ការប្រណាំងទូកងសំរាប់អ្នកទន្លេ
វាហាក់បីដូចជាពេញនិយមណាស់។ នៅស្រុកខ្ញុំ គេច្រើនបង្កើតការប្រណាំងនៅក្នុងបុណ្យសាសនាផ្សេងៗមានការអុំសំរាប់អបអមកឋិនទាន និងសំរាប់អបអរសាទរបុណ្យភ្ជុំបិណ្ឌជាដើម។ ប៉ុន្តែក៏មានការអុំភ្នាល់គ្នាក្រៅពិធីផងដែរ។ ថ្ងៃមួយទូកងឈ្មោះចំប៉ាពេជ្រនៅវត្តតាអ៊ុកស្រុកខ្ញុំបានត្រូវគេទៅចូលរួមអុំប្រណាំងផ្គូរផ្គងដាក់លុយយ៉ាងធំសម្បើមនៅជីហែត្រើយម្ខាងក្នុងទន្លេមេគង្គខាងត្បូង។ សូមជំរាបថាដោយសារកោះសូទិនដីកោះស្រុកកំណើតខ្ញុំមួយនេះមានទន្លេមេគង្គហ៊ុំព័ទ្ធសងខាងទើបហៅថាទន្លេមេគង្គខាងត្បូងនិងខាងជើង។ ថ្ងៃនោះ ខ្ញុំបានត្រូវគ្រូម្នាក់ឈ្មោះរិទ្ធជាគ្រួចំណូលថ្មីទើបមកបង្រៀននៅសាលាបឋមចុងកោះ
ហើយបានស្នាក់នៅវត្តជាមួយខ្ញុំក្នុងគ្រាដែលខ្ញុំជាក្មេងវត្តអោយជិះកងទៅមើលការប្រណាំងនោះជាមួយគាត់។ ខ្ញុំនៅអាយុក្មេងក៏ពិតមែនតែខ្ញុំគិតថាគ្រូម្នាក់នេះគួរអោយទុកចិត្តបានទើបសម្រេចចិត្តទៅជាមួយគាត់។
ក្នុងពិធីប្រណាំងទូកងនេះ
មានអ្នកទស្សនាច្រើនណាស់។ ខ្ញុំរាប់មិនអស់ទេ តែប្រហែលរាប់ពាន់នាក់រួមទាំងអ្នកលក់ដូរ។ គេនាំគ្នាស្រែកសាទរ នៅឯច្រាំទន្លេទាំងសង
គឺខ្លះនៅជីហែខ្លះទៀតនៅភូមិដីកោះទល់មុខជីហែខ្លះនៅលើទូកបណ្តែត។ ខ្ញុំមានអារម្មណ៍ហាក់បីដូចជាមិនទាន់ដឹងសប្បាយទេនៅពេលនោះ។
ប៉ុន្តែខ្ញុំដឹងពីក្តីព្រួយបារម្មណ៍ខ្លាចលោកគ្រូរិទ្ធនោះមកចោលខ្ញុំ។ គ្រាន់តែការប្រណាំងទូកងនោះបានបញ្ចប់ ភ្លាម ខ្ញុំក៏ខំប្រញាប់ជិះទូកចំលងមកត្រើយកោះសូទិនហៅភូមិទួលក្រៅនៅទល់មុខជីហែវិញដើម្បីមករង់ចាំគាត់។ ខ្ញុំមិនបានហូបអ្វីសោះព្រោះគ្មានលុយទិញចំណីញ៉ាំ។ ម៉ោង៦ល្ងាចព្រះសូរិយាលិចចូលទ្រនំខ្ញុំនៅឈរចាំទាំងមិនដាក់ភ្នែកគឺចាំសន្យាដែលគាត់បានប្រាប់ថាត្រូវមកចាំនៅទីនេះមុន។ ទូកម៉ាស៊ីនតូចមួយបានមក។
គេគឺជាអ្នកភូមិខ្ញុំ។ គេស្គាល់ខ្ញុំយ៉ាងច្បាស់។ គ្រានោះគេក៏ហៅខ្ញុំអោយជិះទូកម៉ាស៊ីនទៅភូមិចុងកោះភូមិទី៩វិញជាមួយពួកគេ។
ទោះជាយ៉ាងនេះក៏ដោយក៏ខ្ញុំ មិនបានសម្រេចចិត្តទៅជាមួយគេទេ។ ព្រោះខ្លាចក្បត់សន្យាជាមួយគ្រូរិទ្ធ ម៉្យាងទៀតគិតក្រែងខ្លាចជិះទូកម៉ាស៊ីននោះគេយកលុយ។ ខ្ញុំជាក្មេងវត្តម្នាក់
ពុំមានលុយចាយច្រើនទេក្រៅតែពីលុយកាក់តិចតួច ដែលព្រះសង្ឃចែកអោយចាយក្រោយពីតាមលោកទៅចូលរួមបុណ្យ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ
គឺជំនឿទុកចិត្តក្នុងវ័យក្មេងខ្ចីរបស់ខ្ញុំទៅលើគ្រូចំណាស់ម្នាក់។ ពុទ្ធោអើយម៉ោង៧.៣០យប់ទៅហើយ
អ្នកចូលរួមទស្សនាក្នុងការប្រណាំងទូកងនោះបានទៅស្ងាត់អស់រលឹង។ ខ្ញុំឈរទ្រឹង
ហូសនឹងនិយាយស្តី យំក៏មិនចេញដែរ។ ខ្ញុំភ័យណាស់។ ខ្ញុំក៏សម្រេចដើរទាំងភ័យត្រឡប់មកវត្តវិញ។
ខ្ញុំដើរផងរត់ផង តាមដងផ្លូវទំនប់យ៉ាងវែងដ៏សែនស្ងាត់
និង ក្នុងដំណើររឹងកំព្រឹសរបស់ខ្ញុំ ខ្ញុំព្រឺក្បាលខ្ងាក់ៗ។ ខ្ញុំធំក្លិនក្រពល់ស្លឹកឈើដែលចាស់ៗធ្លាប់និយាយថាជាក្លិនចំណីខ្មោចយ៉ាងព្រឺព្រួច។ ខ្ញុំបានត្រឹមតែសំឡឹងទៅមុខត្រង់ប៉ុណ្ណោះ
ដើរលឿនទំរាំផុតផ្លូវទំនប់ទួលក្រៅទើបបានធូរចិត្តបន្តិច។ សរុបមក ខ្ញុំបានដើរទៅដល់វត្តវិញទាំងឈឺចាប់នៅម៉ោងប្រហែល១០យប់។
គឺចំណាយពេលប្រហែលជាង២ម៉ោង។ អ្វីដែលខ្ញុំចាំជាងនេះទៅទៀតនោះ នៅយប់នោះ ខ្ញុំគ្មានកន្លែងដេកទេគឺខ្ញុំឡើងទៅដេកនៅលើសាលាឆាន់ដ៏ធំល្វឹងល្វើយតែម្នាក់ឯងគត់។ ទីនោះ វាកាន់តែព្រឺខ្លាចទៅទៀតព្រោះមានស្គរសំរាប់ហែសពនៅទីផងដែរ។ខ្ញុំគ្មានផួយដណ្តប់ឡើយគឺមានតែកន្ទេលដ៏កញ្ចាស់ដែលខ្ញុំបានរុំនឹងខ្លួនរបស់ខ្ញុំព្រោះរងារណាស់នៅកក្តិកយប់នោះ។ ការហូសចិត្ត និងជំនឿទុកចិត្តទៅលើគ្រូរិទ្ធម្នាក់នោះ
ខ្ញុំមិនបានត្រូវប្រាប់អ្នកណាម្នាក់ទេរហូតមកពេលនេះ។គ្រូរិទ្ធម្នាក់នោះ ក្រោយមកមានរឿងអាស្រូវនឹងស្រីញីកូនអ្នកភូមិក្បែរនោះក៏ត្រឡប់ប្តូរទៅបង្រៀននៅជីហែវិញ។គាត់មានស្រុកកំណើតនៅសំរោង។ គិតទៅមនុស្សចាស់ម្នាក់ចេះបោកកូនក្មេងដែរហ្ន។ នេះជាព្រិត្តិការណ៍ខ្លោចផ្សារនិងមិនអាចបំភ្លេចបានដោយសារការប្រណាំងទូកងនៅជីហែ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment