Thursday, March 15, 2012

ទឹកគ្រឿងខ្មែរ


ដោយ ទីធាវី
ទឹកគ្រឿងគឺជាម្ហូបខ្មែរមួយប្រភេទដែលភាគច្រើនគេធ្វើហូបតែនៅក្នុងគ្រួសារនិងយូរៗម្តងប៉ុណ្ណោះ។ វាគឺជាមុខម្ហូបដែលមានគ្រឿងផ្សំយ៉ាងច្រើន និងត្រូវប្រើអន្លក់ជាច្រើនមុខ។ ទឹកគ្រឿង នេះមាន លក្ខណៈផ្សំនិងការប្រើប្រាស់បន្លែជាអន្លក់ទៅតាមតំបន់នីមួយៗជាពិសេសធ្វើឡើងទៅតាមចំណូលចិត្តរបស់អ្នកហូប។
គ្រឿងផ្សំត្រីរ៉សអាំង ឬ ត្រីឆ្អើ ហៃប៊ី សាច់ជ្រូក (សាច់សុទ្ធ) ខ្លាញ់រាវ សណ្តែកដី ខ្ទឹមស ខ្ទឹមក្រហម អំពិលទុំ ប្រហុកសាច់ អំបិលទឹកត្រី ស្ករ ម្សៅស៊ុប

វិធីធ្វើ
១-សាច់ជ្រូកចិញ្ច្រាំឱ្យល្អិត ត្រីឆ្អើបេះយកតែសាច់ ខ្ទឹមស ខ្ទឹមក្រហមបកសំបកឱ្យស្អាត ។
២-ដាំខ្ទះដាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់ជ្រូក ត្រីឆ្អើ ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង លីងចូល គ្នាឱ្យឈ្ងុយ ហើយដាក់បុកឱ្យល្អិតបានដាក់ចានទុក (បុកដាក់អំបិលបន្តិចផង)។
៣-សណ្តែកដីលីងបុកឱ្យល្អិត ប្រហុកសាច់ចំហុយ ឬអាំងឱ្យឆ្អិន ដាក់កូនចានលាយជាមួយនិង អំពិលទុំ ចាក់ទឹកក្តៅបន្តិច បើមានទឹកស៊ុបដាក់លាយជំនួស រឹតតែប្រសើរ) ជ្រុំប្រហុក និងអំពិល ឱ្យបែក ចាក់សំរិត (កុំឱ្យដោយកាក) ទៅលើសាច់ត្រីដែលបុកនោះ ស្មានឱ្យល្មមទឹកនិងកាក ដាក់សណ្តែកដី ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប យកស្លាបព្រាកូឱ្យសព្វ ភ្លក់មើលឱ្យល្មម ។
តែទោះជាយ៉ាងនេះក៏ដោយមានវិធីងាយស្រួលផងដែរៈ
មុនដំបូងត្រូវអាំងត្រីរ៉ស់ហើយបេះត្រីនោះឬបេះត្រីឆ្អើរជាតូចៗជាតូចៗហើយចំហុយប្រហុកបន្ទាប់មកយកត្រីនឹងទឹកប្រហុកច្រោះរួចដាក់ចូលគ្នាហើយដាក់គ្រឿងច្របល់ចូលគ្នារូមមានស្ករ អំបិល បីចេង ក្រូចឆ្មាទឹកត្រី។
ពេលហូប
ហូបជាមួយបន្លែតាមចំណងចំណូលចិត្តរូមមានៈ
-ផ្កាស្តៅ ឬស្លឹកស្តៅ(ស្រុះអោយឆ្អិន)
-ត្រសក់
-ស្ពៃក្រញ៉ាញ់
-ម្ទេសខ្មាំង
-ត្រប់ស្រួយ

-ម្ទេសបូកគោ
-ត្រលាចស្ងោ
-ត្រួយរាំង
-ព្រលឹត
-ផ្កាកំប្លោក
-ផ្កាស្នោរ
-ត្រកួន (ស្រុះអោយឆ្អិន)
-ប៉េងប៉ោះខ្ចី
គុណសម្បត្តិនៃការហូបៈ
ទឹកគ្រឿងនេះមានគុណសម្បត្តិណាស់ក្នុងការហូបវា។ វាអាចធ្វើអោយអ្នកហូមទទួលបាននូវវីតាមីនជាច្រើនមុខជួយអោយមានសុខភាពល្អ ជួយកាត់បន្ថយជាតិ កូលេស្តូរ៉ូលអាក្រក់ក្នុងឈាម។

No comments:

Post a Comment