Tuesday, March 13, 2012

ក្រោមដំបូលផ្ទះគេ


ឆ្នាំ១៩៨៩......
នៅលើស៊ីក្លូកញ្ចាស់មួយ ខ្ញុំនិងឪពុកខ្ញុំ បានដឹកដោយបុរសចំណាស់ម្នាក់ដែល​មានអាយុ​ប្រហែលជា៤០ឆ្នាំ,បានធាក់គើមៗចេញពីកំពង់ផែកាណូតផ្សារចាស់ឆ្លងកាត់វិថីជាច្រើន និង​បត់បែនជាច្រើនអន្លើ។កាលនោះខ្ញុំបានឧប្បត្តិក្នុងអារម្មណ៍ផ្ទាល់របស់ខ្ញុំថាភ្នំពេញគឺជាពិភពថ្មីនិងជាស្ថានសួគ៌ាបុរីនៃចក្ខុរបស់ខ្ញុំ។ប្រហែលកន្លះម៉ោងប៉ុណ្ណោះស៊ីក្លូនោះបានមកដល់ផ្លូវផ្សារតាប៉ាង។​ភ្នែកខ្ញុំនៅតែក្រឡេកក្រឡាបនៅឡើយម្តងមើលទៅអគារផ្ទះល្វែងដែលខ្ពស់ៗមានសណ្ឋាន​ខុស​​​ពីផ្ទះជនបទ, ម្តងមើលទៅអ្នកធ្វើដំណើរតាមផ្លូវដែលមើលទៅពួកគេស្លៀកពាក់មិនដូចជា​មនុស្សស្រុកស្រែឬចំការឡើយ។ ឪពុករបស់ខ្ញុំបានស្រែកប្រាប់ពួស៊ីក្លូថា ប្អូនឈប់នៅមុខ​រោង​ពុម្ភ​ឧស្សាកម្មនេះហើយ។ តាមផ្លូវចូលឌឺងហែមច្រកផ្លូវក្រោមល្វែងផ្ទះមួយ ខ្ញុំបាននាំ​ដោយ​​ឪពុកខ្ញុំដល់ផ្ទះមួយក្រោយរោងពុម្ភនោះ។ ជំរាបសួរ ចឹក! ជំរាបសួរសឹម! នេះ​ជា​ពាក្យ​ដែល​ឪពុក​ខ្ញុំបានណែនាំខ្ញុំ។ ចឹកគឺជាពាក្យទម្លាប់ ដែលចាត់ទុកថាជាខ្មែរ​ស្រឡាយ​ចិន​ដែល​អ្នក​ស្រុក​​ខ្ញុំធ្លាប់ប្រើដោយមានន័យថាពូព្រោះគាត់ជាប្អូនជីដូនមួយរបស់ឪពុកខ្ញុំ។ រីឯសឹមក៏ជា​ពាក្យ​​​ចិនអ្នកស្រុកទន្លេផងដែរដែលសំដៅលើប្រពន្ធរបស់ចឹកខ្ញុំ។
ប្រិយមិត្តអ្នកអានជាទីមេត្រី ក្រោយថ្ងៃឪពុករបស់ខ្ញុំត្រឡប់ទៅស្រុកវិញ នោះជីវិតខ្ញុំនេះឯង បាន​​ផ្ងើរវាសនាស្នាក់អាស្រ័យដើម្បីនៅរៀនសូត្រដោយម្ចាស់ផ្ទះនេះ។ កាលនោះ​ឪពុករបស់ខ្ញុំ​បាន​យល់ព្រមជួយឧបត្ថមអង្ករមួយបាវក្នុងរយៈពេល៣ខែ។ បងប្រុសខ្ញុំឈ្មោះទី សិរីវុធ ក៏​រស់​នៅ​ទីនេះដែរ។ គាត់មក៣ឆ្នាំមុខនេះ។
ចាប់តាំងពីបានបញ្ចូលជាសមាជិកថ្មីក្នុងផ្ទះនេះវាហាក់បីដូចជាមានសំណាងណាស់សំរាប់បងប្រុស​ខ្ញុំ។ ប៉ុន្តែ​​ ខ្ញុំវិញបែរជាសែនឯកោជាទីបំផុត ព្រោះថា បងប្រុសខ្ញុំ ពុំដែលឃើញ​មាន​វត្តមាន​នៅក្នុងផ្ទះនេះបានយូរទេនៅពេលថ្ងៃក្រៅតែនៅពេលយប់ចូលផ្ទះសំរាក់។ គាត់​មាន​​មិត្តភក្តិ​​ប្រុសស្រីជាច្រើននាក់រាប់ទាំងមិត្តរៀនជាមួយនិងទាំងមិត្តភក្តិអ្នកជិតខាង។ ខ្ញុំនៅ​ចាំ​បាន​ថា អាល័យគឺជាសង្សាររបស់គាត់នៅគ្រានោះ។ រីឯសម្ឆស្ស​ជាក្មួយចិកខ្ញុំ នាង​ជា​សង្សា​របស់​សីហាជាមិត្តរបស់បងខ្ញុំ។ សុឃឿនមិត្តរបស់បងខ្ញុំផងដែរ​គឺជាសង្សារ​របស់រស្មី។ ទាំងបី​គូរ​នេះពួកគេមានជម្រកសំចតនៅពេលថ្ងៃក្រៅពីរៀន។ បងប្រុស​របស់ខ្ញុំ​មាន​សេរីភាព​ចាប់​តាំង​​ពីខ្ញុំបានចូលផ្ទះនេះ។ គាត់មិនដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ខ្ញុំ​ឡើយ​សូម្បី​តែ​ឌុប​ទៅ​រៀន​​នៅសាលាបំពេញវិជ្ជាពេលយប់នៅសាលាទូលទំពូងគឺគាត់ជូនតែ​ម្តង​គត់​សំរាប់​ថ្ងៃចូល​រៀន​​ដំបូងនៅសាលានោះ។ ដឹងទេថា ខ្ញុំនៅក្នុងផ្ទះនេះ ម្ចាស់ផ្ទះតម្រូវ​អោយខ្ញុំធ្វើអ្វីខ្លះ? វាហាក់​បី​ដូចជាបន្ទុកធ្ងន់ពេកហើយសំរាប់ខ្ញុំ។ គឺថាខ្ញុំត្រូវងើបពី​គេងនៅ​ម៉ោងបួន​ទៀប​ភ្លឺ​ដើម្បី​ជួយ​កិច្ច​ការ​ដេរអាវរយដែលគេបានទទួលយកមកធ្វើដើម្បីប្រាក់កម្រៃ។ ខ្ញុំមានភារៈជួយចោះរន្ធអាវ​ទាំង​នោះដើម្បីអោយសមាជិកផ្ទះនេះស្រេះរន្ធឡេវ។ បន្ទាប់ពីនេះ នៅព្រលឹមស្រាងៗ ខ្ញុំត្រូវ​ជូត​ផ្ទះរួចទើបជូនកូនស្រីម្ចាស់ផ្ទះ ទៅរៀន នៅសាលាដូនពេញ។ សូម​ជម្រាប​ថា​ចឹក​និង​សឹម​ខ្ញុំ​មាន​កូនបីនាក់ ប្រុសម្នាក់ឈ្មោះអាស្រស់ និងពីរនាក់ទៀត គឺស្រីលក្ខ និងស្រីតុល។ ទាំង​ពីរ​នាក់​នេះ ខ្ញុំបានជូនទៅរៀនស្ទើររាល់ថ្ងៃ។ ប៉ុន្តែ​ទោះជាយ៉ាងនេះ​ស្រីលក្ខ​ជា​ក្មេង​ស្រី​កាច​ឆ្នាស់​ណាស់​​ដែលខ្ញុំតែងតែទទួលភាពមិនសរម្យពីនាង។ ឧទាហរណ៍ថា ពេលខ្លះ ខ្ញុំខំជូត​ឥតនៅ​ផ្ទះ​យ៉ាង​ស្អាត ប៉ុន្តែនៅមាន លក្ខណៈសើមនៅឡើយ​គឺនាងតែងតែដើរកាត់​ធ្វើអោយ​ប្រឡាក់​ដោយ​មិនអាណិតអាសូរខ្ញុំឡើយ។ ថ្វីត្បិតតែនាងហៅខ្ញុំថាបងៗក៏ពិតមែន តែខ្ញុំត្រូវបាននាង ក៏​ដូច​ជា​សមាជិកដទៃទៀត​ជេរដៀល និងសើចចំអកជារឿយៗ។ ពុទ្ធោ! ការនៅផ្ទះ​គេ​ហេតុ​អ្វី​ក៏​ពិបាកម្លេះ! ខ្ញុំ​ពុំ​ដែល​បាន​ហូប​បាយឆ្អែតទេ។ ឬមួយក៏​ខ្ញុំធ្លាប់ជា​ក្មេងវត្ត​នៅស្រុក​ហូប​បាន​ច្រើន​ទេដឹង? នៅ​ផ្ទះ​នេះ​តាម​ទម្លាប់របស់គេ គឺគេហាមខ្ញុំដួសបាយដាក់ចានច្រើនៗ។ ខ្ញុំតែង​តែ​ភ្លេច​ត្រចៀក​នូវ​ការណែនាំ ក៏ត្រូវបានគេជេរថាអាអ្នកស្រែ! ខ្ញុំឃ្លានបាយណាស់!​នៅថ្ងៃ​មួយ ខ្ញុំ​ដាច់​ចិត្ត​​លួចហូបបាយកកនៅពេលព្រឹកក្នុងខណៈសឹមរបស់ខ្ញុំទៅផ្សារ និងចឹក​ខ្ញុំទៅ​ធ្វើ​នៅ​រោងពុម្ភ​នៅ​ក្បែរ​​នោះ។ សូមបញ្ជាក់ថា ផ្ទះនេះ គេហាមខ្ញុំមិនអោយហូបបាយកកទេ ព្រោះ​ទុក​ដាក់​ចូលកំដៅជាមួយបាយក្តៅទុកហូបថ្ងៃត្រង់បន្តទៀត។ ខ្ញុំគឺជាអ្នកដាំបាយនេះឯង។ វា​ពិបាក​​ណាស់​​​ខ្ញុំធ្លាប់តែហូបបាយស្រាប់ជាក្មេងវត្ត។ តែមកជ្រកក្រោមម្លប់ផ្ទះគេ ខ្ញុំ​ជា​អ្នក​ដាំ​បាយ​​ទៅ​វិញ។ អ្វីដែលពិបាកជាងនេះទៅទៀត គឺចិករបស់ខ្ញុំ ចង់​បានអោយខ្ញុំដាំបាយរឹង។ តែ​សឹម​វិញចង់បានបាយជ្រាយ។ នៅថ្ងៃដំបូង ខ្ញុំមិនចេះទេ សូម្បីតែបង្កាត់ភ្លើងនឹងធ្យូង។ ខ្ញុំ​បាន​ដាំ​បាយខ្លោចនៅគ្រានេះ។ និយាយអំពីបាយកក​ដែល​ខ្ញុំ​បានលួចហូបវិញ។ នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ខ្ញុំឃ្លានណាស់ ខ្ញុំដាច់ចិត្តហើយនៅគ្រានេះ បើពុំនោះទេ​ខ្ញុំនឹង​វិល​មុខដួល​នៅថ្ងៃ​ណា​មួយ​។ ខ្ញុំគិតក្នុងចិត្តដូច្នេះព្រោះខ្ញុំនៅមានការងារធ្វើច្រើនទៀតដូចជាបោកខោអោយគេ និង​ដង​ទឹកដាក់អាងជាដើមក៏សម្រេចចិត្តទាំងភ័យញ័រ។ ដោយអារម្មណ៍ភ័យរន្ធ​ខ្ញុំបានធ្វើអោយ​ដបទឹកត្រឺ​ដែលខ្ញុំមានបំណងយកទឹកត្រីនេះមកស្រូបជាមួយខ្លាញ់ហូប។ វាក៏របូត​ដបពីដៃ​ខ្ញុំ​ធ្លាក់​​បែកមួយរំពេច។ មូលហេតុដែលខ្ញុំភ័យខ្លាំងរហូតដល់បែកដបទឹកត្រីនេះ ព្រោះថា​ក្នុង​ផ្ទះ​មាន​សមាជិកច្រើនណាស់ក្រៅពីគ្រួសារចិកនឹងសឹមខ្ញុំនេះ។ វានៅមានគ្រួសារ​ម្តាយ​សម្ឆស្ស​ដែល​ខ្ញុំ​បានរៀបរាប់ខាងលើនេះ។ គាត់មានកូន​បីនាក់​ទៀត​គឺ​សម្ឆស្ស​.​អាណាក់.​និងរតនា​រួម​ទាំង​ម្តាយ​ក្មេករបស់ចិកខ្ញុំម្នាក់ទៀត។ គ្រួសារនេះស្មុគស្មាញណាស់ គេគឺជាអ្នក​មក​ពី​ខេត្ត​ស្វាយ​រៀង។ ដឹងថាទេថាអ្នកស្វាយរៀងមួយចំនួនគឺជាមនុស្សកំណាញ់ណាស់។ សូម្បីតែវាល​អង្ករក៏កៀសនឹងដៃស្មើរមាត់កំប៉ុងឬសុខចិត្តទុកអង្ករមួយកំប៉ុងក្នុងបាតខាបមិនអោយអស់​ឡើយ​​ហើយទៅរកខ្ចីអង្ករគេមកដាំបាយ។ ខ្ញុំរស់ផ្ទះនេះខ្ញុំបានតែមួយឆ្នាំគត់ ខ្ញុំចេះ​តាំង​ពីអុំ​អង្ករ​​​ឡើង​ទៅ។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវធ្វើការដូចទាសករគេ។ ជួនបាន​ទៅរៀន​ជួន​ទៅ​មិន​ទាន់​គេ​ ព្រោះបាយល្ងាចមិនទាន់ឆ្អិនល្អ។ រាល់មេឃស្រទុំ ឬមេឃងងឹត​រកភ្លៀង​ខ្ញុំមានអារម្មណ៍​នឹក​ស្រុក​ណាស់។ ខ្ញុំដេកហូរទឹកភ្នែកស្ទើររាល់យប់។ ខ្ញុំនឹកឃើញពេល​ត្រឡប់​មក​ពី​រៀន​វិញ​ពេល​ខ្លះ​មានតែបន្ទះប្រហិតមួយបណ្ណោះដែលត្រូវចែកគ្នាជាបួនសំរាប់ហូបបាយ គឹខ្ញុំ បងប្រុសខ្ញុំ អាស្រស់ និងអាណាក់។ ខ្ញុំដេកមិនសូវលក់ទេព្រោះមិនធ្លាប់ដេកបើកភ្លើងអំពូល។ ផ្ទះនេះ​គេ​ប្រើ​អំពូលពងមាន់។ ទោះយ៉ាងណាក៏ដោយ តាមរយៈ​សំណេរ​នេះ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ម្ចាស់​ផ្ទះអ្នកជិតខាងដែលខ្ញុំពិតជាមិនស្គាល់ឈ្មោះលោកអ្នកទេដែលតែងតែអាណិតអាសូរខ្ញុំ​ឃើញ​ខ្ញុំកំសត់រស់ជ្រកក្រោមម្លប់ផ្ទះគេឃើញហូបបាយមិនឆ្អែតហើយតែងតែលួចទាញដៃខ្ញុំចូលក្នុងផ្ទះ​ដោយលាក់កំបាំងហើយអោយអាហារខ្ញុំហូប។ គេនោះខ្ញុំដឹងត្រឹមតែប្រពន្ធម៉ដំរី ហើយ​គាត់​ជា​ថៅកែស៊ីក្លូ ដែលមានស៊ីក្លូជួលអោយគេរត់នៅគ្រានោះ។ ផ្ទះ​គាត់​នៅ​ក្រោយ​រោង​ពុម្ភ​ឧស្សា​ហកម្ម​ផ្សារតាប៉ាង។ សូមអោយអំពើល្អរបស់មីងជួបតែសេចក្តីសុខជារៀងរហូត។ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ ខ្ញុំនឹងអាចសងគុណអ្នកមីងវិញ។ ខាងលើនេះគឺជាជីវិតក្រោមដំបូលផ្ទះគេ។ ខ្ញុំ​បាន​​ស្នាក់​នៅផ្ទះនេះតែ១ឆ្នាំប៉ុណ្ណោះ។ ក្រោយមក​ខ្ញុំក៏សុំឪពុកខ្ញុំ​ទៅធ្វើជាងមាស​នៅ​ផ្ទះជាង​នៅ​ផ្សារចាស់ដើម្បីជាកន្លែងស្នាក់រៀនសូត្រផងនិងរៀនជាងទងនោះផង។   

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

No comments:

Post a Comment