រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ
(089 21 49 11)
ខ្ញុំឃើញជនខ្លះជនខែងរែង ឫកគ្មានកោតក្រែងអ្នកដទៃ
បង្ហាញឫកពារដូចមនុស្សព្រៃ ទោះនិយាយស្តីគ្មានរាបសារ។
ឯជនខ្លះទៀតខ្ញុំដឹងច្បាស់ យោងតាមពាក្យចាស់ជនមុសារ
ឫកពារស្អាតស្អំដូចអាចារ្យ លោភលន់ប្រាថ្នាគ្មានកម្រិត។
ជនខ្លះខ្ញុំឃើញល្អតែមាត់ តាមពិតរូបគាត់កំណាញ់ស្វិត
ជនខ្លះធ្វើអ្វីគិតលម្អិត ជនខ្លះមានចិត្តសែនសាមាន្យ។
ខ្ញុំឃើញជនខ្លះខ្វះសំដី មិនគួរគប្បីភ្លេចសណ្តាន
បានធំភ្លេចតូចភ្លេចកល្យាន ជួបញាតិសណ្តានពើងទ្រូងដាក់។
ខ្ញុំឃើញជនខ្លះបានវោហារ មធុវាចារធ្វើអន្ទាក់
ធ្វើបាបចិត្តស្រីមិនតិចនាក់ យកលុយជាធ្នាក់ទាក់អ្នកក្រ។
ជនខ្លះខ្លួនទាបសំដីធំ ជនខ្លះរូបខ្ញុំយល់ថាល្អ
តែបែរជនខ្លះជនបង្ករ អាក្រក់ប្រែល្អសំរាប់ខ្លួន។
ជនខ្លះយកមិត្តធ្វើសត្រូវ អាក្រក់ពេកកូវរឿងរុកកួន
អែបអបចុះឡើងដើម្បីខ្លួន គេខុសត្រឹមបួនឆ្លើយដល់ប្រាំ។
ជនខ្លះមានចិត្តសែនអប្រីយ លួចលាក់ផិតប្តីមករាប់ឆ្នាំ
ជនអើយអើយជនជនមានកម្ម ខ្លះភ្លេចបណ្តាំស្បថសច្ចា។
ជនខ្លះផ្តើមរឿងដោយបោកប្រាស ឃោរឃៅខ្លាំងណាស់ត្រូវសុរា
វាយដំច្រំធាក់ភរិយា ពេលត្រូវសុរាមានតែអញ។
ជនខ្លះយកល្បែងធ្វើត្រីមុខ ជនខ្លះជាប់គុកហែកសំណាញ់
ជនមានកាំភ្លើងអាងបោះបាញ់ ពាលមិនខ្លាចចាញ់បាញ់តបត។
ជនខ្លះនិយាយគួរគោរព យល់ដឹងសព្វគ្រប់ខ្មៅនិងស
ជនខ្លះប្រពៃយល់ដឹងល្អ ទោះក្នុបើកបរគិតសិទ្ធិគេ។
ជនមានច្រើនណាស់ខ្លះអន្ឋពាល ខ្លះស្រែកជំទាលឈ្លោះស្រែកជេ
និយាយជនខ្លះមិនអស់ទេ ពេលថ្ងៃទំនេរខ្ញុំរាប់ទៀត។
No comments:
Post a Comment