Friday, May 25, 2012

បទពិសោធន៍ជាក្មេងវត្ត


ក្នុងសំលេងសូត្រធ៌មព្រមគ្នានៃក្រុមចាស់ៗដែលហៅថាជូនជីនិងតាជីខ្ញុំជាក្មេងវត្តម្នាក់ក៏ត្រូវបទជើងសំពះសូត្រធ៌មតាមពួកគាត់ជារឿយៗផងដែរ។នេះមិនគ្រាន់តែនៅថ្ងៃឧបោសុទ្ធសិលឬនៅរយៈពេលដាក់បិណ្ឌទាំង១៥ថ្ងៃនោះឡើយ។ជួនកាលទៀតគឺនៅក្នុងពិធីបុណ្យផ្សេងៗដែលខ្ញុំនេះឯងបានទៅតាមព្រះសង្ឃចូលរូមសូត្រនៅទីនោះ។ ត្រង់ចំនុចនេះខ្ញុំសូមរំលឹកបន្តិចនូវធ៌មថ្វាយបង្គំវត្តព្រឹកដែលខ្ញុំបានចាំក្នុងពេលនៅកុមារ។នេះជាធ៌មសំរាប់វត្តធម្មយុត្តិកនិកាយៈឥមានិ មយំ បដិមារូបានិ តំ ធរមាណកំ វិជ​មញ្ញ​ណមា។​យើងខ្ញុំទាំងឡាយសូមក្រាបថ្វាយបង្គំនូវ.....ធ៌មនេះខ្ញុំនៅចាំដោយកង់ៗប៉ុណ្ណោះហើយធ៌មនេះមានបកប្រែជាកង់ៗផងដែរ។ទោះជាយ៉ាងនេះក៏ដោយសំរាប់ធ៌មថ្វាយបង្គំវត្តមហានិកាយវិញក៏ខ្ញុំនៅចាំផងដែរព្រោះថាក្នុងឆ្នាំ១៩៩០ដល់១៩៩៣ខ្ញុំបានមកស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញដើម្បីរៀនជំនាញកម្មករជំនាញជួសជុលរថយន្តនៅមជ្ឈមណ្ឌលបច្ចេកទេសមិត្តភាពកម្ពុជាសូវៀតដែលក្នុងរយៈនោះសាលាត្រូវប្តូរឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រះ​​កុសមៈ។​នៅទីនោះខ្ញុំក៏ដូចជានិស្សិតដទៃទៀតតំរូវអោយថ្វាយបង្គំព្រះរាលយប់នោះ​ផង​ដែរ។​​ធម៌នេះ គឺៈ ឥមេហិ ទិបាធុបា ដិសការេហិ ពុទ្ធំធម្មំអភិបុជយាមិ ពុទ្ធំសង្ឃំអភិបូជយាមិ មេតាបិតា ទិណំគុណវន្តា មញ្ញច ដិឃរតំ អថាយ ហិតាយ សុខយ។ សូមជំរាបថា ធ៌ម​នេះ​ដូច​ជាពុំឃើញបកប្រែទេ។ លើកលែងធ៌មវេចង្ហាន់នៅក្នុងបង្សកុលឬសង្គទានប៉ុណ្ណោះ។ ខ្ញុំ​ក៏​នៅ​ចាំខ្លះៗដែរ។ខ្ញុំសូមមិននិយាយពីធម៌ច្រើនពេកទេ។តែសូមរំលឹកតែពីបទពិសោធន៍ជាក្មេងវត្តរបស់ប៉ុណ្ណោះ។​ខ្ញុំជាក្មេងម្នាក់នៅស្រុកកំណើតភូមិទី៩ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម។ ខ្ញុំត្រូបានចាស់ៗដែលអញ្ជើញមកវត្តធម្មយុត្តចុងកោះស្ទើរតែទាំងអស់ចូលចិត្តខ្ញុំណាស់។ ខ្ញុំនៅចាំបានថាខ្ញុំមានងាមួយទៀតដែលនៅក្មេងនោះគឺលោកតាអាចារ្យស៊ីមគាត់តែហៅខ្ញុំថាអាច្តិតខ្ញុំមិនដឹងថាឈ្មោះនេះមានន័យយ៉ាងណាទេ។អាចារ្យស៊ីមរូបនេះក្រោយមកគាត់បានស្លាប់ហើយខ្ញុំក៏បានទៅតាមលោកតាយ៉ាំងធីចូលរួមទេស្នាក្នុងពិធីបុណ្យសពគាត់ផងដែរដែលខ្ញុំនៅចាំថាផ្ទះគាត់ស្ថិតនៅភូមិទី៧ហូសវត្តតាអ៊ុកហើយកូនចៅគាត់មានមករស់នៅក្រុងព្រះសហនុឬកំពង់សោម។ឈ្មោះអាឆ្តិចរបស់ខ្ញុំនេះមិនគ្រាន់តែតាអាចារ្យស៊ីមហៅខ្ញុំប៉ុណ្ណោះទេមានពូថានដែលមានប្អូនថ្លៃប្រុសឈ្មោះពូប៉ែតរស់នៅភូមិសំរោងឆ្លងតាមត្រើយជីហែតាមផ្លូវមាត់ទន្លេតូច។ពួកគាត់គ្រានោះប្រកបអារឈើ។ប៉ុន្តែក្រោយមកខ្ញុំដឹងថាតាម​ពិតពូថានជាឪពុកដែលមានកូនពិការជើងម្នាក់ឈ្មោះទូរូបនេះមានជំនាញពិសេសជាវិស្មកករសំណងហើយត្រូវជាសាច់ញាតិជំទាវរបស់ឯកឧត្ថមសាយឈុំដែលមានកំណើតនៅកណ្តាលកោះសូទិនស្រុកខ្ញុំផងដែរ។ឥឡូវពូថានរស់នៅនិងធ្វើការក្នុងក្រុងភ្នំពេញ។ គាត់ក៏តែងតែហៅថាខ្ញុំថាអាឆ្តិចផងដែរ។បទពិសោធន៍ជាក្មេងវត្តក្រៅពីចាស់ៗចូលចិត្តខ្ញុំក៏ជាក្មេងម្នាក់អភ័ពផងដែរព្រោះថាគ្រានោះខ្ញុំនៅក្មេងពេកជាហេតុអោយក្មេងវត្តធំៗផ្សេងទៀតតែងធ្វើបាប។ខ្ញុំនៅចាំបានថារាល់ពេលហូបបាយជុំគ្នាខ្ញុំពុំសូវបានម្ហូបឆ្ងាញ់ៗហូបទេព្រោះត្រូវ​បងធំៗទាំងនោះបានលើកម្ភូបនោះបន្តគ្នាពីដៃមួយទៅដៃមួយ។ខ្ញុំបានត្រឹមតែសំលឹងមើលគេប៉ុណ្ណោះ។រឿងមួយទៀតពួកគាត់តែងតែលូចញ៉ត់ម្ទេសចូលក្នុងត្រកួននៃសម្លម្ជូរត្រកួនជាដើម។ជាហេតុអោយខ្ញុំយំសឹងរាល់ថ្ងៃ។ខ្ញុំនៅក្មេងខ្ញុំយំច្រើនណាស់។ខ្ញុំចូលចិត្តស្រែកជេរចំពោះ​អ្នកដែលបានធ្វើបាបខ្ញុំ។មានម្តងមួយនោះដោយទ្រាំមិនបាននឹងការធ្វើបាបពីក្មេងម្នាក់ឈ្មោះអាជាខ្ញុំក៏វៃវាអោយយំផងដែរ។នេះខ្ញុំនៅចាំមិនភ្លេចទេឪពុកវាឈ្មោះតាដនបានកាន់ជើងកូនទាំងងងើល។ពេលនោះគាត់បានមកទះកាំភ្លៀងខ្ញុំទាំកំរោល។គ្រានោះឪពុកខ្ញុំគាត់ខឹងណាស់ចង់ប្តឹងតាដុននោះតែក្រោយមកឪពុកខ្ញុំបានស្ងប់ចិត្តទៅវិញ។ដូចជារៀបរាប់មិនទាន់អស់ទេ​នូវបទពិសោធន៍ជាក្មេងវត្តនោះ។ប៉ុន្តែសូមអោយខ្ញុំបានកត់ត្រានូវឈ្មោះក្រុមអ្នកនៅវត្តជាមួយគ្នាសិន។​ពួកគាត់រូមមានពូតោកូនតាភេន អាក្តូច កូនយាយឡេន អាយឿន និងអាឡូត​កូន​ពូយឹន អាខ្នាតកូនពូគាន់ អាគ្លិន និងអាវិនកូនគ្រូអាន អ!ច្រើនណាស់។ បទពិសោធន៍​របស់​ជាក្មេងវត្តគឺជ្រុកជ្រិញនិងការហូបអាហារចំរុះមុខជាពិសេសនៅរដូវភ្ជំគឺយើងបានចាក់ម្ភូបចូលលាយគ្នាជាច្រើនមុខដោយកំដៅហូបបានជាច្រើនថ្ងៃ។ថាទៅក្នុងភាពជាក្មេងវត្តរបស់ខ្ញុំខ្ញុំហាក់បីដូចជាមិនមានអារម្មណ៍ខ្លាចខ្មោចទេព្រោះជារឿយៗខ្ញុំបានឃើញមុខអ្នកស្លាប់ច្រើនករណី​ក្នុងពេលគេបើកអោយសាច់ញាតិមើលមុនពេលបញ្ចុះក្នុងរណ្តៅជាដើម។សូម្បីជិវិតរៀបផុត​រលត់ទៅទីបរលោករបស់មនុស្សចាស់ៗដែលខ្ញុំបានតាមលោកទៅអោយធ៌មជូនដំណើរពួក​គាត់ក៏ខ្ញុំឃើញដែរ។ខ្លះវេទនាណាស់មុននឹងខ្យល់ស្លាប់។ដូចនេះលោកអ្នកគួរតែធ្វើអំពើល្អនិងជឿលើអំពើល្អរបស់ខ្លួនដែលប្រព្រិត្តទើបស្លាប់បានក្នុងផ្លូវសន្តិភាព។សូមនិយាយពីបទ​ពិសោធន៍ជាក្មេងវត្តកាលខ្ញុំនៅវត្តក្នុងក្រុងភ្នំពេញវិញ។នៅវត្តទឹកថ្លាដែលស្គាល់ថាជាវត្តនៅ​ជាយក្រុង។​ខ្ញុំត្រូវបង់ថ្លៃស្នាក់ទៅអោយព្រះចៅអធិការវត្តឈ្មោះក្រូចសំអាត ហៅលោកតា មាន មួយខែអង្ករមួយតៅ និងប្រាក់៣ពាន់រៀល។​ជារៀងរាល់ថ្ងៃខ្ញុំ​ក៏ដូចជានិស្សិត​ដទៃ​ទៀត​ត្រូវកាប់ដី​រាប់សឹបឡានដើម្បីបំពេញស្រះ។សូមជំរាបថាបរិវេណវត្តទឹកថ្លាក្នុងទស្សវត្ត១៩៩០ ជាដីបាតបឹងហើយមានស្រះទឹកភាគច្រើន។ដូចនេះយើងត្រូវដាស់ដោយសំលេងអាគាំងនៅម៉ោង៤.៣០នាទីទៀបភ្លឺជូនកាលដាស់ដោយការតាមដេញពីលោកតាចៅអធិការក្រួចសំអាតដ៏កាច់ដែលកាន់តែពូថៅនៅពេលនោះ។ខ្ញុំធ្លាប់លូនក្រោមគ្រែម្តងដែរដើម្បីលាក់ខ្លួនព្រោះខ្ជិលក្រោកពីដេក។ដៃខ្ញុំគ្រានោះឡើងក្រិនអស់ហើយ។យើងបានបន្សល់ទុកសំរាប់និស្សិតជំនាន់ក្រោយដោយបានដាំស្វាយជាច្រើនដើមមកដល់បច្ចុប្បន្តនេះ។យើងក៏បានដាំពោតផងដែរ។​ក្នុងភាពក្មេងវត្តពេលខ្លះខ្ញុំនឿយនាយធុញទ្រាន់ក្នុងការធ្វើពលកម្មនេះខ្លាំងណាស់ព្រោះចេញទៅរៀនសឹងតែមិនទាន់។ក្រោយមកក្នុងឆ្នាំ១៩៩៨ដល់២០០០ខ្ញុំបានក្លាយជាក្មេងវត្តម្តងទៀតក្រោយត្រលប់ពីបង្រៀនបឋមសិក្សានៅស្រុកកំណើតគឺខ្ញុំបានមកស្នាក់នៅកុដិលេខ២ក្នុងវត្តស្វាយពពែ។សូមអរគុណដល់សុភា (ហេង សុភា,បច្ចុប្បន្នជាលេ​ខា​ទី១​ប្រចាំ​ទូត​ខ្មែរ​នៅ​ប្រទេស​ឡាវ)។ សុភាមិត្តល្អរបស់ខ្ញុំ​ជាអ្នកជួយសំរួល​អោយបាន​រស់នៅ។​នៅទីនោះ​ខ្ញុំត្រូវបាន​បែកចែកដោយប្រធានក្រុមនិស្សិតក្នុងវត្តជាក្រុមបោសសំអាត។ដូចនោះក្រុមរបស់ខ្ញុំមានសុភា បងម៉ៃ ហេង ឯលជួននិងសុខា បានងើបបោសសំរាមក្នុងមួយអាទិត្យម្តង ជួនកាលនៅម៉ោង៣ ឬ៤យប់។នេះជាបទពិសោធន៍របស់ខ្ញុំ។

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

No comments:

Post a Comment