Tuesday, March 13, 2012

ថ្ងៃតំបូងមកភ្នំពេញ


ក្រៅពីការអង្គុយមាត់ទ្វាលើផ្ទះសំឡឹងមករទេះសេះដែលរត់មកពីទឹសខាងលិចជាទំលាប់អ្នកដំណើរ​ពីភ្នំពេញតាមកាណូតចុះចតនៅចុងចំការបន្តដោយជិះរទេះសេះមកផ្ទះរបស់គេ។ ថ្ងៃ​មួយ​​ម៉ោងប្រហែលជា៧ព្រឹក។ ឆ្នាំ១៩៨៩ រទេះសេះមួយក៏បានមកឈប់មុខផ្ទះរបស់ខ្ញុំ។ នេះ​ជា​ថ្ងៃតំបូងនៃជីវិតរបស់ខ្ញុំដែលត្រូវឃ្លាតឆ្ងាយពីស្រុកកំណើត។
ភ័យផងអរផងនៅលើកាណូតរួចជាស្រេចខ្ញុំមានអារម្មណ៍អាឡោះអាល័យស្រងេះស្រងោចជាទីបំផុត។ខ្ញុំបានគយគន់ដើមថ្នាំក្នុងចំការដីដុះឆ្ងាយពីភូមិនៅម្តុំកំពុងកាណូតពីលើកាណូតដ៏ធំដែលមានពីរជាន់។ក្នុងចំការនោះដើមថ្នាំមិនទាន់ដុះខ្ពស់បែកស្លឹកធំនៅឡើយ។ខ្យល់ជំនោររងារ​ចុងខែតុលាបានបក់រភើយៗពីទឹសឥសាន្ត។ អ្នកដំណើរគ្រប់គ្នា​លើនាវា​បាន​ពាក់​អាវ​ការ​ពារ​រងារ។ ខ្ញុំពិតជាមានអារម្មណ៍ខុសប្រក្រតី។​ក្នុងអារម្មណ៍ដ៏ស្ងៀមស្ងាត់​ដែលមិនដឹងជាហារ​ទៅ​ប្រាប់អ្នកណានោះ​បានហោះហើរនឹងខ្សឹបខ្សួលក្នុងចិត្តថា​ម៉ែអើយ​ចាប់ពេលនេះតទៅ​រូប​កូន​នឹងមិនបាននៅក្បែរម៉ែទៀតទេ ហើយរូបកូន ម្នាក់នេះក៏មិន ដឹង​មាន​ខ្សែ​ជីវិត​បែប​ណា​ដែរ​ វាមិន​គ្រាន់​តែ​ធ្វើ​អោយខ្ញុំនឹកអាឡោះអាល័យនឹងគ្រួសារខ្ញុំប៉ុណ្ណោះទេ មិត្ត​ភក្តិ​ធ្លាប់​រៀន​ជា​មួយ​គ្នាក៏ខ្ញុំត្រូវបែកដោយមិនបានពោលពាក្យថាលាផងដែរ។ អ្វីដែលខ្ញុំរន្ធត់មែនទែននោះ ខ្ញុំ​មាន​អាយុល្មមក្នុងដែលអាចចាប់ធ្វើជាទាហានបាន។ សូមជម្រាបថា ឆ្នាំ១៩៨៩ ថ្វី​បើ​រដ្ឋា​ភិបាល​កម្ពុជាពេលនោះបានកំពុងដំណើរការចរចាជាមួយភាគីខ្មែរម្ខាងទៀតក៏ដោយ តែ​នៅ​ក្នុងប្រទេសនេះជាពិសេសនៅស្រុកខ្ញុំនៅមានការចាប់ធ្វើជាទាហាននៅឡើយដើម្បីទៅច្បាំងនៅជាយដែន។ រំពេចនោះ​កងសេនាជន​បានឆ្វែលជុំវិញ​ហើយបានត្រួតពិនិត្យកាណូត​ដែល​យើង​កំពុងជិះ។ ផុតមួយកន្លែងទៅដល់មួយកន្លែងទៀតក៏ជាកន្លែងកុងត្រួតពិតនិត្យផងដែរ។ ខ្ញុំនៅ​ចាំបានថា យើងត្រូវឆ្លងកាត់កុងត្រូលពិនិត្យច្រើនណាស់ដូចជានៅត្រើយម្ខាង ហៅ​ឈ្មោះ​ថា ចំការ៣០ជាដើម។ ខ្ញុំមានអារម្មណ៍ស្ទើរលោះព្រលឹង​ព្រោះខ្ញុំមាន​តែកាត​សិស្សទើប​ជាប់ឌី​ផ្លូម​នៅជាប់ខ្លួនប៉ុណ្ណោះ។ មានកុងមួយទៀតនៅ​ពាមជីកង​បាន​ត្រួតពិនិត្យ​អាណូត​របស់​យើង​យ៉ាងយូរ។​ ក្នុងការធ្វើដំណើរតាមកាណូតនេះវាមិនស្រួលឡើយ ហើយនេះ​ជា​បទ​ពិសោធន៍​ជីវិតរបស់ខ្ញុំលើកទី១បំផុតដែលត្រូវទៅភ្នំពេញ។ ទោះយ៉ាងនេះក៏ដោយ​គ្រានោះ​ខ្ញុំមាន​ឪពុកខ្ញុំបានជួនទៅ។ ប៉ុន្តែយើងត្រូវដេកនៅតាមផ្លូវនៅម្តុំថ្លុកជ្រៅអស់មួយយប់។ ការ​ដេក​​ផ្លូវនោះខ្ញុំនៅចាំបានថា យើងមិនមានកន្លែងដេកសមរម្យទេ គឺយើង​បាន​ដេក​លើ​តំបូល​ក្រោម​មេឃនិងមើលផ្កាយ។ សំណាងល្អវាមិនមានភ្លៀងនៅយប់នោះឡើយ។ តែខ្ញុំ​ពិត​ជា​មិន​ដឹង​ដោះទល់ឈឺបត់ជើងតូចតាមវិធីណាទេ។ ព្រោះមានអ្នកដំណើរទាំងអស់ដេកត្រៀបត្រា។ ពួកគេបានដេកទាំងថ្នាក់ក្រោមនិងលើដំបូលកាណូតនោះ។ ដូច្នេះ​គ្រានោះ​វាធ្វើអោយ​ខ្ញុំត្រូវ​បង្វំ​ចិត្ត​នោមដាក់ដបទឹកក្រូចរបស់គេដែលដាក់នៅក្បែរនោះ។ ផ្កាយចោររះល្មម ផ្កាយ​ក្រពើ​បាន​​ជុះ​អាចទំលាក់មកក្រោម ម៉ោង​ប្រែល​៤​ជិត​ភ្លឺ​។ ​នាវា​ដែល​ខ្ញុំជិះនេះ​រៀប​ចំចេញ​ដំណើរ​បន្ត​។​ មិនយូរប៉ុន្មាន កាណូតនេះបាននាំយកអ្នកដំណើរទាំងអស់ដោយសន្សឹមៗ ទើប​យើង​មើល​ឃើញ​ពិភពចំឡែកដ៏អស្ចារ្យ។ នោះគឺជាពន្លឺភ្លឺចញ្ចាំងចញ្ចាច ពីចំងាយ។ ឪពុក​ខ្ញុំ​បាន​ប្រាប់​ថា​នោះ​គឺជាទីក្រុងភ្នំពេញ។ នៅប្រហែល៧ព្រឹក កាណួត​បាន​បង្អង់ចតកន្លែង​កុង​ត្រូល​ត្រួត​ពិនិត្យដែលល្បីថាភាគច្រើនអ្នកធ្វើដំណើរជាយុវវ័យដូចខ្ញុំត្រូវបានគេចាប់ធ្វើទាហាននៅកុងត្រូដ៏ជំនាញនេះគឺនៅជ្រោយចង្វារ។ ខ្ញុំជ្រួលច្រាលក្នុងចិត្តណាស់ គ្រានោះ​បាន​រត់​ទៅ​ពួន​ក្បែរ​ម៉ាស៊ីន​កាណូតដើម្បីកំបាំងភ្នែកពួកអ្នកឆែកឆេនោះ។ យុវជនខ្លះបានចូលពូន​ក្នុង​ឃ្លុប​ម៉ាស៊ីន​ផង​ដែរ។ សំណាងល្អយើងក៏បានមកដល់ភ្នំពេញដោយសុវត្ថភាព ដោយកាណូត​យើង​បាន​ចុះចត​នៅកំពុងផែផ្សារចាស់។ នេះគឺជាថ្ងៃតំបូងរបស់ខ្ញុំមកកាន់ទីក្រុងភ្នំពេញ។ ខ្ញុំមក​ទី​ក្រុងពេញ។ គ្រានោះគឺមកដើម្បីរៀនបំពេញវិជ្ជាដែលបងប្រុសខ្ញុំឈ្មោះទី សិរីវុធ​ជា​អ្នក​ទំនាក់​ទំនង​អោយបានរៀននៅសាលាទួលទំពូង។



ដោយ ទី ធាវី 
 Email: tytheavy@gmail.com

Tel: (855) 89 21 49 11
 

No comments:

Post a Comment