ថ្មើរនេះម៉ោងប្រហែលជា៧ទៅ៨ប៉ុណ្ណោះ។ ក្នុងព្រះវិហារដែលបំភ្លឺដោយអំពូលម៉ាស៊ីនភ្លើង ចាស់ៗបានអង្គុយត្រៀបត្រាលើកំរាលកន្ទេលលើកដៃសំពះព្រះស៊ីម៉ង។ក្នុងនោះក៏មានព្រះភិក្ខុពីរអង្គផងដែរ។ក្នុងសំឡេងសួត្រព្រមគ្នាព្រះអង្គស៊ីម៉ង់ធំមួយកំពុងគង្គលើបាល័ង្គ ព្រះភក្ត្រ ព្រះបានញញឹមអមដោយពន្លឺឆពណ្ណរង្គស្សីចែងចាំងចេញពីព្រះកេស។ ព្រះនេត្រព្រះអង្គ បានសម្លឹងទៅកាន់អ្នកសូត្រទាំងនោះ។ឯព្រះអង្គតូចៗផ្សេងទៀតក៏ហាក់កំពុងសម្លឹងមកមើលផងដែរ។ នៅនឹងមុខបាល័ង្គព្រះក៏ដូចជានៅមុខចាស់ៗនិងព្រះសង្ឃ
ឬអាចនិយាយថានិងចំ កណ្តាលរវាងព្រះនិងអ្នកសួត្រទាំងនោះមានថូរស៊ីម៉ង់មានដោតធូបកំពុងដុតមានផ្សែងទ្រលោម ទៀនក៏មានដុតផងដែរ។
ក្រៅពីនេះ ចង្កៀងប្រេងកាតពីរឬបីដែលមានទ្រដោយជើងទម្រធ្វើពីដែកកំពុងឆេះផ្លុងៗ។ នេះគឺជាចង្កៀងនិងទៀនវស្សា។យប់នេះហើយជារាត្រីពេញបរមី។ព្រះចន្ទ្រាកំពុងរះភ្លឺល្អណាស់។ នៅក្រៅព្រះវិហារក្មេងខ្លះបានលេងបិតបួន។ ខ្លះអង្គុយស្តាប់លោកនិងចាស់ៗសូត្រធ៌ម។ ចំណែកខ្ញុំកំពុងអង្គុយលើបង្កាន់ដៃឃឿនវិហារសំឡឹងមើលទៅក្នុងព្រះវិហារម្តងម្កាល។ ពេលនោះខ្ញុំក៏អាចសូត្រធ៌មតាមចាស់ៗនិងលោកតាធីនិងលោកតាតូបានផងដែរ។ នៅម៉ោងប្រហែល៩ ព្រិត្តិការណ៍មួយនេះមិនទាន់បានបញ្ចប់ផងក៏ស្រាប់តែមានព្រិត្តការណ៍មួយទៅបានកើតឡើង។ សំឡេងមនុស្សម្នាជិះទូកនិងកាណូតបានលាន់ឮឡើង។ អ្នកស្រុកប្រុសស្រីនិងក្មេងៗបាននាំរត់សំដៅទៅមាត់ទន្លេ។ ខ្ញុំនៅចាំបានថានៅរដូវវស្សាក្នុងខែ១០នេះ
កោះសូទិនភូមិកំណើតខ្ញុំ ទឹកទន្លេមេគង្គបានរំកិលនៅត្រឹមក្រោយផ្ទះអ្នកស្រុក។ទោះជានៅឆ្នាំខ្លះទឹកបានលិចភូមិក៏ដោយ។ ក្នុងសភាពប៉ប៉េចប៉ប៉ាច់ដោយដីភក់ដែលទឹកទន្លេទើបស្រក់នាជចេញពីភូមិខ្ញុំក៏ខំប្រឹងរត់ចុះពីព្រះវិហារវត្តចុងកោះសូទិនទាំងភ្លៀងរលឹមសំដៅទៅមើលការបណ្តែតប្រទឹបផងដែរ។ ខ្ញុំនៅចាំបានថាគ្រានោះមានកាណូតធំមួយឈ្មោះអាហុកឬហៅថាកាណូតតាវ៉ា។ តាមពិតតាវ៉ាគឺជាម្ចាស់កាណូតនេះ។
គាត់មិនចាស់ទេ។ គាត់មានភាគហ៊ុនរួមគ្នាជាមួយពូហេងហើយកាណូតនេះបានរត់ដឹកអ្នកដំណើរពីកំពង់ចាមមកកាន់ភ្នំពេញនៅគ្រានោះ។ កាណូតធំមួយនេះបានទម្លាក់ភ្លើងជាច្រើនតាមគូថរបស់វាដើម្បីបណ្តែតលើផ្ទៃទឹកជាខ្សែៗគួរអោយគយគន់។ ទូកអ្នកស្រុកក៏ចាប់ផ្តើមបណ្តែតផងដែរ។ ពួកគាត់កំពុងបណ្តែតប្រទឹបភាគច្រើនតាមផ្ទះនិមួយៗធ្វើពីដើមចេក ឬសន្ទប់ចេកមានដាក់ល្ងពោតសណ្តែក
នំចំណី ម្ហូបអាហារ បារីម្លូស្លា ក្រដាសប្រាក់ជាដើម ស្ទើរគ្រប់មុខ។ ការធ្វើបែបនេះខ្ញុំក៏មិនថាគេធ្វើដើម្បីអ្វីដែរ។
នៅគ្រានោះផ្ទះខ្ញុំហាក់បីដូចជាមិនដែលបានធ្វើនឹងគេឡើយ។ មានម្តងនោះខ្ញុំបានឡើងជិះអាហុកកាណូតធំនោះពេលគេទៅបណ្តែប្រទឹប។ ប្រទឹបគឺគេតែងបណ្តែតនៅថ្ងៃចេញវស្សានេះផ្ទុយទៅវិញគេមិនដែលបណ្តែតវានៅថ្ងៃអកអំបុក។ គោលបំណងការបណ្តែតនេះគឺធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ
ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ឯគុណប្រយោជន៍វាជាក់ស្តែងគឺជួយចែករំលែកនូវភោគផលដែលគេដាក់ទៅដល់អ្នកដែលខ្វះខាត់ដែលនៅក្រោមជំរាលទឹក។វាក៏អាចជាចំណីមច្ឆាជាតិក្នុងទន្លេមេគង្គផងដែរ។ ម៉្យាងទៀតគឺជាថ្ងៃដែលអ្នកទន្លេស្រុកខ្ញុំចែករំលែកនូវការចំណាយតាមរយៈទិញទៀន ឬចង្កៀតប្រេងកាត់ពីអ្នកលក់។ លើកលែងតែគ្រួសារខ្វះខាត់ពួកគាត់ប្រើចង្កៀងខ្លាញ់ត្រីដើម្បីអុចលើប្រទឹបនោះ។ នេះគឺជាថ្ងៃចេញវស្សានៅស្រុកខ្ញុំ។សូមជម្រាបថាក្នុងការលយប្រទឹបនេះសំរាប់អ្នកខ្លះក៏បណ្តែតផ្សងរកគូរព្រេងផងដែរ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment