មិនដឹងឆ្នាំណាពិតប្រកដឡើយ នៅគ្រាមួយនោះ គ្រួសាររបស់ខ្ញុំ ជាពិសេស ឪពុករបស់ខ្ញុំ បាននាំខ្ញុំទៅភូមិពាមជីកងនៅឆ្ងាយពីភូមិរបស់ខ្ញុំ។ យើងបានជិះកប៉ាល់ដែលធ្វើដំណើរសំដៅ ទៅភ្នំពេញយ៉ាងយូរគួរសម។ ប៉ុន្តែយើងបានចុះនៅកន្លែងមួយគឺនៅត្រង់កំពង់ផែពាមជីកង នេះឯង។ ក្រោយមកខ្ញុំដឹងថា
យើងបានទៅចូលរួមបុណ្យរបស់គ្រួសារលោកតាវ៉ាដែលជា សាច់ញ្ញាតិខាងជីដូននិងម្តាយរបស់ខ្ញុំ។ លោកតាវ៉ា នៅគ្រានោះបួសជាព្រះសង្ឃគង់នៅវត្តក្បែរនោះ។ គាត់មានដៃពិការម្ខាង
ហើយ អ៊ំស្រីម្នាក់ទៀតមិនចាំឈ្មោះគាត់ជាម្តាយបងតាំងគា។ នៅឯផ្ទះបុណ្យខ្ញុំនៅចាំបានថា មានដើមល្មុតយ៉ាងត្រឈឹងត្រឈៃដូចជាចំការមួយយ៉ាងធំនៅជុំវិញផ្ទះ។ នៅនឹងថ្ងៃបុណ្យតែម្តង
ប្រហែលក្រោយពេលថ្ងៃត្រង់ ខ្ញុំបានត្រូវបបួលដោយក្រុមក្មេងៗនៅទីនោះទៅលេងទឹក។ នោះប្រហែលជាដឹកនាំដោយបងតាំង
គា ក៏មិនដឹង។ នៅឯកំពង់ទឹកកន្លែងលេងទឹនោះ មើលពីក្រោម ច្រាំងទន្លេខ្ពស់យ៉ាងសន្លឹមគួរអោយព្រឺព្រួច។កន្លែងខ្លះនៃមាត់ច្រាំងនោះបានបាក់លាន់ឭសួរស៊ើបៗធ្វើអោយផ្ទៃទឹកទន្លេមេគង្គនៅក្បែរមាត់ច្រាំងនោះបែកទឹកខ្ចាយនិងមានរលក។ ផ្ទៃទឹកដ៏សែនល្អក់ នៃទន្លេមេគង្គនៅខែនោះ(ទំនងជាដើមរដូវវស្សា)យើងបានហែលទឹកលេងយ៉ាងសប្បាយ។ គេបានលឹបលេងពួនដេញគ្នាលេង។ ខ្ញុំនៅតូចនៅឡើយមិនដឹងច្បាស់ថាអាយុប៉ុន្មានឡើយខ្ញុំក៏ហែលលេងនៅលាយឡំនឹងពួកគេផងដែរ។ មួយរំពេចនោះអារម្មណ៍ខ្ញុំដូចជាប្រកាច់ប្រកិនដក់ដង្ហើមមិនដូចធម្មតាដែលស្រូបយកតែទឹកនិងបញ្ចេញមកវិញសុទ្ធតែពពុះទឹកព្រួចៗឡើងមកលើ។ ជើងខ្ញុំផុតពីដឺ
ពោះខ្ញុំពេញដោយទឹកមួយចំអែត។ ភ្នែកខ្ញុំឡើងតឹងណែនឃើញតែព៌ណល្អក់នឹងស្រវាំង។
សំណាងល្អបងតាំង គាបានស្រង់ខ្ញុំភ្លាមនោះឡើង។ ស្ទើរតែដាច់ខ្យល់ស្លាប់ព្រោះឈ្លួកទឹកនៅពាមជីកង។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment