Tuesday, May 15, 2012

ជំនឿលើបារមីព្រះនៃគ្រួសារខ្ញុំ


អើអាសុទ្ធវីមកទៅវិហារ! នេះជាសំឡេងយាយឡេ។ យាយសុភាមិត្តរបស់ខ្ញុំ​ក្នុងខណៈ​គាត់​និង​សុភាដើរ​សំដៅមកផ្ទះរបស់ខ្ញុំ។ ខណៈនោះ ខ្ញុំត្រូវបានម្តាយ និងយាយ​របស់​ខ្ញុំជំរុញ​អោយ​ចូល​វិហារផងដែរ។ ជាមួយនឹងទឹកមួយផ្ទិល ដែលអប់ដោយក្លិនកំពុងអណ្តែលដោយផ្កាម្លិះ យើង​ទាំងអស់​គ្នាបានទៅកាន់វិហារទាំងព្រលឹមអុល។ ឆ្នាំ១៩៨៩ ព្រិត្តិការណ៍នេះ ខ្ញុំមិនបានចាំ ច្បាស់​​ថាខែ​ណាអោយពិតប្រាកដទេ។​ ប៉ុន្តែខ្ញុំចាំយ៉ាងច្បាស់ថា​វាគឺជាថ្ងៃមុនការប្រលងឌីប្លូម​របស់យើងមកមកដល់ពីព្រោះខ្ញុំនិងសុភានឹងត្រូវចូលរួមប្រលងនៅមណ្ឌលប្រលងវិទ្យាល័យជីហែនៅពេលខាងមុខ។ ធូបបីសរសៃក្នុងដៃអុចលើកប្រណមសំពះបីដងនៅមុខព្រះភក្រ្ត​ព្រះ​អង្គ​វត្តចុងកោះសូទិន។ យាយសុភាបានណែនាំខ្ញុំនិងសុភាដើម្បីអោយ បួងសួងក្នុងចិត្ត។ ខ្ញុំ មិនដឹងថាសុភាបួងសួងយ៉ាងណាទេ ប្រហែលជាត្រូវបួងសួងអោយប្រលងជាប់ កុំអោយភិតភ័យក្នុងពេលប្រលងហើយមើលទៅព្រោះតាមធម្មតាទាំងខ្ញុំទាំងគេ ទោះបីជាមាន សមត្ថភាពយ៉ាងណាក៏ដោយក៏យើងជៀសមិនរួចពីការភ័យតក់ស្លុតឡើយ។ សួមជំរាបថា ខ្ញុំ និងសុភា យើងទាំងពីរនាក់គឺជាសិស្សឆ្នើមផ្នែកគណិតវិទ្យាប្រចាំអនុវិទ្យាល័យកំរិតសិក្សាទី២ កណ្តាលកោះសូទិន នៅក្នុងឃុំកោះសូទិនរបស់យើងនៅឆ្នាំនោះ(១៩៨៩)។ យើងទាំងពីរនាក់ ធ្លាប់បានចូលរួមប្រកួតប្រជែងជាសិស្សឆ្នើមជាមួយសិស្សឆ្នើមដទៃទៀតមកពីសាលាជាច្រើននៅទូទាំងស្រុកកោះសូទិនជាមួយគ្នា។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយការបួងសួងពេលនេះ សំរាប់យាយសុភានិងគ្រួសាររបស់ខ្ញុំមានជំនឿណាស់។ ស្ថិតនៅត្រង់ចំនុចនេះ ខ្ញុំនៅ ចាំបានថាគ្រានោះយាយរបស់ខ្ញុំគឺជាអង្គម្នាក់យ៉ាងសំខាន់ក្នុងការអញ្ជើញបារមីព្រះវត្តនេះ តែងតែមកសន្ថិត។ ជាពិសេសនៅពេលដែលគ្រួសាររបស់សុភារួមមានអ៊ីស៊ីណាតម្តាយចិញ្ចឹម របស់សុភាឬយាយឡេជីដូនសុភាជាដើមតែងមករកយាយខ្ញុំអោយជួយមើលនិងដោះទុក្ខធុរៈពេលមានសមាជិកឈឺស្កាត់ឬបាត់គោជាដើម។ ទាក់ទងនិងជំនឿនេះ វាគួរអោយអស់​សំណើច​​បន្តិចសំរាប់ខ្ញុំ​ព្រោះថារូបខ្ញុំនេះឯង​ពុំមានជំនឿទាល់តែសោះ​ចំពោះរឿងនេះ។​តែវាជា​រឿង​ពិតមួយ​ដែលកើតឡើងចំពោះគ្រួសារខ្ញុំ។​ ខ្ញុំបានដឹងតាមការនិទានរបស់ម្តាយខ្ញុំថា​មូល​ហេតុ​​ដែលពួកគាត់​មានជំនឿយ៉ាងខ្លាំងនោះ គឺដោយសារ កាលនោះចុងទស្សវត្តឆ្នាំ១៩៦០ ឪពុករបស់ខ្ញុំគឺជាងកាត់សក់ម្នាក់។ គាត់មានតូបកាត់សក់មួយនៅក្បាលកោះសូទិនជាទី ស្ថានកន្លែងកំណើតរបស់គាត់។ ក្នុងជីវិតយុវវ័យរបស់គាត់ គឺគាត់បានបួសរៀនជានេន​មួយអង្គ​នៅវត្តក្បាលកោះសូទិន។ ប៉ុន្តែក្រោយពីលាចាកសិក្ខាបទជាគ្រហស្ប​គាត់ក៏​មាន​គ្រួសារ គឺរៀបការជាមួយម្តាយរបស់ខ្ញុំដែលមានកំណើតនៅចុងកោះសូទិនចំងាយពីគ្នាប្រ​ហែល៤ទៅ៥គីឡូម៉ែត្រ។ ថ្ងៃមួយនៅចុងកោះសូទិនឯផ្ទះរបស់ខ្ញុំ គាត់ក៏បាន​ចូលទៅលេងវត្ត​របស់ខ្ញុំគីវត្តធម្មយុទ្ធនៅក្បែរនោះ។ ដោយជីវភាពគ្រួសារការថ្មីថ្មោងរបស់គ្រួសារ​ខ្ញុំពុំសូវ​ធូរ​ធារ​ដូចគេ។ ម៉្យាងវិញទៀតដោយល្បីថាវត្តនេះមានបារមីវត្តសាកសិទ្ធផងនោះ ឪពុករបស់ខ្ញុំ​ក៏បានបួងសួងក្នុងចិត្តនិងអង្វរព្រះអង្គនៅទីនោះដែលមានន័យថាសូមអោយព្រះអង្គជួយ​កូន​ចៅផងព្រោះត្បិតអីកួនចៅក្រណាស់គ្មានដើមទន់រកស៊ីនឹងគេទេ។ ដូចនេះ​សូម​ព្រះអង្គ​មេត្តា​ធ្វើយ៉ាងណាជួយមកពន្យល់សប្តិប្រាប់លេខឆ្នោតជាតិមួយលេខមក ដើម្បីខ្ញុំព្រះកុរណានឹង​អាលមានធូរធារដូចគេ។ បើសិនជាព្រះអង្គប្រាប់លេខឆ្នោតមែននោះ​ខ្ញុំព្រះករុណាជាកូនចៅ​នឹងមិនភ្លេចគុណព្រះអង្គឡើយ។ ខ្ញុំព្រះករុណានឹងថ្វាយជាដង្វាយ​សន្ថ័រ​ដូង​ដល់​ព្រះអង្គ​ជាមិន​ខាន។ ថារួចឪពុករបស់ខ្ញុំ​ក៏ត្រឡប់ទៅក្បាលកោះសូទិនវិញដូចសព្វមួយដង​ដើម្បីប្រកបរបប​កាត់សក់ជាធម្មតា។ កំពុងកាត់សក់អោយគេ។ ឃើញនឹងភ្នែកស្រស់ៗ វាមិន​មែនជា​ការ​យល់​សប្តិ​ទាល់តែសោះ ក៏ស្រាប់តែមានបុរសម្នាក់ ដើរចូលមកតូបរបស់គាត់ រួមពោលពាក្យថា​អេកអាពួកម៉ាក់។ឯងភ្លេចអញទេដឹង។យើងធ្លាប់បួសរៀននៅវត្តជាមួយគ្នានោះអី។ ថារួច​បុរសនោះក៏បបួលឪពុករបស់ខ្ញុំទៅចាក់ឆ្នោត។ជាចៃដន្យបំផុតគ្រានោះឪពុករបស់ខ្ញុំមិនបានទៅចាក់ឆ្នោតជាតិជាមួយបុរសនោះទេព្រោះគាត់កំពុងរវល់កាត់សក់អោយអ្នកដទៃ។ ដូច​នេះ​គាត់​ក៏បានតបប្រាប់ទៅមិត្តរបស់គាត់ដែលហាក់បីដូចជាស្គាល់គ្នាច្បាស់នោះថា​​អើ អាពួក​ម៉ាក់ បើឯងច្បាស់ណាស់នូវលេខឆ្នោតដែលឯងបានប្រាប់អញនោះ ឯងកុំភ្លេចចាក់អោយ​អញ​ផង។ គ្នាមិនបានទៅជាមួយឯងនោះទេ។ នេះលុយ! តើលោកអ្នកគួរជឿទេនៅរឿងនេះ? នេះសូម្បីតែឪពុករបស់ខ្ញុំខ្លួនឯងពីមុនក៏មិនជឿដែរ។ ពីហេតុការណ៍នេះ ជាការពិតណាស់ ឪពុក​របស់ខ្ញុំក៏បានត្រូវលេខឆ្នោតជាតិនោះមែន។ គាត់ចាប់មានលុយនិងមានអ្វីៗទាំងអស់​ដែលអាចមានដើមទុនចាប់ផ្តើមរកស៊ីធំដុំនឹងគេ។
ឆ្នាំ១៩៧០សម័យសាធារណៈរដ្ឋ គ្រប់គ្រងអំណាចដោយសេនាប្រមុខលន់ណុល ឪពុករបស់​ខ្ញុំ និងគ្រួសារទាំងមូលរបស់ខ្ញុំ បានចាក់ចេញពីស្រុកកំណើតកោះសូទិនក្នុងទឹកដីខេត្តកំពង់​ចាម​ហើយបានមករស់នៅប្រកបការងាររកស៊ីនៅផ្សារស្នូលស្រុកស្នូលខេត្តក្រចេះ។ ពួកគាត់​បាន​ចាក​ចេញ​ពីស្រុកកំណើតដោយមិនគិតពីអ្វីទាំងអស់។​ លុយកាក់ដែលបានមកពីត្រូវឆ្នោត​ជាតិ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់។ក្រៅពីការទិញម៉ូតូអាយ៉ៅមាហាជិះ គ្រួសារខ្ញុំបានសង់ផ្ទះថ្មធំ​ដែល​មាន​ពីរល្វែង​នៅម្តុំផ្សារ​ស្នួលតាមផ្លូវចុះទៅជ្រោះយាយគី។ ឪពុករបស់ខ្ញុំ​បាន​បើក​ហាង​កាត់​សក់មួយយ៉ាងធំដែលមានកូនជាងជាច្រើននាក់នៅនឹងអាគារនោះផងដែរ។ មួយពព្រិចភ្នែក​ប៉ុណ្ណោះ ក្រោយពីហាងកាត់សក់បើកមិនបានបីខែផង ក៏ស្រាប់តែឪពុករបស់ខ្ញុំ​ចាប់ឈឺ​ជា​ទំងន់​រហូតដល់ដេករកចាំសេចក្តីស្លាប់នៅនឹងកន្ទេល។ ជារៀងរាល់ពេលល្ងាច ចាស់ៗ​បាន​ត្រៀប​ត្រា​រួច​ជា​​ស្រេច​​ដើម្បីសូត្រធម៌កំដររង់ចាំសេចក្តីស្លាប់របស់ឪពុកខ្ញុំ។ត្រង់​ចំនុច​នេះ​ម្តាយ​របស់​ខ្ញុំបាននិទានបន្តថា គ្រានោះទោះជាម្តាយ​ក៏ដូចជាគ្រួសារ​ទាំងមូលរបស់ខ្ញុំ​បានខ្នះខ្នែង​ព្យាបាលឬរកគ្រូម៉គន់គួរយ៉ាងណាក៏ដោយក៏ជម្ងឺរបស់ខ្ញុំមិនថមថយឡើយ។ បានតែត្រឹម​ធ្វើ​តាម​ដោយសែនព្រេនតាមពាក្យគ្រូទាយខ្លះថាខុសគ្រូបាធ្យាខាងម្តាយ និងខ្លះ​និយាយ​ថា​ខុស​បា​ធ្យាខាងឪពុកប៉ុណ្ណោះ។ វាមិនគួរអោយជឿទាល់តែសោះ។ ម្តាយរបស់ខ្ញុំនិយាយថា នៅ​ល្ងាច​មួយនោះ ស្ថិតនៅក្នុងហ្វូងចាស់ៗដែលកំពុងសូត្រធ៌ម។យាយផាត យាយរបស់ខ្ញុំ ក៏​ស្រាប់​តែបញ្ចេញអាប្បកិរិយាចំឡែកដោយគ្រញ៉ែងខ្លួនស្រែកទ្រហោយំឡើង។ ទាំង​ជើងកំពុង​កើត​ពឹសយាយរបស់ខ្ញុំសូម្បីខ្លួនគាត់ក៏មិនដឹងពីខ្លួនឯងដែរ នោះគឺបារមីវត្តចុងកោះសូទិន​មក​សន្តិតដោយស្រែកសំលុតតែពាក្យថា អញត្រូវយករូបនេះៗ ឭហើយចាសៗក៏ចូលមក​ជិត​ហើយបានសួរនាំទើបក្រោយមកក៏បានដឹងថាជាបារមីព្រះ។ ក្រោយពីបាន​ដឹងរឿង​ពី​អ្វី​ដែល​បារមីព្រះខឹងសម្បានិងច្រឡោតខឺងចង់ផ្តាច់ជីវិតរបស់ឪពុកខ្ញុំនោះម្តាយក៏របស់ខ្ញុំក៏ខំប្រឺងអង្វរទោះជាព្រះត្រូវការសំណែនលើសពីពាក្យសន្យាក៏សុខចិត្តដែរ។ វាជារឿងពិតសំរាប់ជីវិត​គ្រួសារ​ខ្ញុំ។ ក្រោយពីយល់ព្រមនូវការចងបានរបស់បារមីព្រះអោយម្តាយរបស់ខ្ញុំ ប្រគុំភ្លេង​ពិណ្យពាធ និងដង្វាយជាច្រើននោះ ឪពុករបស់ខ្ញុំ​ក៏ក្រោក​អង្គុយ​បាន​និង​ជាសះ​ស្បើយ​ពីពេល​នោះមក។ សូមជំរាប់ថាតាយាយរបស់ខ្ញុំគ្រានោះគាត់ជាដើររកស៊ីត្រាចចរជាមួយយាយឡេ យាយសុភាដូចជាលក់ហូលផាមូងនៅតាមស្រុកស្នូលមានត្រពាំងស្រែជាដើម។ ពេលនោះ​បារមីព្រះ​គម្រាម​អោយពួកគាត់មករស់នៅស្រុកវិញចាប់តាំងពីពេលនោះមក។ ឯយាយ​របស់​ខ្ញុំក៏ក្លាយជាអង្គរូបសន្ថិតពេលនោះ។ ឯយាយសុភាក៏គាត់ជឿពីពេលនោះដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ក្នុងពេលលើកដៃប្រណុំជាមួយសុភានៅនឹងមុខព្រះក្នុងវិហារ។ ខ្ញុំបែរ​ជា​និយាយ​ក្នុងចិត្តថាសូមព្រះអង្គមិនចាំបាច់អោយខ្ញុំប្រលងជាប់ទេ។ខ្ញុំដឹងថាទោះខ្ញុំជាសិស្សពូកែម្នាក់ក៏​ខ្ញុំប្រាកដក្នុងចិត្តថាមិនបានជាប់ទៅរៀនដូចគេឡើយ។ ព្រោះថាគ្រួសារខ្ញុំក្រណាស់​ហើយ​បើ​សិន​ជាខ្ញុំធ្លាក់ខ្ញុំនឹងអាលបានទៅរៀនបំពេញពេលយប់នៅភ្នំពេញ។ គ្រានោះខ្ញុំនឹក​ចង់​​ស្គាល់​តែ​ភ្នំពេញប៉ុណ្ណោះ។ ព្រោះខ្ញុំមានបងប្រុសម្នាក់នៅទីនោះគឺបង ទីសិរីវុធ។​ សំរាប់ខ្ញុំ​ជំនឿ​ព្រះ​គឺជាជំនឿចិត្តរបស់ខ្ញុំ។

No comments:

Post a Comment