Tuesday, May 8, 2012

មឈូសនិងពាងបុរាណនៅភ្នំប៉ែលជួរភ្នំក្រវ៉ាញ ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកុង ប្រទេសកម្ពុជាគួរត្រូវថែរក្សា


(ដោយទីធាវី)
បើទោះបីមានការលើកឡើងជាការចាប់អារម្មណ៍ពីពាងបុរាណ និងមឈូសដ៏អាថ៌កំបាំងនៅ​តំបន់មួយនៃជួរភ្នំក្រវ៉ាញ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នគ្រប់គ្រង​ដោយ​សហគមន៍​អេកូ​ទេស​ចរណ៍ ឃុំជីផាតស្រុកថ្មបាំង ខេត្តកោះកុង ពីសំណាក់នាយរដ្ឋមន្ត្រី នៃ​ប្រទេសកម្ពុជា ក្នុងសនិបាត បុកសរុប សភាពការណ៍អនុវត្តន៍ការងារទេសចរណ៍ ឆ្នាំ២០០៨ ឆមាសទី១ ឆ្នាំ២០០៩ និងទឹសដៅអនុវត្តន៍ឆមាសទី២ ឆ្នាំ២០០៩ និង ឆ្នាំ២០១០ នៅ​សាល​សន្និ​សិទ​ចតុមុខ ដែលប្រារពធ្វើឡើង កាលពីថ្ងៃទី២៩ដល់៣០ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅនេះ យ៉ាង​ណាក៏ដោយក៏មានការចាប់អារម្មណ៍តិចតួចនៅឡើយពីមជ្ឈដ្ឋានពីអ្នកទេសចរក្នុងស្រុក។ទោះ​ជាយ៉ាងនេះក៏ដោយមានទេសចរបរទេសតែងតែទៅដល់តំបន់នោះជាហូរហែរ។ នៅដើម ខែមករា ឆ្នាំ២០០៩ ក្នុងនាមខ្ញុំជាអ្នកនិពន្ធខ្មែរម្នាក់។ខ្ញុំក៏បានធ្វើដំណើទៅដល់ទីនោះផងដែរ ជាមួយលោកស្រី បណ្ឌិតណាន់ស៊ី ជាអ្នកបុរាណវិទ្យា​ខាងឆ្អឹង​កំណត់កាល​បរិច្ឆេទ​តាមរយៈ​វិទ្យុសកម្មកាបូន១៤ដែលជួនដោយអ្នកម៉ូតូឌុបសហគមន៍អេកូទេសចរណ៍ជីផាត។
ទីនោះមានឈ្មោះថាភ្នំប៉ែល ជាទីកន្លែងដ៏អាថកំបាំងបំផុតក្នុងព្រៃជួរភ្នំក្រវ៉ាញ ស្ថិតក្នុងភូមិ​ជាំស្លា ឃុំជីផាតខេត្តកោះកុងមានចំងាយ២១គីឡូម៉ែត្រពីភូមិជីផាត។ វានៅ​ពុំទាន់មាន​អ្នក​ណា​ម្នាក់អាចដឹងពីការពិតរបស់វាបានឡើយ។វាបានត្រូវរកឃើញមុនគេដោយអ្នកឡើងខ្លឹមចាន់គ្រឹះ​​​ស្នាក្នុងឆ្នាំ១៩៨៤។ ដើម្បីទៅដល់ទីនោះគេក៏អាចជិះកងទៅបានផងដែរប៉ុន្តែ​ត្រូវចំងាយ​ពេល​ទៅមក៧ម៉ោងសំរាប់ដំណើរ ទៅមក។
គ្រានោះយើង ត្រូវបាននាំដោយម៉ូតូឌុបរូបនោះកាត់ព្រៃនិងវាល ក៏ដូចជាឆាយតូចធំ៧កន្លែង។ ប៉ុន្តែគួរអោយស្តាយព្រោះម៉ូតូមិនបានជួនយើងដល់ទីដំកល់សពបុរាណនោះឡើយគឺគាត់​គ្រាន់តែបានឈប់ត្រឹមផ្លូវឡើងប៉ុណ្ណោះ។ ភ្លាមនោះយើងបានបន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើង​ទៅ។គួរអោយរន្ធត់ណាស់ក្នុងដំណើររបស់យើងគឺយើងបានដើរអស់រយៈពេលយ៉ាងយូរដោយកាត់ព្រៃតូចធំនិងព្រៃឬស្សីជាច្រើនកន្លែងនិងកាត់ជ្រោះឡើងភ្នំផងដែរ។ សំលេងទោចយំ និងសំលេងសត្វភ្នំដទៃទៀតបានលាន់ឮល្វើយៗ យើង មានអារម្មណ៍ថា​ដូចជា​វង្វែង​ផ្លូវ​ទើប​ត្រូវសំរេចដើរត្រលប់ក្រោយវិញ។វាកាន់តែរន្ធត់ក្នុងចិត្តបំផុតព្រោះនាឡិការបានរំកិលទ្រនិចជិតម៉ោង៤រសៀលទៅហើយដែលថ្នើលនោះសភាពជាក់ស្តែងនៅក្នុងដ៏សែនជាជ្រៅវាចាប់ផ្តើមងងឹតទៅហើយ។យើងបានវង្វេងផ្លូវអស់រយៈ៤ម៉ោងគត់ក្នុងម្លប់ព្រៃដ៏សែនស្ងាត់ជ្រងំនេះ។យើងក៏បានជួបសត្វពស់ធំមួយផងដែរទើបជួបអ្នករត់ម៉ូតូឌុបរូបនោះទើបជួនយើងឡើងភ្នំទៅដល់ទីតំកល់​សពមួយនោះ។ ការឡើងភ្នំ ដ៏សែនខ្ពស់ វាហាក់បីដូចជា​មិនគួរ​អោយជឿ​ឡើយ​នូវ​រមណីយដ្ឋានតំកល់សពដ៏អាថ៌កំបាំងនោះ។ ដោយឃើញសភាព លោកស្រីណាន់ស៊ី​បាន​ដង្ហក់និងហូរឈាមតាមច្រមុះយ៉ាងខ្លាំងនោះយើងក៏បានឈប់សំរាក់មួយសន្ទុះទើបបន្ត​ដំណើរ​ទៅ​ដល់គោលដៅ។ ម្ចាស់ម៉ូតូដែលជូនយើងឡើងលើភ្នំនោះបានរៀបរាប់អោយដឹងថានៅរមណីយដ្ឋានភ្នំប៉ែលនេះ មានពាងបញ្ចុះធាតុ សរុបទាំងអស់ចំនួន១៨ភាជន៍ ដែល​ស្ថិត​នៅ​គន្លាក់ភ្នំទាំងពីរ និងនៅកន្លែងតម្កល់មឈូសដ៏គួរអោយព្រឺព្រួចនេះ។ប៉ុន្តែ​គួរ​​អោយ​ស្តាយ​ណាស់ យើងមិនបានឡើងទៅដល់ពាងបុរាណនោះទេ គឺយើងអាចគ្រាន់តែមើលឃើញ តែ​ពាង​បុរាណចំនួន៧ពាងប៉ុណ្ណោះដោយការឡើងលើដើមឈើមើលពីចំងាយ។ ជាក់ស្តែងយើង បាន​ដល់តែទីតំកល់មឈូស១៣ នៅលើគន្លាក់ភ្នំនេះប៉ុណ្ណោះ។ អ្នកម៉ូឌុបរូបនោះនិយាយថាបច្ចុប្បន្ន​មានពាងបុរាណមួយចំនួនក្នុងចំណោមពាងទាំង៧បានបែកបាក់ហើយ។ ការបែក​បាក់នេះ ទំនងជាដោយសារតែមនុស្សបានបោកបំបែកវាដើម្បីស្វែងរកវត្ថុមានតំលៃនៅខាង​ក្នុង​ពាងនោះ។ព្រោះគេជឿថាបើសិនជាគេបានយកខ្សែកអង្កាំពីក្នុងពាងនោះទៅពាក់អោយ​កូនចៅរបស់គេនោះពួកគេ នឹងមានសេចក្តីសុខនិងមិនចេះឈឺស្កាត់។
ជាការពិតណាស់កន្លែងនេះបច្ចុប្បន្នត្រូវបានការពារដោយសហគមន៍អេកូទេសចរណ៍ជីផាត។ដោយមានការ ស្នើរសុំគ្រប់គ្រង់កន្លែងនេះទុកសំរាប់សកម្មភាពទេសចរណ៍ កាលពីឆ្នាំ២០០៨ កន្លង​​ទៅនេះ ក៏មានក្រុមបុរាណវត្ថុវិទូមួយក្រុម មកពីក្រសួងវប្បធ៌ម និងវិចិត្រ​សិល្បៈ​ក្រុង​ភ្នំពេញ​បានមក ធ្វើទស្សនះសិក្សានៅទីនេះផងដែរ។ លទ្ធផល​នៃ​ដំណើរ​ទស្សនៈ​សិក្សា​នោះ​បានវាយតំលៃថា មឈូសនិងពាងបុរាណ និងឆ្អឹងនៅទីនេះមានអាយុកាល៥០០ឆ្នាំមកហើយ ហើយភាជន៍ខ្លះបាននាំចូលមកពីប្រទេសចិនហើយពាងខ្លះបានផលិតក្នុងប្រទេសកម្ពុជានេះ​ដោយយោងតាមការវាយតំលៃលើភាជន៍បញ្ចុះសពទីផ្សេងទៀតនៅតាមតំបន់ជួរក្រវ៉ាញនេះ។អ្នកម៉ូតូឌុបរូបនេះ បានសួរខ្ញុំថាហេតុអ្វីបានជាឆ្អឹងលលាដ៏ក្បាល ត្រូវបានគេទុក​ក្នុង​ភាជន៍​ហើយ​ឆ្អឹងដងខ្លួនត្រូវបានគេតំកល់ក្នុងក្តាមឈូសទៅវិញ។ ខ្ញុំឆ្លើយ​តាមការយល់មិន​ផ្លូវការ​នៅ​គ្រា​នោះថា នេះទំនងដោយសារតែខ្មែរបុរាណយើង បានជឿលើព្រហ្មញ្ញសាសនា ដែលចាត់ ទុកទីទួលខ្ពស់ទាំងនេះជាទីសក្ការះបូជារបស់ពួកគេ។ មានន័យថាកំពូលភ្នំគឺតំណាងអោយ​ក្បាលមនុស្សយើងហើយចង្អេះភ្នំនេះគឺតំណាងអោយដងខ្លួនរបស់មនុស្ស។នេះដោយសារតែគ្រានោះខ្ញុំបានឃើញស្វែងយល់ផងដែរទៅលើក្តាមឈូសមានលក្ខណៈខុសពីគ្នាគឺថាមានក្តាមឈូសខ្លះមានលកឈ្មោលដែលទំនងជាសំរាប់សាកសពមនុស្សប្រុសនិងមឈូមផ្សេងទៀតមានលក់ញីជាដើមដែលសុទ្ធសឹងតែនិមិត្តរូបនៃលឹង្គព្រះឥសូរនិងយោនីនាងឧមានៃសាសនាព្រាហ្ម។ នៅថ្ងៃទី២ដល់១២ខែមករាឆ្នាំ២០១០ មួយឆ្នាំក្រោយមក លោស្រីបណ្ឌិតណាន់ស៊ី​ក៏បានដឹកនាំក្រុមការងារជំនាញមូយក្រុមទៅដល់ទីម្តងទៀត។ប៉ុន្តែគួរអោយស្តាយគ្រានោះខ្ញុំមិន​បានចូលរួមដំណើរនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ជាភ័ពសំណាង ខ្ញុំមាន​របាយកាណ៍​ពីអំពីក្រុមស្រាវជ្រាវរបស់ពួកគាត់។ របាយការណ៍​នោះពីការ​សិក្សា​ស្រាវ​ជ្រាវ​នោះបាន​លំអិតថា ក្រុមការងាររបស់ពួកគាត់មានគ្នាសរុបទាំងអស់១៣នាក់ ក្នុងនោះរួម​មាន​អ្នក​ជំនាញ៥រូបៈ
  • ទី១.អ្នកវិភាគអាយសូតូបនៃការបំលាស់ទីមកពីសាកលវិទ្យាល័យអូស្ត្រាលី
  • ទី២.អ្នកកំណត់ផែនទីភូមិសាស្ត្រស្ថានីយនិអាយសូតូបមកសាកលវិទ្យាល័យជាតិអូស្ត្រាលី
  • ទី៣.អ្នកបុរាណវិទ្យាខាងឆ្អឹងមកពីសាកលវិទ្យាល័យអូតាហ្គូប្រទេសញ៉ូវហ្សីឡែន
  • ទី៤.ជំនួយការគម្រោងនិងអ្នកអភិរក្សកុលាលភាជន៍មកពីសាកលវិទ្យាល័យភុមិន្ទវិចិត្រសិល្បៈភ្នំពេញ
  • ទី៥.អ្នកជំនាញវិភាគអាសធាតុនៅអាស៊ីអាគ្នេយ៍តាមរយៈក្រយៅឈើមកពីសាកលវិទ្យាកាលុមប៊ែ
  • ទី៦.និស្សិតកម្ពុជាផ្នែកបុរាណវិទ្យា៥នាក់
  • ទី៧.អ្នកចូលរួមស្រាវជ្រាវ២នាក់ដែលម្នាក់មកពីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ និងម្នាក់ទៀតមកពីមន្ទីរវប្បធ៌មខេត្តកោះកុង។
នៅក្នុងរបាយការណ៍នោះបានអោយដឹងទៀតថាមុនពេលធ្វើសកម្មភាពក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវអង្កេតក្រុមនេះបានក៏បានរៀបចំពិធីសែនព្រេន​ សុំម្ចាស់ទឹកម្ចាស់ដីតាមទំលាប់​បុរាណ​ផងដែរ។ ក្នុងសម្មភាពស្រាវជ្រាវគឺពួកគេបានចាត់ជាក្រុមតាមជំនាញរៀងៗខ្លួន។ នេះ​ជាសកម្មភាពមួយដែលភ្ញៀវទេសចរចាប់អារម្មណ៍នឹងទៅទស្សនាហូរហែរក្នុងរយៈពេល៧ថ្ងៃនៃបេសកម្មរបស់ក្រុមនោះ។ ការស្រាវជ្រាវអង្កេត បាននាំ​យក​វត្ថុវិភាគរួមមាន​បំណែក​ឈើ​មឈូស និងឆ្អឹងមនុស្ស ដើម្បី​កំណត់​កាល​បរិច្ឆេទ​តាមវិទ្យុសកម្មកាបូន​១៤​និង​វិភាគ​បែប​វិទ្យា​សា​ស្ត្រដើម្បីអោយដឹង ពីអាយុកាលនៃស្ថានីយនេះ។ ការស្រាវជ្រាវនេះ​គឺ​ផ្តោត​លើ​ចំនុច​សំខាន់ក្នុងថែរក្សានិងភិរក្សមរណីយដ្នានបុរាណមួយនេះអោយនៅដដែលដោយគ្រាន់តែជួសជុល​ភាជន៍និងចានដែលបាក់បែកនៅនឹងកន្លែង។ ការស្រាវជ្រាវនោះបានរកឃើញមានឆ្អឹង និងធ្មេញមនុស្សចាស់ក្មេងប្រុសស្រីជាច្រើនដែលសពទាំងនោះមិនមែនជាអ្នករស់នៅជាប់​លាប់នៅភូមិសាស្ត្រនោះទេ។ រីឯ វត្ថុប្រើប្រាស់មានដូចជាអង្កាំកែវ ចានឆ្នាំប្រើប្រាស់ និង​ឆ្អឹង​ត្រី​ក៏បានរកឃើញផងដែរដែលការវិភាគនោះបានសន្និដ្ឋានថាកង្កាំនោះគឺជាកង្កាដែលបាន​ផលិតក្នុងប្រទេសចិន។រីឯចានក្រលោមជាការដាក់ដង្វាយនៅពេលបញ្ចុះសព។បន្ថែមពីលើនេះ​​ទៀតឆ្អឹងត្រីគឺគេបានបញ្ចុះទៅជាមួយសពនោះ។ ពាងបុរាណទាំងអស់ សុទ្ធ​តែ​បាន​ចោះ​ប្រហោង។ ពាងខ្លះត្រូវបានចោះនៅផ្ទៃបាទ។ ឯខ្លះទៀតត្រូវបានចោះ នៅ​ក្អេង​ជុំ​វិញ​ភាសន៍​ទាំង​នោះ ដែលការចោះនេះទំនងមិនអោយគេលួចយកទៅប្រើប្រាស់បាន។ តាម​របាយ​ការណ៍​នេះដែរ បានបង្ហាញការសដ្ឋានថាភាជន៍ទាំងនេះ បានផលិត​ក្នុង​ប្រទេស​ថៃ​មិន​ដូច​ការ​សន្និដ្ឋាន​ក្រុមដំបូងឡើយ។ គឺថានៅអំឡុងឆ្នាំ១៥៥៨ដល់១៥៦៩នៃគ្រឹស្តសករាជ ជនជាតិ​ភិមាបានវាយចូលអាយុធ្យា។គ្រានោះឧស្សាហកម្មនៅសុខាទ័យនិងឡានណាបានឈប់ផលិតភាជន៍ហើយ។ តែមានឡផលិតភាជន៍ថ្មីបានកើតឡើង នៅសីងបុរី ក្នុងឆ្នាំ១៦០០ គ.ស ដែល​ផលិតតែសំរាប់ការប្រើប្រាស់ប៉ុណ្ណោះដូចជាដាក់គ្រឿងឧបភោគ និង​បរិភោគផ្សេងៗ​ហើយសំរាប់ប្រើប្រាស់តែក្នុងតំបន់អយុធ្យានិងកន្លែងផ្សែងទៀតក្នុងអាណាចក្រនោះ។ប៉ុន្តែពាង ដែលដាក់ទឹកឃ្មុំនិងប្រេងគឺផលិតសំរាប់នាំចេញទៅក្រៅប្រទេស។ ប៉ុន្តែ​យ៉ាង​នោះ​ក៏​ដោយ​សំរាប់ ពាងបញ្ចុះធាតុនៅតំបន់ជួរភ្នំក្រវ៉ាញនេះ នឹងធ្វើការ​សន្នដ្ឋាន​ទាំង​ស្រុង​នៅ​ពេល​ក្រោយ​ទៀត។ ទោះជាយ៉ាងនេះ​ក៏ដោយ​មាន​ពាងមួយ​ដែល​មាន​ក្បាច់​លំអ​រ​និង​ប្រភេទ​ខុស​គេ​ក្នុង​ចំណោមពាងទាំងអស់បានសន្និដ្ឋានដោយឡែកថាជាពាងស្ថិតក្នុងសម័យអង្គរសតវត្សទី១២ដល់ទី១៣ នៃគ្រឹស្តសករាជ។
យើងជាកូនខ្មែរគួរតែអភិក្សនិងថែររក្សានូវតំបន់ប្រវត្តិសាស្ត្រមួយនេះ។ តើយើង​ត្រូវ​ការពារ​របៀប​ណាបើថ្មីៗនេះពត៌មានពីការរុករករ៉ែ និងការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៃក្រុមហ៊ុនUnited Khmer Group និងមកវាទ​ទីនៅក្នុង​តំបន់​ព្រៃ​ដែល​សំបូរ​ដោយ​វប្បធ៌ម​បុរាណ​និង​ជីវះ​ចំរុះ​មួយ​នេះ។

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

No comments:

Post a Comment