និពន្ធដោយទី ធាវី
គ្រាន់តែពាក្យមួយឃ្លាបកស្រាយប្រាប់ខ្ញុំពីហេតុផលរបស់នាងក៏ខ្ញុំអស់ចិត្តដែរ។តែផ្ទុយទៅវិញ នាងបែរជាហ៊ានធ្វើអ្វីៗគ្រប់យ៉ាងបង្ហាញប្រាប់ខ្ញុំថានាងមិនព្រមទទួលយករូបខ្ញុំទុកក្នុងចិត្តនាងឡើយ។ មិនតែប៉ុណ្ណោះ ជារឿយៗ រាល់ពេល ដែលខ្ញុំសុំស្នេហ៍ និងក្តីអាណិតអាសូរពីនាង ខ្ញុំតែងទទួលបានមកវិញ នូវការផ្គូរផ្គងជាមួយ ឆវី ជានារីម្នាក់ ដែលខ្ញុំមិនពេញចិត្តទាល់តែសោះ។ នេះជាចរិតអធ្មិះមានៈ របស់អូនសុឃឿន។ ដោយការនឿយនាយក្នុងចិត្ត ក៏ដូចជា ការចង់ឈ្នះចិត្តអូនសុឃឿនផងនោះ នៅនឹងមុខនាងតែម្តងខ្ញុំ ក៏ចុចទូរសព្ទ័ទៅរកឆវី។ ខណៈនោះ អូនសុឃឿន បែរជាញញឹម ថែមទាំងជំរុញរូបខ្ញុំ អោយឆាប់ចូលស្តីដណ្តឺង ឆវី ទៀតផង។ការណ៍នេះ បានស្តែងចេញពីសុឃឿន នាំអោយខ្ញុំយល់ថា នៅក្នុងបេះដូង អូនសុឃឿនពិតជាគ្មានរូបខ្ញុំ សូម្បីបន្តិចឡើយ។ ខ្ញុំ មិនតូចចិត្តអ្វីទេ។ តែផ្ទុយទៅវិញ បែរជាកាន់តែ ធ្វើអោយខ្ញុំ មានភាពរឹងមាំខ្លាំងឡើងៗ ក្នុងទំនាក់ទំនងរវាងខ្ញុំ និង ឆវី។ ទីបំផុតរូបខ្ញុំ ឈានដល់ថ្ងៃអាពាហ៍ពិពាហ៍។ នៅថ្ងៃចូលរោង សំលេងភ្លេងការខ្ញុំ បានប្រគុំ ពីផ្ទះខាងស្រី លាន់ឮ នៅមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់អូនសុឃឿននិងខ្ញុំឡើយ។
ព្រលឹមស្រាងៗ រូបខ្ញុំ បានរៀបរយខ្លួនប្រាណហើយ ក៏រូតរះទៅ ផ្ទះខាងស្រីដើម្បី ស្លៀកពាក់ជា
កូនកំលោះ។ ពុទ្ធោអើយ! អូន សុឃឿន យំឡើងហើមភ្នែក អង្គុញជ្រប់ នៅមុខកាំជណ្តើរផ្លូវចុះ
“តើសុឃឿន មានរឿងអ្វី? ហេតុអ្វីបានជាអូនយំ?”។ ខ្ញុំ សួរនាង ដោយចំឡែកក្នុងចិត្ត
សំឡេងអួលអាក់ បានរៀបរាប់ ពីអនុស្សាវរីយ៍រវាងខ្ញុំ និង នាង បានលាន់ឮឡើងពីបបូរមាត់
និងអារម្មណ៍ពិតរបស់នាង ដែលខ្ញុំ នឹកស្មានមិនដល់សោះថា សុឃឿន នៅចង់ចាំវាបានយ៉ាងច្បាស់។
គ្រាន់តែ បានឮដូច្នេះភ្លាម ខ្ញុំ ភ្ងាក់ខ្លួនព្រើត ដូចទើបងើបពីស្វាងស្រាអញ្ចឹងព្រោះខ្ញុំមិននឹកស្មានថាការស្រលាញ់និងភាពស្មោះត្រង់របស់ខ្ញុំទើបតែដឹងលទ្ធផលឈ្នះនៅពេលនេះសោះ
ដែលនាងធ្លាប់តែគ្រវីក្បាល ជារឿយៗនោះ។”ឱ ចិត្តស្រីអើយ! ហេតុអ្វីក៏ពិបាលយល់ម៉្លេះ”?ទោះជានាង ខំអង្វរខ្ញុំប៉ុណ្ណា ក៏ភ្លេងការខ្ញុំ មិនអាចបញ្ឈប់បានឡើយ។ ”ហួសពេលហើយអូន ជាសំដីក្នុងចិត្តរបស់ខ្ញុំ”។
ពិធីពិសារ ភោជណីអាហារ ក្នុងពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំ បានបញ្ចប់ នៅម៉ោង
ប្រហែល១០យប់។ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងភ្ងៀវញាតិមិត្តមួយចំនួនទៀត បានឡើងឡានត្រឡប់ពីភោជណីដ្ឋានមេគង្គសំដៅមកផ្ទះខាងស្រីវិញ។
យប់នោះ គឺ ជាយប់ទីមួយ ដែលខ្ញុំ មិនអាចត្រឡប់មក កន្លែងស្នាក់នៅរបស់ក្មួយស្រី នឹងអូនសុឃឿង
បានទៀតទេ។ យប់នោះហើយជាយប់ដែលខ្ញុំនឹកឃើញអនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំនិងសុឃឿន។
ជាពិសេស គឺនឹកឃើញ ពីប្រវត្តិដើម នៃការផ្តើមស្រលាញ់ និងងប់ងុលមក លើអូនសុឃឿនជាទីបំផុត។
ចំរៀងមួយបទមានចំណងជើងថា “ ឱប ប្តីនឹកដល់សង្សារ។ តែខ្ញុំវិញ ឱបប្រពន្ធ
នឹកដល់សុឃឿន”។
មិត្តអ្នកអានជាទីគោរព!ខាងក្រោមនេះគឺជាប្រវត្តិស្នេហ៍ហួសពេលហើយរវាងខ្ញុំនឹងអូនសុឃឿន។
សុឃឿន ជានារីជនបទម្នាក់ ហើយខ្ញុំជាគ្រូបឋមសិក្សានៅជនបទផងដែរ ដែលគ្រានោះខ្ញុំ បានបង្រៀនថ្នាក់ទី៥
នៅបឋមសិក្សាចុងកោះសូទិនត្បូង ភូមិទី៩ ស្រុកកោះសូទិន ខេត្តកំពុងចាម។ ជាចៃដន្យ ក្នុងរាត្រីមួយ
ខ្ញុំ បានជួប អូនសុឃឿនក្នុងពិធីរាំរែក នៃអាពាហ៍ពិពាហ៍ក្បែរភូមិរបស់ខ្ញុំ។ ឃើញភ្លាមស្រលាញ់ភ្លេត
Love at the first sight វា ជានិស្ស័យរបស់បុរស។ មួយពព្រិចភ្នែកនោះ
អូនសុឃឿន បានក្លាយទេពអប្សរល្អឯកមួយដួង ដែលរះយ៉ាងត្រចះត្រចង់ ក្នុងបេះដូងខ្ញុំ។
ខ្ញុំសំលឹងមើលនាងមិនដាក់ភ្នែក ព្រោះអូនសុឃឿនមានភក្ត្រាញញឹមពព្រាយ
សំដីសំដៅរួសរាយរាក់ទាក់បំផុត។ នាងមានកម្ពស់ទំនងជា ១៦៨ សង់ទីម៉ែត្រ។
នាងមើលទៅដូចជាតួឯកកុនថៃឈ្មោះ មី កាត អញ្ចឹង។ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៍
បំផុត ចំពោះនាង គឺថា នាង ពុំសូវពូកែរាំដូចជាមិត្តភក្តិរបស់នាងទេ។នាង មានកាយវិការរឹងដូចជាមិនធ្លាប់រាំអញ្ចឹង។នាងបានរាំម្តងៗលុះណាតែមិត្តភក្តិចាប់បង្ខំ។
ពេលនាងបានរាំ មើលទៅគួអោយអស់សំណើចណាស់ សូម្បីចង្វាក់រាំវង់ ដ៏ងាយបំផុត ក៏នាងពុំសូវចេះដែរ។
តើប្រិយមិត្តដឹងទេថា រាត្រីនោះហើយគឺជារាត្រីទី១ នៃសេចក្តីសេ្នហាដំបូងរបស់ខ្ញុំ
ហើយស្នេហានេះ ជាសេ្នហាដ៏សែនចំឡែកព្រោះខ្ញុំគឺជាអ្នកឆ្កួតតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯនាងវិញ
ពុំដឹងពីការលួចស្នេហ៍លាក់ទុករបស់ខ្ញុំឡើយ។ នាងដឹងតែពីការខំប្រឹងរៀនសូត្រ។
ជារៀងរាល់ពេល ទោះជាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងតែបិទភ្នែកស្រម័យ ទៅរកអូនសុឃឿន ជានិច្ច។
មានពេលខ្លះខ្ញុំលួចសប្បាយចិត្ត។មានពេលខ្លះ ខ្ញុំ អស់សង្ឈឹម ព្រោះខ្ញុំដឹងថា គ្រួសារនាងមានឋានៈខ្ពស់ជាងខ្ញុំ។
អ្វីដែលខ្ញុំអស់សង្ឈឹមកាន់តែខ្លាំងនោះគឺពិតជាខ្វះមធ្យោបាយឬឱកាសបញ្ជូនសារពីការសារភាពផ្លូវចិត្តថាខ្ញុំស្រលាញ់នាង។សំណាងមួយបានមកដល់មាត់ទ្វារនៃជីវិតរបស់ខ្ញុំគឺថាអូនសុឃឿនតាមពិតនាងជាមិត្តភក្តិស្និតស្នាលជាមួយ
វ៉ាន់ថា ក្មួយស្រី ខ្ញុំសោះ។ នៅថ្នាក់ទី១១នៃវិទ្យាល័យជីហែ បវេសនកាលឆ្នាំថ្មីបានចាប់ផ្តើម។ដោយដឹងតាមរយៈ
វ៉ាន់ ថា ថាខ្ញុំពូកែឆ្លាក់សៀវភៅបានល្អបំផុតនោះ អូនសុឃឿន
ក៏បានផ្ងើរសៀវភៅតាមក្មួយស្រីមកអោយពូគឺរូបខ្ញុំជួយឆ្លាក់។ រកអូសពិតជាប្រទះឈើងាប់មែន។
ពេលនោះ ដោយដឹងថាជាសៀវភៅរបស់អូន សុឃឿនអ្នក ដែលខ្ញុំស្រលាញ់បំផុតនោះ។
ខ្ញុំបានព្យាយាមបញ្ចេញអស់ទេពកោសល្យប្រិតប្រៀងរចនាយ៉ាងល្អមែនទែន ដែលកន្លងមកខ្ញុំមិនធ្លាប់ឆ្លាក់សៀវភៅផ្ចិតផ្ចងបែបនេះឡើយ។ពេលនោះហើយក៏មានឱកាសសារភាពត្រង់ៗតាមរយៈកូនសំបុត្រមួយកប់ក្នុងសៀវភៅរបស់នាងដោយនិយាយថា
”អូន សុឃឿន! ខណៈដែលអូនកំពុងអានសំបុត្រនេះ បងដឹងថាអូនប្រាកដជា មានអារម្មណ៍មិនជាក់លាក់ក្នុងប្រការណាមួយមិនខាន
ហើយប្រាកដជាម៉ៃមកលើបងថា ជាបុរសបែបណាក៏មិនដឹង តែបងសុំទោសអូនពីចំងាយ។
បងសែនស្តាយណាស់ដែលបងបានជួបមុខអូនតែម្តងគត់.....លាក់បាំងអ្វី បង លួចស្រលាញ់អូន សុឃឿនជាយូរមកហើយ។
តាមរយៈកូនអក្ខរានេះ បង សុំចិត្តអូនសុឃឿនតែម៉្យាងគត់
គឺសុំកុំជេរតិះដៀលបងអីបើសិនជាអូនមិនអាចទទួលយកវាបានទេ”។ មួយសប្តាហ៍ក្រោយមក បន្ទាប់ពីសៀវភៅ បានបញ្ជូនទៅអោយអូនសុឃឿនវិញ ខ្ញុំ ក៏មិនដឹងថានាង
មានអារម្មណ៍ប្រតិកម្មចំពោះខ្ញុំបែបណាដែរ។នៅល្ងាចថ្ងៃចុងសប្តាហ៍
ព្រះសុរិយាបានប្រែព៌ណទៅជាក្រហមឆ្អិនឆ្អៅ
ហើយមើលទៅហាក់បីជារីកមាឌបន្តិចមុនចូលក្រឡាបន្ទំ។ចំណែកខ្ញុំវិញហាក់មានអារម្មណ៍ចំឡែកខុសពីធម្មតា។
ពុទ្ធោអើយ! គ្រាន់តែក្មួយស្រីខ្ញុំ មកដល់ភ្លាម ខ្ញុំបានទទួលរងទាំងប៉ី ទាំងទ្រ ដោយការស្តីបន្ទោសមិនបង្អង់ដៃពីក្មួយស្រីខ្ញុំ។
ជាពិសេសជាងនេះទៅទៀត អូនសុឃឿន ថែមទាំងផ្តាំផ្ងើរ
ពាក្យសំដីមិនពិរោះពិសារមកកាន់ខ្ញុំទៀតផង។ សំដីទាំងអស់របស់នាងខ្ញុំ នៅចាំមិនភ្លេចទេ។វា
គឺជាសំដីមើលងាយមើលថោកចំពោះអ្នកដែលខ្លួនមិនពេញចិត្ត។ទោះជាយ៉ាងណាក៏ដោយព្រោះតែចិត្តស្រលាញ់
ពោរពេញដោយភាពអាធ្យាស្រ័យ វា បាននាំខ្ញុំទៅរកការមិនអាចចុះចាញ់នូវប្រតិកម្មរបស់នាងបានឡើយ។មិនតែប៉ុណ្ណោះ
ខ្ញុំនៅតែឆ្លាក់រូបនាងរក្សាទុកក្នុងប្រអប់បេះដូងខ្ញុំជាធម្មតា
ហើយសង្ឃឹមថាថ្ងៃណាមួយ ខ្ញុំនឹងមានឱកាសបង្ហាញថាខ្ញុំពិតជាមនុស្សល្អសំរាប់នាង។
ពីរឆ្នាំបានកន្លងផុតទៅ ខ្ញុំមិនដែលបានទំនាក់ទំនងជាមួយអូនសុឃឿនឡើយព្រោះខ្ញុំបានចប់កិច្ចសន្យាបង្រៀននិងបានត្រឡប់មករកការងារធ្វើនៅទីក្រុងភ្នំពេញវិញ។ភ្នំពេញវាមិនជាកន្លែងចំឡែកសំរាប់រូបខ្ញុំទេព្រោះខ្ញុំធ្លាប់បានរស់នៅក្នុងពេលរៀននៅវិទ្យាល័យរួចហើយ។ប៉ុន្តែការរស់នៅទីនេះក៏មិនមែនជាការងាយស្រួលដែរ។នៅទីនេះខ្ញុំបានស្នាក់នៅជាមួយ
សុភាជាមិត្តដ៏ល្អកម្ររកបានរបស់ខ្ញុំក្នុងវត្តស្វាយពពែ កុដ្ឋលេខ២។ជារៀងរាល់ថ្ងៃ
សុភា
បានអោយកង់ខ្ញុំខ្ចីជិះទៅបង្រៀន។ខ្ញុំបានទៅបង្រៀននៅមជ្ឃមណ្ឌលភាសាអង្គរាជនៅម្តុំផ្សារឌុយម៉ិច។
ការបង្រៀននៅទីនោះ ខ្ញុំបានទទួលប្រាក់កម្រៃគួសម។ ក្រោយមកខ្ញុំអាចទិញម៉ូតូបានជិះ។
ដោយមើលឃើញពីការព្យាយាមរបស់ខ្ញុំហើយក៏ជាភព្វវាសនានៃខ្ញុំ
សាលាក៏បានជ្រើសតាំងរូបខ្ញុំអោយធ្វើជានាយកគ្រប់គ្រងនៅសាខាទី៣។ស្រប់ពេលជាមួយគ្នានោះសំណាងថ្មីរបស់ខ្ញុំមួយទៀត
ក៏បានមកដល់ផងដែរ ដូចពាក្យគេថា “គូរព្រេងមិនព្រាត់មែន”។ នៅល្ងាចនោះខ្ញុំ បានទទួលសំបុត្រមួយច្បាប់ពី វ៉ាន់ ថា ក្មួយស្រី
ដែលន័យក្នុងសំបុត្រនោះសូមអោយខ្ញុំជួយរកកន្លែងស្នាក់នៅ និងការងារធ្វើសំរាប់នាងនិងសុឃឿនមិត្តរបស់នាងផងព្រោះអ្នកទាំងពីរបានប្រឡងជាប់បាក់ឌុបហើយ។
ក្តីស្រលាញ់ ដែលបានលាក់ទុកជាយូរមកហើយរបស់ខ្ញុំ បានពុះកញ្ជ្រោលឡើងមួយរំពេច បានកួចចេញ
ជាចំណង់ចង់រស់ក្បែរអូនសុឃឿន ហើយម៉្យាងទៀតចង់យកឈ្នះចិត្តស្រីម្នាក់នេះអោយខានតែបានដោយគិតថាខ្ញុំនឹងខំធ្វើជាមនុស្សល្អ
ដើម្បីសំលាប់ចិត្តនាង។ អំពើល្អរបស់ខ្ញុំ ដំបូងផ្តើមចេញ ដោយការជួយជ្រោមជ្រែង អូនសុឃឿន
អោយបានធ្វើជាគ្រូមេតេយ្យ។ អូនសុឃឿន នាងពុំសូវចេះភាសាអង់គ្លេសទេ។ដូចនេះ
ខ្ញុំត្រូវជួយបង្រៀនអង់គ្លេស ក៏ដូចជាជួយបង្រៀនរបៀបបង្រៀនដល់សុឃឿនជារៀងរាល់យប់
គ្មានថ្ងៃសំរាក់ឡើយ។ ពេលនោះខ្ញុំលែងបានទៅនៅវត្តទៀតហើយ។ផ្ទុយទៅវិញខ្ញុំ
ត្រូវរាប់រងចំពោះនាងទាំងការស្នាក់នៅក៏ដូចជាការហូបចុក។ តែខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំ
ហាក់បីដូច ជាមេគ្រួសារមួយ ដែលមានសមាជិកគ្រួសារបីនាក់ គឺខ្ញុំ ក្មួយស្រីខ្ញុំ
និងអូនសុឃឿន។ យើងទាំងបីនាក់ បានជួលផ្ទះនៅជាមួយគ្នាពីពេលនោះមក។ នៅរាត្រីមួយយើង
បានឈរមើលមេឃ មើលផ្កាយ លើដំបូលសាលានៅម្តុំក្បាលមាន់ចែ ដែលជាផ្ទះយើងស្នាក់នៅផងនោះ។
ខ្ញុំនិយាយទៅកាន់អូនសុឃឿនថា “សុឃឿន តើអូននឹកផ្ទះទេ? តើអូនចង់រស់នៅបែបនេះរហូតទេ?
បង គិតថា បងចង់ចូលស្តីដណ្តឹងអូន តើអូនយល់យ៉ាងណាដែរ?”។សុឃឿន គ្រវីក្បាល។ គេថា ស្នេហាកើតចេញពីមិត្ត តើ សុឃឿន នឹងខ្ញុំ កើតចេញជាស្នេហាបានទេ?
។ប្រិយមិត្តដឹងទេថាខ្ញុំព្យាយាមស្និតស្នាលជាមួយនាង។ ខ្ញុំទុកចិត្តលើនាង។ខ្ញុំ បានប្រគល់លុយទាំងអស់
ដែលជា ចំណូលសាលាទៅអោយនាងគ្រប់គ្រង។នោះបានត្រឹមតែការឈឺចាប់ប៉ុណ្ណោះ។ មានម្តងនោះ
ខ្ញុំសាក់ល្បងកៀកកើយនាង។ តែសុឃឿន បានខាំសាច់ខ្ញុំឡើងជាំខ្ទេចខ្ទីអស់។ ខ្ញុំ អស់សង្ឃឹមជាមួយសុឃឿនខ្លាំងណាស់។
នៅថ្ងៃបុណ្យសង្សា ខ្ញុំ បានជូនអាវយឺតដល់នាង។ តែនាង យកទៅអោយអ្នកផ្សេង។ ខ្ញុំ មិនយល់ចិត្តនាងទេ។
ចុះនៅ ថ្ងៃ ដែលខ្ញុំរៀបការ ហេតុអ្វីបានជានាងយំ?”អ្វីៗវាហួសពេលហើយអូន”។
No comments:
Post a Comment