត់ក្បាលត្រីអាចកុកនិងត្រីប្រភេទផ្សេងទៀតខ្ញុំមិនសូវស្គាល់ឈ្មោះ។ខ្លះប្រហាក់អំបិលឯក្បាលរបស់វាត្រូវរំងាស់យកខ្លាញ់។នៅស្រុកខ្ញុំខែនោះគេកម្រប្រើចង្កៀងប្រេងកាតណាស់ព្រោះគេបានខ្លាញ់ត្រីពីការរំងាស់ក្បាលត្រីទាំងនោះដូចនេះគេប្រើចង្កៀងខ្លាញ់ជំនួស។ ការធ្វើត្រីវាម៉្យាងដែរសំរាប់ជីវិតអ្នកចំការដូចជាខ្ញុំនេះ។អ្វីដែលខ្ញុំក៏ដូចជាពួកសប្បាយចិត្តនោះគឺធ្វើត្រីនៅពេលខែភ្លឺជាជាងខែងងឹត។

Friday, May 25, 2012

បទពិសោធន៍ជាក្មេងវត្ត


ក្នុងសំលេងសូត្រធ៌មព្រមគ្នានៃក្រុមចាស់ៗដែលហៅថាជូនជីនិងតាជីខ្ញុំជាក្មេងវត្តម្នាក់ក៏ត្រូវបទជើងសំពះសូត្រធ៌មតាមពួកគាត់ជារឿយៗផងដែរ។នេះមិនគ្រាន់តែនៅថ្ងៃឧបោសុទ្ធសិលឬនៅរយៈពេលដាក់បិណ្ឌទាំង១៥ថ្ងៃនោះឡើយ។ជួនកាលទៀតគឺនៅក្នុងពិធីបុណ្យផ្សេងៗដែលខ្ញុំនេះឯងបានទៅតាមព្រះសង្ឃចូលរូមសូត្រនៅទីនោះ។ ត្រង់ចំនុចនេះខ្ញុំសូមរំលឹកបន្តិចនូវធ៌មថ្វាយបង្គំវត្តព្រឹកដែលខ្ញុំបានចាំក្នុងពេលនៅកុមារ។នេះជាធ៌មសំរាប់វត្តធម្មយុត្តិកនិកាយៈឥមានិ មយំ បដិមារូបានិ តំ ធរមាណកំ វិជ​មញ្ញ​ណមា។​យើងខ្ញុំទាំងឡាយសូមក្រាបថ្វាយបង្គំនូវ.....ធ៌មនេះខ្ញុំនៅចាំដោយកង់ៗប៉ុណ្ណោះហើយធ៌មនេះមានបកប្រែជាកង់ៗផងដែរ។ទោះជាយ៉ាងនេះក៏ដោយសំរាប់ធ៌មថ្វាយបង្គំវត្តមហានិកាយវិញក៏ខ្ញុំនៅចាំផងដែរព្រោះថាក្នុងឆ្នាំ១៩៩០ដល់១៩៩៣ខ្ញុំបានមកស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញដើម្បីរៀនជំនាញកម្មករជំនាញជួសជុលរថយន្តនៅមជ្ឈមណ្ឌលបច្ចេកទេសមិត្តភាពកម្ពុជាសូវៀតដែលក្នុងរយៈនោះសាលាត្រូវប្តូរឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រះ​​កុសមៈ។​នៅទីនោះខ្ញុំក៏ដូចជានិស្សិតដទៃទៀតតំរូវអោយថ្វាយបង្គំព្រះរាលយប់នោះ​ផង​ដែរ។​​ធម៌នេះ គឺៈ ឥមេហិ ទិបាធុបា ដិសការេហិ ពុទ្ធំធម្មំអភិបុជយាមិ ពុទ្ធំសង្ឃំអភិបូជយាមិ មេតាបិតា ទិណំគុណវន្តា មញ្ញច ដិឃរតំ អថាយ ហិតាយ សុខយ។ សូមជំរាបថា ធ៌ម​នេះ​ដូច​ជាពុំឃើញបកប្រែទេ។ លើកលែងធ៌មវេចង្ហាន់នៅក្នុងបង្សកុលឬសង្គទានប៉ុណ្ណោះ។ ខ្ញុំ​ក៏​នៅ​ចាំខ្លះៗដែរ។ខ្ញុំសូមមិននិយាយពីធម៌ច្រើនពេកទេ។តែសូមរំលឹកតែពីបទពិសោធន៍ជាក្មេងវត្តរបស់ប៉ុណ្ណោះ។​ខ្ញុំជាក្មេងម្នាក់នៅស្រុកកំណើតភូមិទី៩ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម។ ខ្ញុំត្រូបានចាស់ៗដែលអញ្ជើញមកវត្តធម្មយុត្តចុងកោះស្ទើរតែទាំងអស់ចូលចិត្តខ្ញុំណាស់។ ខ្ញុំនៅចាំបានថាខ្ញុំមានងាមួយទៀតដែលនៅក្មេងនោះគឺលោកតាអាចារ្យស៊ីមគាត់តែហៅខ្ញុំថាអាច្តិតខ្ញុំមិនដឹងថាឈ្មោះនេះមានន័យយ៉ាងណាទេ។អាចារ្យស៊ីមរូបនេះក្រោយមកគាត់បានស្លាប់ហើយខ្ញុំក៏បានទៅតាមលោកតាយ៉ាំងធីចូលរួមទេស្នាក្នុងពិធីបុណ្យសពគាត់ផងដែរដែលខ្ញុំនៅចាំថាផ្ទះគាត់ស្ថិតនៅភូមិទី៧ហូសវត្តតាអ៊ុកហើយកូនចៅគាត់មានមករស់នៅក្រុងព្រះសហនុឬកំពង់សោម។ឈ្មោះអាឆ្តិចរបស់ខ្ញុំនេះមិនគ្រាន់តែតាអាចារ្យស៊ីមហៅខ្ញុំប៉ុណ្ណោះទេមានពូថានដែលមានប្អូនថ្លៃប្រុសឈ្មោះពូប៉ែតរស់នៅភូមិសំរោងឆ្លងតាមត្រើយជីហែតាមផ្លូវមាត់ទន្លេតូច។ពួកគាត់គ្រានោះប្រកបអារឈើ។ប៉ុន្តែក្រោយមកខ្ញុំដឹងថាតាម​ពិតពូថានជាឪពុកដែលមានកូនពិការជើងម្នាក់ឈ្មោះទូរូបនេះមានជំនាញពិសេសជាវិស្មកករសំណងហើយត្រូវជាសាច់ញាតិជំទាវរបស់ឯកឧត្ថមសាយឈុំដែលមានកំណើតនៅកណ្តាលកោះសូទិនស្រុកខ្ញុំផងដែរ។ឥឡូវពូថានរស់នៅនិងធ្វើការក្នុងក្រុងភ្នំពេញ។ គាត់ក៏តែងតែហៅថាខ្ញុំថាអាឆ្តិចផងដែរ។បទពិសោធន៍ជាក្មេងវត្តក្រៅពីចាស់ៗចូលចិត្តខ្ញុំក៏ជាក្មេងម្នាក់អភ័ពផងដែរព្រោះថាគ្រានោះខ្ញុំនៅក្មេងពេកជាហេតុអោយក្មេងវត្តធំៗផ្សេងទៀតតែងធ្វើបាប។ខ្ញុំនៅចាំបានថារាល់ពេលហូបបាយជុំគ្នាខ្ញុំពុំសូវបានម្ហូបឆ្ងាញ់ៗហូបទេព្រោះត្រូវ​បងធំៗទាំងនោះបានលើកម្ភូបនោះបន្តគ្នាពីដៃមួយទៅដៃមួយ។ខ្ញុំបានត្រឹមតែសំលឹងមើលគេប៉ុណ្ណោះ។រឿងមួយទៀតពួកគាត់តែងតែលូចញ៉ត់ម្ទេសចូលក្នុងត្រកួននៃសម្លម្ជូរត្រកួនជាដើម។ជាហេតុអោយខ្ញុំយំសឹងរាល់ថ្ងៃ។ខ្ញុំនៅក្មេងខ្ញុំយំច្រើនណាស់។ខ្ញុំចូលចិត្តស្រែកជេរចំពោះ​អ្នកដែលបានធ្វើបាបខ្ញុំ។មានម្តងមួយនោះដោយទ្រាំមិនបាននឹងការធ្វើបាបពីក្មេងម្នាក់ឈ្មោះអាជាខ្ញុំក៏វៃវាអោយយំផងដែរ។នេះខ្ញុំនៅចាំមិនភ្លេចទេឪពុកវាឈ្មោះតាដនបានកាន់ជើងកូនទាំងងងើល។ពេលនោះគាត់បានមកទះកាំភ្លៀងខ្ញុំទាំកំរោល។គ្រានោះឪពុកខ្ញុំគាត់ខឹងណាស់ចង់ប្តឹងតាដុននោះតែក្រោយមកឪពុកខ្ញុំបានស្ងប់ចិត្តទៅវិញ។ដូចជារៀបរាប់មិនទាន់អស់ទេ​នូវបទពិសោធន៍ជាក្មេងវត្តនោះ។ប៉ុន្តែសូមអោយខ្ញុំបានកត់ត្រានូវឈ្មោះក្រុមអ្នកនៅវត្តជាមួយគ្នាសិន។​ពួកគាត់រូមមានពូតោកូនតាភេន អាក្តូច កូនយាយឡេន អាយឿន និងអាឡូត​កូន​ពូយឹន អាខ្នាតកូនពូគាន់ អាគ្លិន និងអាវិនកូនគ្រូអាន អ!ច្រើនណាស់។ បទពិសោធន៍​របស់​ជាក្មេងវត្តគឺជ្រុកជ្រិញនិងការហូបអាហារចំរុះមុខជាពិសេសនៅរដូវភ្ជំគឺយើងបានចាក់ម្ភូបចូលលាយគ្នាជាច្រើនមុខដោយកំដៅហូបបានជាច្រើនថ្ងៃ។ថាទៅក្នុងភាពជាក្មេងវត្តរបស់ខ្ញុំខ្ញុំហាក់បីដូចជាមិនមានអារម្មណ៍ខ្លាចខ្មោចទេព្រោះជារឿយៗខ្ញុំបានឃើញមុខអ្នកស្លាប់ច្រើនករណី​ក្នុងពេលគេបើកអោយសាច់ញាតិមើលមុនពេលបញ្ចុះក្នុងរណ្តៅជាដើម។សូម្បីជិវិតរៀបផុត​រលត់ទៅទីបរលោករបស់មនុស្សចាស់ៗដែលខ្ញុំបានតាមលោកទៅអោយធ៌មជូនដំណើរពួក​គាត់ក៏ខ្ញុំឃើញដែរ។ខ្លះវេទនាណាស់មុននឹងខ្យល់ស្លាប់។ដូចនេះលោកអ្នកគួរតែធ្វើអំពើល្អនិងជឿលើអំពើល្អរបស់ខ្លួនដែលប្រព្រិត្តទើបស្លាប់បានក្នុងផ្លូវសន្តិភាព។សូមនិយាយពីបទ​ពិសោធន៍ជាក្មេងវត្តកាលខ្ញុំនៅវត្តក្នុងក្រុងភ្នំពេញវិញ។នៅវត្តទឹកថ្លាដែលស្គាល់ថាជាវត្តនៅ​ជាយក្រុង។​ខ្ញុំត្រូវបង់ថ្លៃស្នាក់ទៅអោយព្រះចៅអធិការវត្តឈ្មោះក្រូចសំអាត ហៅលោកតា មាន មួយខែអង្ករមួយតៅ និងប្រាក់៣ពាន់រៀល។​ជារៀងរាល់ថ្ងៃខ្ញុំ​ក៏ដូចជានិស្សិត​ដទៃ​ទៀត​ត្រូវកាប់ដី​រាប់សឹបឡានដើម្បីបំពេញស្រះ។សូមជំរាបថាបរិវេណវត្តទឹកថ្លាក្នុងទស្សវត្ត១៩៩០ ជាដីបាតបឹងហើយមានស្រះទឹកភាគច្រើន។ដូចនេះយើងត្រូវដាស់ដោយសំលេងអាគាំងនៅម៉ោង៤.៣០នាទីទៀបភ្លឺជូនកាលដាស់ដោយការតាមដេញពីលោកតាចៅអធិការក្រួចសំអាតដ៏កាច់ដែលកាន់តែពូថៅនៅពេលនោះ។ខ្ញុំធ្លាប់លូនក្រោមគ្រែម្តងដែរដើម្បីលាក់ខ្លួនព្រោះខ្ជិលក្រោកពីដេក។ដៃខ្ញុំគ្រានោះឡើងក្រិនអស់ហើយ។យើងបានបន្សល់ទុកសំរាប់និស្សិតជំនាន់ក្រោយដោយបានដាំស្វាយជាច្រើនដើមមកដល់បច្ចុប្បន្តនេះ។យើងក៏បានដាំពោតផងដែរ។​ក្នុងភាពក្មេងវត្តពេលខ្លះខ្ញុំនឿយនាយធុញទ្រាន់ក្នុងការធ្វើពលកម្មនេះខ្លាំងណាស់ព្រោះចេញទៅរៀនសឹងតែមិនទាន់។ក្រោយមកក្នុងឆ្នាំ១៩៩៨ដល់២០០០ខ្ញុំបានក្លាយជាក្មេងវត្តម្តងទៀតក្រោយត្រលប់ពីបង្រៀនបឋមសិក្សានៅស្រុកកំណើតគឺខ្ញុំបានមកស្នាក់នៅកុដិលេខ២ក្នុងវត្តស្វាយពពែ។សូមអរគុណដល់សុភា (ហេង សុភា,បច្ចុប្បន្នជាលេ​ខា​ទី១​ប្រចាំ​ទូត​ខ្មែរ​នៅ​ប្រទេស​ឡាវ)។ សុភាមិត្តល្អរបស់ខ្ញុំ​ជាអ្នកជួយសំរួល​អោយបាន​រស់នៅ។​នៅទីនោះ​ខ្ញុំត្រូវបាន​បែកចែកដោយប្រធានក្រុមនិស្សិតក្នុងវត្តជាក្រុមបោសសំអាត។ដូចនោះក្រុមរបស់ខ្ញុំមានសុភា បងម៉ៃ ហេង ឯលជួននិងសុខា បានងើបបោសសំរាមក្នុងមួយអាទិត្យម្តង ជួនកាលនៅម៉ោង៣ ឬ៤យប់។នេះជាបទពិសោធន៍របស់ខ្ញុំ។

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

Tuesday, May 15, 2012

រដូវដាក់បិណ្ឌនៅស្រុកខ្ញុំ


១៥ថ្ងៃគត់ខ្ញុំមានអាម្មណ៍សប្បាយចិត្តបំផុតដោយបានឃើញមនុស្សម្នាប្រុសស្រីចាស់ក្មេងជាច្រើននាក់ក្នុងសំលៀកយ៉ាងស្រស់ស្អាតតាមទំលាប់ស្លៀកហូលផាមួងអាវប៉ាក់ក្រមាពាក់ឆៀងនិងខោឡាញ់សំរាប់តាៗ។ក្នុងនាមជាក្មេងវត្តជនបទស្រុកទន្លេម្នាក់ខ្ញុំនៅពុំហានសំឡឹងទៅរកនារីស្រស់ស្អាតនោះទេ។ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំពេញចិត្តនូវការជួយសម្របសំរួលគ្រប់បែបយ៉ាងដូចជារៀបបាតនៅលើតុវែងជួនក្នុងវិហារជួនលើសាលាឆាន់សំរាប់នាងៗបានរាប់បាត​ដើម្បីឧទឹសកុសលដល់ញាតិសន្តាណដែលបានស្លាប់ទៅរបស់គេជាដើម។ខ្ញុំបានត្រឹមតែលួចមើលនាងតាមទ្វាព្រះវិហារប៉ុណ្ណោះក្នុងខណៈនាងៗកំពុងសំពៈអុចធូបថ្វាយព្រះ។ ខ្ញុំនៅចាំបានថានៅស្រុកខ្ញុំកោះសូទិនវត្តចុងកោះទំលាមទំលាប់បុណ្យនេះមិនដូចជានៅវត្តផ្សេងទេ។ នៅទីនេះគ្មានទេការដាក់បាយប្រេត។ គ្មានទេដង្វាយទេវតា។ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​មាន​គេ​រៀបតាមវេនខ្លះសំរាប់អាហារដង្វាយព្រះ។ព្រោះថាជារឿយៗខ្ញុំក៏ដូចជាក្មេងវត្តដទៃទៀតភាគច្រើនបានដង្វាយព្រះនេះឯងយកមកហូបក្រោយពេលព្រះសង្ឃឆាន់រួច។នៅរដូវបុណ្យដាក់​បិណ្ឌនេះនៅស្រុកខ្ញុំទឹកទន្លេមេគង្គបានប្រៀបហៀហូរ។ឆ្នាំខ្លះបានលិចភូមិរហូតដល់ទៅ​ជម្រៅមួយសន្ទូងដៃឯនោះ។នៅលើខឿនព្រះវិហារពេញទៅដោយសត្វគោត្រៀបត្រាព្រោះ​អ្នកស្រុកនៅទីនោះគ្មានជំរើសទេដែលត្រូវជំលាសគោរបស់គេមកស្នាក់អាស្រ័យលើខឿន​វិហារនេះ។ផ្ទៃទឹកបានហូរត្របាញ់កួចគួអោយញញើតនៅតាមក្លោងទ្វាវត្ត។រីឯតាមទ្វាផ្ទះ​និមួយៗវិញបានដាក់សម្រះទប់កុំអោយហូរខ្លាំងពេក។អាចន៍គោបានរសាត់ពីម្តុំខឿនវិហារក្នុងទឹកទន្លេដែលមានព៌ណល្អក់ដោយដឺល្បាប់។ខ្ញុំកំពុងហែលទឹកពេលព្រឹកព្រលឹម។ខណៈនោះទូកបានមកត្រៀបត្រាដល់កាំជណ្តើរសាលាឆាន់ជាស្រេច។ថ្ងៃខ្លះមានអ្នកមកដាក់បិណ្ឌដែលចាត់ទុកជាចំនុះជើងវត្តជិះទូកនិងកាណូតមកពីឆ្ងាយៗពីសំរោង ជីហែ ភូមិវាល និង​ពក់​ស្នែង​ជា​ដើម។ អ្នកភូមិក្បែរវត្ត​ក៏មាន​វេនរបស់​គេដែរ។​ដោយឡែកឆ្នាំខ្លះទឹកទន្លេមិនបានលិចភូមិ ឬក៏ស្រក់ទៅវិញដូចនេះអ្នកស្រុកមកវត្តពួកគាត់ចតទូកនៅកំពង់មាត់ច្រាំ។កាលនោះខ្ញុំនៅចាំថា ភាគច្រើនគេចតនៅក្បែរបុកខ្លឿកំពង់វត្ត ខ្លះទៀតចត់នៅក្រោយផ្ទះខ្ញុំ។​អ្នកចត់​នៅក្រោយ​ផ្ទះខ្ញុំភាគច្រើនជាបងប្អូនខ្ញុំមកពីភូមិវាល គឺគ្រួសារអ៊ុំថេងដែលមានកូនស្រីចន្នីជាដើម។ សូម​ជំរាបថានៅស្រុកខ្ញុំសំរាប់អ្នកដែលមិនធ្លាប់រស់នៅទីនោះប្រហែលជាគេមានអារម្មណ៍រន្ធត់ណាស់។ព្រោះបើទឹកទន្លេកំពុងឡើងប្រៀបច្រាំងមិនទាន់លិចភូមិទេនោះនៅលើដីគ្រប់ទី​កន្លែងពេញដោយសត្វជន្លេនវារវេមវ៉ាមរគើមពេញដឹគួអោយព្រើខ្លាច។តែបើទឹកស្រកទៅវិញនោះ ផ្លូវដើរបានបែកភករអៀកគួអោយធុញទ្រាន់ផងដែរ។ នៅរដូវនេះ​ក្រៅពីប្រជាជន​មក​វត្តគេបាននាំគ្នាជិះទូកទៅលេងបឹង។ជាពិសេសនៅក្រោយលោកឆាន់រួច។ខ្ញុំនៅចាំបានថា​កាលទៅលេងបឹងនេះគឺខ្ញុំមានអាយុច្រើនហើយ។និយាយអោយចំខ្ញុំពេញកំលោះទៅហើយជាគ្រាដែលខ្ញុំត្រលប់ពីការៀនសូត្រនៅភ្នំពេញទៅធ្វើគ្រូនៅទីនោះហើយក៏ជាពេលដែលខ្ញុំស្រលាញ់អាស្រស់កូនសិស្សអង់គ្លេសម្នាក់របស់ខ្ញុំនៅទីនោះផងដែរ។យើងបានទៅលេងបឹងមួយនៅត្រើយភូមិវាលដែលចូលតាមព្រែកជីកមួយយ៉ាងធំ។បឺងនោះខ្ញុំស្រពិចស្រពិលថាជាឈ្មោះបឹងដំរី។នៅលើផ្ទៃបឹងមានទូកនិងកាណូតច្រើនណាស់ទៅលេងនៅទីនោះ។តាមទូកនិមួយៗច្រើនលេងគេគប់ទឹកដាក់គ្នា។ការលេងនេះគ្រោះថ្នាក់ណាស់ដែរ។ក្រៅពីនេះខ្ញុំនៅចាំបានថា នៅរដូវដាក់បិណ្ឌនៅស្រុកខ្ញុំនេះអ្នកស្រុកចូលចិត្តអ៊ុំទូកងផងដែរ។ជាពិសេសនៅថ្ងៃភ្ជុំបិណ្ឌជាចុងក្រោយព្រោះគេត្រូវសមដើម្បីមកអ៊ុំប្រណាំងនៅភ្នំពេញថ្ងៃបុណ្យអ៊ុំទូកអកអំបុកនិងសំពះព្រះខែនៅពេលខាងមុខ។

ជួយអូនដោយចិត្តស្មោះ


ថ្ងៃទី១ ខែគុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៥.៣០រសៀលៈ
ក្នុងទឹសដៅស្របគ្នានៅលើដងវិថីលូទឹកស្អុយខ្ញុំនិងវាសនា មិត្តរួមការងាររបស់ខ្ញុំកំពុង​ធ្វើ​ដំណើរពីផ្ទះ​របស់ខ្ញុំទៅកាន់ក្រុមហ៊ុនទេសចរណ៍Great Angkor ដែលថ្មើរនេះសំអុល មិត្ត​របស់យើងម្នាក់ទៀត ជាអ្នកគ្រប់គ្រងក្រហ៊ុននេះ​បានទូរសព្ទមកចាំបាច់​អោយពួក​យើង​បាន​ចូល​រួមក្នុងកម្មវិធីអាហារពេលល្ងាចនិងផឹកស៊ីតិចតួចក្នុងឱកាសឆ្នាំចិននៅក្រុមហ៊ុនរបស់គេ។ ក្នុងល្បឿនមិនសូវលឿននៃម៉ូតូរបស់ខ្ញុំ ខ្ញុំជាបើកបរ បានបើក​យ៉ាង​ប្រុង​ប្រយត្ន័​កាត់​ហ្វូង​មនុស្សកកកុញស្ទះច្រើនអន្លើនៃដងវិថីច្រើនកន្លែងព្រោះមុនថ្ងៃចូលឆ្នាំចិននេះមានមនុស្សម្នាច្រើនណាស់នៅទីក្រុង។លុះមកដល់ត្រង់ចំនុចផ្លូវលូទឹកស្អុយជិតផ្លូវខ្វែងផ្លូវធំផ្លូវឡានទឹកនារីម្នាក់​ក្នុងសណ្ឋានពាក់មួកការពារ និងស្លៀកសំពតខ្លី ពាក់កាបូបនឹងដៃម៉ូតូផ្នែកខាងស្តាំ បាន​ឌុប​ឥវ៉ានសំពីងសំពោង បើកមិនសូវជាលឿន​បានយក​ដៃទប់ឥវ៉ាន់នៅពីក្រោយ​ម៉ូតូ​របស់​នាង​យូៗ​ម្តង។ នាងទំនងដូចជាកូនចៅចិន។ ក្នុងអារម្មណ៍គិតថានាងស្អាតណាស់ដោយ​សំលឹង​មើល​នាងម្តងៗពីជំហៀង ក៏ដូចតាម​កញ្ចក់ម៉ូតួនាងផងនោះ​ក៏ស្រាប់​តែឥវ៉ាន់​របស់​នាង​ដាច់​ធ្លាក់​មួយរំពេច។ នេះមិន​មែន​មក​ពីមន្ត​ស្នេហ៍សន្តំឬកែវភ្នែកព្រួញពឹសរបស់ខ្ញុំនោះទេ។​តែផ្ទុយ​ទៅវិញវាជារឿងមួយដ៏ចៃដន្យបំផុតក្នុងការដែលអារម្មណ៍របស់ខ្ញុំកំពុងគិតថាបើសិនជាបានឃើញមុខនាងចំមិនដឹងជាស្អាតប៉ុណ្ណាទេ។ក្នុងសភាពបែបនេះ ខ្ញុំមិនអាចជិះហួសដោយ​មិន​យកភ្នែកមើលនោះឡើយ។ក្នុងនាមជាខ្មែរម្នាក់និងជាអ្នកដែលធ្លាប់មានសណ្តានអាណិតអាសូរ។ខ្ញុំក៏បានបញ្ឈប់ម៉ូតូរបស់ខ្ញុំនៅមិនឆ្ងាយពីនាងក្នុងខណៈដែលនាងរៀបចុះពីម៉ូតូត្រថេះត្រថាស់ដើម្បីរើសឥវ៉ាន់ដែលជ្រុះរាយប៉ាយនៅកណ្តាលផ្លូវនោះ។ខ្ញុំក៏បានបង្ខំចិត្តហាមាត់ទាំងមិនដឹងមិនចាំបាច់ចុះពីម៉ូតូទេ ចាំខ្ញុំអោយមិត្តខ្ញុំរើសអោយ។​វាសនា​ដែល​អង្គុយ​នៅ​ពី​ក្រោយ​ម៉ូតូ​ខ្ញុំក៏បានចុះជួយរើសភ្លាមនោះដែរ ហើយថែមទាំងជួយចងអោយនាង​បានយ៉ាង​ត្រឹម​ត្រូវ​បំផុត។ នាងបានញញឹមនិងពោលពាក្យមកកាន់យើងអរគុណ ពួរូចក៏បន្តដំណើរទៅមុខ​ទៀត​ជាមួយនឹងម៉ូតូរបស់នាងដែលមានស្លាកលេខ ភ្នំពេញ 1L 18 46។​បើទោះបីជាខ្ញុំមិនមាន​ឱកាសស្គាល់ឈ្មោះនាងយ៉ាងណាក៏ដោយក៏ស្មាមញញឹមពេលនោះបានបន្សល់ទុកក្នុងអារម្មណ៍ខ្ញុំជានិច្ចហើយបានធ្វើអោយខ្ញុំចាប់អាម្មណ៍ជាពិសេស។ខ្ញុំដឹងថាបើសិនជាយើងមានឱកាសជួបគ្នាពេលក្រោយក៏ក្រហែលជានាងមិនចំណាំខ្ញុំបានដែរ។ប៉ុន្តែខ្ញុំវិញបានចងចាំជានិច្ចតាមរយៈការរំលេចនូវអរក្ខរានេះឡើង។តាមរយៈកំណត់ហេតុជីវិតនេះគឺខ្ញុំជួយនាងដោយចិត្តស្មោះបើទោះជានាងមិនរូបស្អាតយ៉ាងណាក៏ដោយ។