ទសវត្សន៍ឆ្នាំ១៩៨០ ខ្ញុំជាក្មេងវត្តម្នាក់ កំពុងអង្គុយនៅលើបង្កាន់ដៃខឿនវិហារ។ ក្នុងបរិវេណវត្តសុទ្ធាវទ្យារាមចុងកោះសូទិន ឃុំកោះសូទិន សំឡេងម៉ីក្រូកងរំពងដែលបន្លឺឡើង ដោយលោក អាចារ្យកំពុងប្រកាសពីការជួនពរក៏ដូចជាកម្មវិធីបុណ្យកឋិនទានសំរាប់ថ្ងៃនោះ។សំឡេងភ្លេងពិនពាធនិងក្បួនដង្ហែរដើរពីវត្តតាអ៊ុកដែលជាវត្តមួយនៅចំងាយយ១គីឡូម៉ែត្រពីវត្តខ្ញុំបានមកល្មម។ មនុស្សម្នាក្មេងចាស់ប្រុសស្រី បានសប្បាយសាទរក្នុងសំលៀកបំពាក់បែបអ្នកចំការ សំរាប់ពិធីបុណ្យបានរង់ចាំទទួលនិងបំរើក្បួនដង្ហែរនេះយ៉ាងឆ្លេឆ្លា។ ខ្ញុំជាក្មេងវត្តនៅក្មេងនៅ ឡើយពុំមានសំលៀកបំពាក់ស្រស់ស្អាតដូចកំលោះក្រមុំនិងចាស់ទុំទាំងនោះឡើយ។
គឺខ្ញុំបានត្រឹមតែស្លៀកខោនិងអាវបានកាត់ពីស្បងសំពត់លោក ដែលលោកតាធី ព្រះចៅអធិការវត្តតែងដាក់ទានបន្តដល់សិស្សរបស់លោកតែប៉ុណ្ណោះ។
ក្នុងសំលៀកបំពាក់នោះ ច្រមុះប្រហែលជានៅជាប់មានសំបោរផងក៏មិនដឹងក៏ខំប្រឹងដើម្បីរងចាំមើលក្បូនដង្ហែរនោះផងដែរព្រោះថាកឋិននេះ
បានដង្ហែរមកពីទីក្រុងភ្នំពេញ។ គ្រានោះគេនិយាយថា សាមីដើមកឋិនគឺជាអ្នកធំធ្វើការនៅភ្នំពេញ
មានលោកម៉ុល និងលោក
ហ៊ុនសែនជាដើម។ ខ្ញុំមិនយល់អ្វីទាំងអស់នៅគ្រានោះព្រោះនៅក្មេងពេក។ ទើបតែពេលនេះទើបបានស្គាល់
និងឮពីឈ្មោះសម្តេចហ៊ុនសែនជា នាយរដ្ឋមន្ត្រីប្រទេសកម្ពុជាបច្ចុប្បន្ន។ ប្រហែលជាគាត់នៅគ្រានោះហើយមើលទៅកាលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីនៅឡើយ។ សោកស្តាយណាស់ដែលខ្ញុំមិនបានជួប
និងឃើញដោយភ្នែកនៅគ្រានោះ។ ទោះជាយ៉ាងនេះក៏ខ្ញុំរំភើបយ៉ាងខ្លាំងដោយដឹងថាមានកឋិនអ្នកធំហែរមកវត្តខ្ញុំ។កឋិននេះបានហែទៅកាន់ពីរវត្តនៅថ្ងៃតែមួយនៅគ្រានោះគឺវត្តតាអ៊ុក
នឹងវត្តធម្មយុត្ថរបស់ខ្ញុំ។ គ្រាន់តែបានដឹងថាគេជាអ្នកធំអ្នកទីក្រុង ខ្ញុំក៏រង់ចាំមើលមិនដាក់ភ្នែក។ ក្នុងសំលៀកអ្នកក្រុងវាហាក់បីដូចជាស្អាតប្លែកពីអ្នកស្រុកខ្ញុំដែលស្លៀកពាក់ធម្មតារាល់ថ្ងៃ។ ជាមួយនិងក្បួនភ្លេង មនុស្សម្នាបានដង្ហែរតាមយ៉ាងច្រើនកុះករ ដោយខ្លះទូលត្រៃ
ខ្លះសែងគ្រែកឋិន ខ្លះសែងស្នែងភ្លេងដើម្បីអោយអ្នកភ្លេងបានដើរបណ្តើរវាយភ្លេងបណ្តើរ និងឆៃយ៉ាំផងដែរ។ ខ្ញុំសប្បាយរីកណាស់ដោយបានឃើញដូចច្នោះ។ ក្នុងដំណើរទាក់សិនបីជុំលើខឿនព្រះវិហារខ្ញុំសំឡឹងមិនដាក់ភ្នែកនៅព្រិត្តិការណ៍អស្ចារ្យនេះ។
ខ្ញុំរំភើបណាស់ដោយឃើញមានអ្នកក្រុងភ្នំពេញដំបូងក្នុងជីវិត។ ខ្ញុំនៅគ្រានោះបានឧប្បត្តិកចិត្តខ្ញុំចង់ធ្វើជាអ្នកមន្ត្រីពីពេលមកព្រោះគិតថានិងមានប្រាក់មានឱកាសបានធ្វើបុណ្យច្រើនដូចជាពួកគាត់។ប៉ុន្តែរហូតមកពេលនេះខ្ញុំនៅជារាស្ត្រធម្មតារស់ដោយកំព្រាម្នាក់ដោយពឹងលើខ្លួនឯងនៅឡើយ។តើសុបិន្តរបស់ខ្ញុំនឹងកើតមានឡើងនៅពេលណា?
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment