កាលនៅពីតូច វាគួរអោយធុញណាស់នៅពេលឪពុករបស់ខ្ញុំ បានបង្ខំអោយខ្ញុំសូត្រមេលេខ។ ថ្ងៃមួយ ក្រោយពីញ៉ាំបាយពេលត្រលប់ចប់ ។ នៅម៉ោងប្រហែលជា៨យប់ខ្ញុំដឹងថាខ្ញុំមុខជានឹងត្រូវសូត្រមេលេខដដែលៗនេះទៀតហើយ។ ដោយធុញទ្រាន់នឹងការសូត្រនេះ
ខ្ញុំក៏បានឃ្លុំភូយធ្វើដេកលុងលក់។ ប៉ុន្តែមិនបានប៉ុន្មានផង សម្លេងស្រែកអោយក្រោករៀនបានលាន់ឮឡើង។
ពេលនោះ ខ្ញុំនៅធ្វើព្រងើយ
ក្នុងសភាពហាក់កំពុងដេកលក់។ ខ្ញុំក៏មិនដឹងថាតើហេតុអ្វីបានជាឪពុកខ្ញុំ ដឹងពីពុទត្បុតរបស់ខ្ញុំនេះឡើយ។ មួយពព្រិចភ្នែកសោះ
ចុងខ្សែមោងគោ បានវាត់មកលើរាង្គកាយខ្ញុំ យ៉ាងពេញទំហឹង។ ខ្ញុំស្រែកយំយ៉ាងខ្លាំងគ្មានអ្នកណាម្នាក់អាចជួយខ្ញុំបានឡើយ។
អារម្មណ៏របស់ខ្ញុំពេញទៅដោយការស្អប់ឪពុកខ្ញុំជាទីបំផុត។
ពេលខ្លះខ្ញុំបន់អោយតែគាត់ទៅបាត់ពីមុខខ្ញុំ។ ក្នុងចំណោមបងប្អូនរបស់ខ្ញុំទាំងអស់ ខ្ញុំជាកូនពៅដែលទទួលរងនូវការធ្វើបាបច្រើនជាងគេ។ ពេលខ្លះទៀត ខ្ញុំមានអារម្មណ៍ថានេះប្រហែលជាខ្ញុំមិនមែនជាកូនគាត់បង្កើតក៏មិនដឺង។ សូម្បីតែសំលៀកបំពាក់របស់ខ្ញុំក៏ឪពុកម្តាយខ្ញុំមិនដែលទិញថ្មីអោយដែរ
គឺបានតែសល់ពីបងប្រុសម្នាក់ទៀតឈ្មោះទី សេរីវុធ ប៉ុណ្ណោះ។ ខ្ញុំ បានយំស្ទើរតែរាល់ថ្ងៃ សូម្បីតែបងប្រុសខ្ញុំ
ក៏ធ្វើបាបខ្ញុំផងដែរ។ ខ្ញុំនៅចាំបានថាខ្ញុំធំអាយុជាង២០ឆ្នាំហើយក៏ដោយក៏ខ្ញុំនៅតែយំដោយសារឪពុកខ្ញុំដដែរ។ នេះខ្ញុំចាំបានថា នៅឆ្នាំ១៩៩៥
នៅពេលដែលខ្ញុំឈប់រៀន ក៏ដូចជាឈប់ធ្វើការនៅភ្នំពេញហើយបានទៅរស់នៅជាមួយគាត់និងបងស្រីខ្ញុំ
ឈ្មោះ ទី ម៉ានី នៅភូមិឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ គឺគាត់បានបង្ខំខ្ញុំអោយកូរម្សៅធ្វើនំជ្រែ
កន្ឌៀតដើរលក់។ ខ្ញុំខឹងនឹងគាត់ខ្លាំងណាស់។ ខ្ញុំនឹងឪពុកខ្ញុំ ដូចជាមិនត្រូវធាតុគ្នាសោះ។
នៅឆ្នាំ១៩៩០ នៅពេលវិស្សមកាល ខ្ញុំនិងបងប្រុសខ្ញុំ ទៅលេងគាត់ម្តងដែរ កាលនោះផ្ទះបងស្រីខ្ញុំនៅផ្សារស្នូលហើយឪពុកខ្ញុំគាត់មានចំការម្រេចមួយហិចតា។ គាត់ប្រើតែខ្ញុំទៅចំការទេគឺថែរម្រេចជំរះស្មៅនិងស្រោចទឹកម្រេច៣ថ្ងៃម្តង។
អ្វីដែលខ្ញុំបានយំនោះដែរ គឺបងប្រុសខ្ញុំប្រឌិតរឿងថាខ្ញុំនេះបានស្រលាញ់គ្នាជាមួយ អា
រី ជីមួយរបស់ខ្ញុំ។ តាមពិតបងប្រុសរបស់ខ្ញុំសោះ ជាអ្នកស្រលាញ់ខ្លួនឯង ហើយឪពុកខ្ញុំបានហាមប្រាម ស្តីបន្ទោសទូន្មានយ៉ាងសំបើម
ទាំងខ្ញុំមិនដឹងអីសោះ។ អ្វីទាំងអស់គឺខ្ញុំតែងខុស។ នេះជាមូលហេតុដែលយំមិនចេញសោះនៅពេលដែលឮដំណឹងថាឪពុករបស់ខ្ញុំលាចាកទៅកាន់បរលោក។
គាត់បានស្លាប់ដោយសារខ្យល់គនៅស្រុកកំណើតខ្ញុំនៅពេលពេលគាត់មកលេងម្តាយខ្ញុំក្នុងឆ្នាំ១៩៩៧។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការខឹងរបស់ខ្ញុំពិតជាមិនត្រូវទាល់តែសោះ។ បែបណាក៏ដោយ! តាមពិតស្តាយណាស់ដែលខ្ញុំមកមិនទាន់ដង្ហើមគាត់។
រហូតមកដល់ពេលនេះទើបខ្ញុំដឹងថា ការមានជីវិតអាចប្រឡូកក្នុងសង្គម ហើយអាចរស់បានដោយខ្លួនឯងព្រោះតែគាត់ម្នាក់គាត់។ មិត្តអ្នកអានជាទីមេត្រី! ពីដំបូងខ្ញុំតូចចិត្តណាស់ក្នុងការដែលរូបខ្ញុំនេះបានមកកើតក្នុងគ្រួសារក្រីក្រគឺខ្ញុំគ្មានទេ ខោអាវល្អស្លៀកពាក់គឺមានតែខោសល់ពីបងប្រុសរលោងចង្កេះទៅរៀនដោយចង់ខ្សែចង្វាចេកប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ខ្ញុំសប្បាយចិត្តទៅវិញទេ
ដែលព្រហ្មលិខិតបានកម្រិតខ្ញុំអោយកើតមកនៅក្នុងត្រកូលខ្សត់បែបនេះ។ ទង្វើរបស់ឪពុកទាំងប៉ុន្មានគឺសុទ្ធតែចង់អោយកូនល្អនិងមានអនាគត។ តែខូចមកែតពីកូនគឺរូបខ្ញុំនេះឯងដែលគិតខុសនឹងស្អប់គាត់ក្នុងចិត្តពេញដោយកំហឹង។ធ្វើពុទជាដេកលក់ព្រោះខ្ជិលសូត្រមេលេខ។ សួមកុំធ្វើដូចខ្ញុំនេះ!
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment