សំណើចបានលាន់ឭកក្អាក ខ្ញុំក៏ដូចជាសិស្សដទៃក្នុងថ្នាក់ទី៦នៅសាលាកម្រិតសិក្សា ទី២
កណ្តាលកោះសូទីន បច្ចុប្បន្នឈ្មោះវិទ្យាល័យកោះសូទិន
ក្នុងឃុំកោះសូទិនខេត្តកំពង់ចាម ពិតជាទ្រាំមិនបានឡើយ នូវសម្លេងខឹង មួម៉ៅនិយាយឡើងត្រដិតៗជាប់ៗគ្នាមិនច្បាស់ពីគ្រូអក្សរសិល្ប៍របស់ខ្ញុំ
។ លោកគ្រូ ហ៊ាត
មកពីកោះថ្មី។ គាត់ កំពុងខឹងយ៉ាងខ្លាំងចំពោះសិស្សដែលកំពុងឡើងសូត្រកំណាព្យក្នុងមុខវិជ្ជារបស់គាត់ដោយមិនចងចាំនូវមេរៀនសោះ។ខ្ញុំក៏កំពុងភ័យព្រួយផងដែរលាយឡំក្នុងសំណើចឥតព្រៀងទុកនោះ។ ពោះរបស់របស់ខ្ញុំភើតផតៗ
ព្រោះប្រហែលជាត្រូវលោកគ្រូរូបនេះនឹងហៅអោយសូត្រ មេច្បាប់ប្រុស ឬច្បាស់ស្រី ឬកំណាព្យផ្សេងទៀត។ ក្នុងចំណោមសិស្សប្រហែលជាសិស្ស៤០នាក់ តាមខ្ញុំស្មានស្ថានភាពក៏ប្រហាក់ហែលគ្នាដែរ។ សំណើចបានផ្ទុះឡើងជាហូរហែរ ជាហេតុធ្វើអោយលោកគ្រូរូបនោះមានអារម្មណ៍និងបញ្ចេញកាយវិការខឹង ដោយស្តីបន្ទោសអ្នកដែលកំពុងឡើងសូត្រនិងមិនចងចាំកំណាព្យនោះកាន់តែខ្លាំង។ នៅឯមុខថ្នាក់រៀនរបស់ខ្ញុំឯណោះវិញ
ម៉ោងប្រហែលជា៤រសៀល ថ្មើលនេះ ផ្កាម៉ោង១០ក្នុងសួនមិនបានរីកស្គុះស្គាយដូចនៅពេលថ្ងៃត្រង់នោះឡើយ។
លើកលែងតែផ្កាឈូករ័ត្ន។ មេឃចាប់ផ្តើមងងឺតខុសពីធម្មតា។ ក្នុងថ្នាក់រៀនសិស្សគ្រប់គ្នាបានសើចមិនដាច់ដោយមិនដឹងខ្លួន។
មួយរំរេចនោះ ភ្លៀងចាប់ផ្តើមធ្លាក់លើដំបូងអគារសាលាលាន់ឭយ៉ាងខ្លាំងលប់អស់សម្លេងសំណើចរបស់សិស្សនិងសម្លេងខឹងរបស់លោកគ្រូ។
សម្លេងសែនរន្ធត់បំផុត ភ្លាមនោះដែរលាន់សូរប្រ៉ាវ ដូចយក្សទំលាក់ជើងលើអគារសាលាទាំងកណ្តាលថ្ងៃ។
គ្រប់គ្នាបានផ្អើលជាន់លើគ្នា។ ខ្ញុំលូនចូលក្រោមតុដោយមិនដឹងខ្លួន។ លោកគ្រូរបស់ខ្ញុំបានរត់បុកក្តាខៀនដែលធ្លាក់ពីជញ្ជាំងមកក្រោមយ៉ាងដំណំ។ គាត់បានបាត់វ៉ែនតាដែលកំពុងពាក់បង្រៀនដោយមិនដឺងទីណា។បរិយាកាសទាំងមូលប្រែក្លាយជាយភ័យរន្ធត់គ្រប់គ្នា។ សិស្សផ្សេងទៀតបានប្រសេចប្រសាចចេញពីអាគារ៤ផ្សេងទៀត។ យើងក៏បានរត់ចេញភ្លាមនោះដែរទៅកណ្តាលភ្លៀងព្រិលក្រោមសម្លេងផ្លេកបន្ទោលនិងរន្ទះដោយមិនដឹងខ្លួនព្រោះអគាររបស់យើងបានដួលត្រេតស្ទើរដល់ដីទៅហើយ។
ឆ្នាំ១៩៨៦ នោះជាឆ្នាំដែលខ្ញុំបានជួបព្យុះធម្មជាតិភ្លៀងធ្លាក់ព្រិលក្នុងជីវិតសែនរន្ធត់របស់ខ្ញុំ។
No comments:
Post a Comment