Tuesday, May 8, 2012

លោតតាមបង្អូតព្រោះគេមកចាក់ថ្នាំ


ទោះជាពេលវេលាបានកន្លងផុតទៅជាង2០ឆ្នាំយ៉ាងណាក៏ដោយអ្វីដែលយើងបានឆ្លងកាត់​ក្នុង​​​ជីវិត​គឺវាមិនអាច​បំភ្លេចបានឡើយ។ជាក់ស្តែងបញ្ហាជីវិតនេះ វាតែងតែនឹកឃើញជារឿយៗ។ ខ្ញុំ​ក៏មិន​ដឹងថារូបខ្ញុំនេះជាមនុស្សបែបណាដែរ។ប៉ុន្តែរាល់ពេលទំនេររបស់ខ្ញុំ តែងតែនឹកឃើញ​ពី​អតីតភាព​​របស់ខ្ញុំ។អតីភាពគឺប្រៀបដូចជាស្រមោលបន្ទោលតាមប្រាណមួយ ដែល​មាន​នៅ​ក្នុង​អារម្មណ៍ជានិច្ច។ នេះខ្ញុំចង់និយាយថាវាមិនចេះចប់សោះក្នុងជីវិត​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​នឹក​ឃើញ​វានោះ។ ជួនវាបានបង្ហាញប្រាប់ខ្ញុំម្តងទៀតក្នុងសុបិន្តដ៏វែង។ ឥឡូវនេះ​ខ្ញុំ​សូម​រំលឹក​ឡើង​វិញ​នូវការចងចាំនេះ។ នៅគ្រាមួយ ក្នុងខណៈពេលរូបខ្ញុំនេះកំពុងរៀនថ្នាក់ទីបី ក្នុង​ទស្សវត្តន៍ឆ្នាំ១៩៨០​នៅសាលាបឋមសិក្សាចុងកោះសូទិនត្បូង ក្នុងឃុំកោះសូទិន ស្រុក​កោះ​សូទិន ខេត្តកំពុងចាម ដែលនៅជិតផ្ទះរបស់ខ្ញុំក្នុងស្រុកកំណើតនោះ ។ គ្រានេះ ប្រទេស​កម្ពុជា​យើង​ទំនងជាមានការជួយជ្រុមជ្រែងដោយមហាមិត្តគឺប្រទេសវៀតណាម។ ឆ្នាំនោះ​សាលា​រៀន​របស់ខ្ញុំ បានត្រូវប្រកាសប្រាប់សិស្សថា នៅពេលខាងមុខ នឹងមាន​ក្រុម​គ្រូ​ពេទ្យ​មក​ចាក់​ថ្នាំបង្ការជម្ងីគ្រប់មុខដល់សិស្សទាំងអស់គ្នា។ តាមពិតទៅកន្លងមក​ខ្ញុំក៏ធ្លាប់បាន​ត្រូវគេចាក់​ថ្នាំ​អោយដែរ។ ប៉ុន្តែលើកនេះវាហាក់បីដូចជាចំឡែកណាស់ព្រោះមានពាក្យចចាមអារាមថា និង​មាន​ពេទ្យវៀតណាមមកចាក់ថ្នាំអោយ។ នេះជាការណ៍មួយ​ដែលអារម្មណ៍របស់ខ្ញុំ​ក៏ដូច​ជា​សិស្ស​ដទៃ​ទៀតភ័យខ្លាច។ វាមិនគួរអោយទុកចិត្តដែរព្រោះគេថា ថ្នាំនោះ​គឺជា​ថ្នាំ​ជិវ​សាស្រ្ត​ដែល​​អាចកំណត់ពេលស្លាប់នៅថ្ងៃខាងមុខ បើទោះបីមិនស្លាប់ភ្លាមក៏ដោយ។ ការគិតនេះ​វា​មិន​គ្រាន់តែមាននៅក្នុងចិត្តខ្ញុំម្នាក់ឯងប៉ុណ្ណោះឡើយ។ អ្នកដទៃក៏ប្រហែលជាគិតដូចនេះផងដែរ។ ថ្ងៃនោះបានមកដល់ សំលេងស្រែកសន្ធឹកបានចាប់ផ្តើម គ្រូពេទ្យមកហើយ!ពុទ្ធោអើយ សិស្សម្នាក់ៗក្នុងថ្នាក់រៀនរបស់ខ្ញុំបានលោតតាមបង្អួចថ្នាក់រៀនគ្មានសេះសល់ម្នាក់ឡើយ។ ខ្ញុំភ័យរត់យ៉ាងលឿនសំដៅទៅអូទៅឆ្ងាយតាមក្រោយផ្ទះពូគា។ គ្រានោះខ្ញុំនៅចាំបានថា តាមផ្លូវរត់នោះមានដើមអំពិលមួយដើមផងដែរ។

No comments:

Post a Comment