១៥ថ្ងៃគត់ខ្ញុំមានអាម្មណ៍សប្បាយចិត្តបំផុតដោយបានឃើញមនុស្សម្នាប្រុសស្រីចាស់ក្មេងជាច្រើននាក់ក្នុងសំលៀកយ៉ាងស្រស់ស្អាតតាមទំលាប់ស្លៀកហូលផាមួងអាវប៉ាក់ក្រមាពាក់ឆៀងនិងខោឡាញ់សំរាប់តាៗ។ក្នុងនាមជាក្មេងវត្តជនបទស្រុកទន្លេម្នាក់ខ្ញុំនៅពុំហានសំឡឹងទៅរកនារីស្រស់ស្អាតនោះទេ។ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំពេញចិត្តនូវការជួយសម្របសំរួលគ្រប់បែបយ៉ាងដូចជារៀបបាតនៅលើតុវែងជួនក្នុងវិហារជួនលើសាលាឆាន់សំរាប់នាងៗបានរាប់បាតដើម្បីឧទឹសកុសលដល់ញាតិសន្តាណដែលបានស្លាប់ទៅរបស់គេជាដើម។ខ្ញុំបានត្រឹមតែលួចមើលនាងតាមទ្វាព្រះវិហារប៉ុណ្ណោះក្នុងខណៈនាងៗកំពុងសំពៈអុចធូបថ្វាយព្រះ។ ខ្ញុំនៅចាំបានថានៅស្រុកខ្ញុំកោះសូទិនវត្តចុងកោះទំលាមទំលាប់បុណ្យនេះមិនដូចជានៅវត្តផ្សេងទេ។ នៅទីនេះគ្មានទេការដាក់បាយប្រេត។ គ្មានទេដង្វាយទេវតា។ ប៉ុន្តែខ្ញុំឃើញមានគេរៀបតាមវេនខ្លះសំរាប់អាហារដង្វាយព្រះ។ព្រោះថាជារឿយៗខ្ញុំក៏ដូចជាក្មេងវត្តដទៃទៀតភាគច្រើនបានដង្វាយព្រះនេះឯងយកមកហូបក្រោយពេលព្រះសង្ឃឆាន់រួច។នៅរដូវបុណ្យដាក់បិណ្ឌនេះនៅស្រុកខ្ញុំទឹកទន្លេមេគង្គបានប្រៀបហៀហូរ។ឆ្នាំខ្លះបានលិចភូមិរហូតដល់ទៅជម្រៅមួយសន្ទូងដៃឯនោះ។នៅលើខឿនព្រះវិហារពេញទៅដោយសត្វគោត្រៀបត្រាព្រោះអ្នកស្រុកនៅទីនោះគ្មានជំរើសទេដែលត្រូវជំលាសគោរបស់គេមកស្នាក់អាស្រ័យលើខឿនវិហារនេះ។ផ្ទៃទឹកបានហូរត្របាញ់កួចគួអោយញញើតនៅតាមក្លោងទ្វាវត្ត។រីឯតាមទ្វាផ្ទះនិមួយៗវិញបានដាក់សម្រះទប់កុំអោយហូរខ្លាំងពេក។អាចន៍គោបានរសាត់ពីម្តុំខឿនវិហារក្នុងទឹកទន្លេដែលមានព៌ណល្អក់ដោយដឺល្បាប់។ខ្ញុំកំពុងហែលទឹកពេលព្រឹកព្រលឹម។ខណៈនោះទូកបានមកត្រៀបត្រាដល់កាំជណ្តើរសាលាឆាន់ជាស្រេច។ថ្ងៃខ្លះមានអ្នកមកដាក់បិណ្ឌដែលចាត់ទុកជាចំនុះជើងវត្តជិះទូកនិងកាណូតមកពីឆ្ងាយៗពីសំរោង ជីហែ ភូមិវាល និងពក់ស្នែងជាដើម។ អ្នកភូមិក្បែរវត្តក៏មានវេនរបស់គេដែរ។ដោយឡែកឆ្នាំខ្លះទឹកទន្លេមិនបានលិចភូមិ ឬក៏ស្រក់ទៅវិញដូចនេះអ្នកស្រុកមកវត្តពួកគាត់ចតទូកនៅកំពង់មាត់ច្រាំ។កាលនោះខ្ញុំនៅចាំថា ភាគច្រើនគេចតនៅក្បែរបុកខ្លឿកំពង់វត្ត ខ្លះទៀតចត់នៅក្រោយផ្ទះខ្ញុំ។អ្នកចត់នៅក្រោយផ្ទះខ្ញុំភាគច្រើនជាបងប្អូនខ្ញុំមកពីភូមិវាល គឺគ្រួសារអ៊ុំថេងដែលមានកូនស្រីចន្នីជាដើម។
សូមជំរាបថានៅស្រុកខ្ញុំសំរាប់អ្នកដែលមិនធ្លាប់រស់នៅទីនោះប្រហែលជាគេមានអារម្មណ៍រន្ធត់ណាស់។ព្រោះបើទឹកទន្លេកំពុងឡើងប្រៀបច្រាំងមិនទាន់លិចភូមិទេនោះនៅលើដីគ្រប់ទីកន្លែងពេញដោយសត្វជន្លេនវារវេមវ៉ាមរគើមពេញដឹគួអោយព្រើខ្លាច។តែបើទឹកស្រកទៅវិញនោះ ផ្លូវដើរបានបែកភករអៀកគួអោយធុញទ្រាន់ផងដែរ។ នៅរដូវនេះក្រៅពីប្រជាជនមកវត្តគេបាននាំគ្នាជិះទូកទៅលេងបឹង។ជាពិសេសនៅក្រោយលោកឆាន់រួច។ខ្ញុំនៅចាំបានថាកាលទៅលេងបឹងនេះគឺខ្ញុំមានអាយុច្រើនហើយ។និយាយអោយចំខ្ញុំពេញកំលោះទៅហើយជាគ្រាដែលខ្ញុំត្រលប់ពីការៀនសូត្រនៅភ្នំពេញទៅធ្វើគ្រូនៅទីនោះហើយក៏ជាពេលដែលខ្ញុំស្រលាញ់អាស្រស់កូនសិស្សអង់គ្លេសម្នាក់របស់ខ្ញុំនៅទីនោះផងដែរ។យើងបានទៅលេងបឹងមួយនៅត្រើយភូមិវាលដែលចូលតាមព្រែកជីកមួយយ៉ាងធំ។បឺងនោះខ្ញុំស្រពិចស្រពិលថាជាឈ្មោះបឹងដំរី។នៅលើផ្ទៃបឹងមានទូកនិងកាណូតច្រើនណាស់ទៅលេងនៅទីនោះ។តាមទូកនិមួយៗច្រើនលេងគេគប់ទឹកដាក់គ្នា។ការលេងនេះគ្រោះថ្នាក់ណាស់ដែរ។ក្រៅពីនេះខ្ញុំនៅចាំបានថា នៅរដូវដាក់បិណ្ឌនៅស្រុកខ្ញុំនេះអ្នកស្រុកចូលចិត្តអ៊ុំទូកងផងដែរ។ជាពិសេសនៅថ្ងៃភ្ជុំបិណ្ឌជាចុងក្រោយព្រោះគេត្រូវសមដើម្បីមកអ៊ុំប្រណាំងនៅភ្នំពេញថ្ងៃបុណ្យអ៊ុំទូកអកអំបុកនិងសំពះព្រះខែនៅពេលខាងមុខ។
ពូអានអត្ថបទក្មួយហាក់បីដូចបានឃើញរូបភាពពិតនៅក្នុងកែវភ្នែករបស់ពូ ព្រោះពូមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ឃុំកោះអណ្តែត កំពង់ចាម។
ReplyDeleteរដូវទឹកឡើងធំលិចភូមិ ពូ និងអ្នកភូមិយកគោទៅចងលើខឿនព្រះវិហារ