Wednesday, March 14, 2012

ធ្វើខ្មោចលងនៅជុំវិញវិហារ


វាជារឿងមួយ ដែលគួរអោយអស់សំណើចណាស់នៅពេល ដែលខ្ញុំនឹកឃើញនូវរឿងរ៉ាវខ្លះ​កាល​​​​នៅពីក្មេងនោះ។ មានថ្ងៃមួយយើងជាកុមារបាននាំគ្នាលេងរឿងចំឡែកៗ។ នៅម៉ោង​ប្រហែល​ជា៨យប់ នៅលើខឿនព្រះវិហារធម្មយុទ្ធចុងកោះសូទិន យើង​បាននាំគ្នាបង្កាត់​ភ្លើង​រំងាស់​ទៀនក្នុងឆ្នាំងតូចមួយលើចង្ក្រានមុំបីដោយប្រើថ្មបីដុំ។ វាគួរអោយសប្បាយម៉្យាងដែរ​ក្នុង​ខណៈ​ទៀនបានរលាយ។ យើងក៏បង់អំបិលគ្រាប់ជាច្រើនក្តាប់ចូលទៅក្នុងឆ្នាំង។ នេះជាល្បែង​លែង​មួយរបស់ខ្ញុំកាលពីនៅតូច។ គ្រានោះ អបិលបានផ្ទុះបាចសាចឡើង​លើមានផ្កាភ្លើង​ដូច​ជាកាំជ្រួចអញ្ចឹង។ យប់នោះយើងគេងមិនលក់ឡើយ ព្រោះជារដូវខែរងារ។ យើងទាំងអស់​គ្នា​ជាក្មេងវត្ត។ យើងបានគេងជាមួយគ្នានៅលើសាលាឆាន់។ នៅម៉ោងប្រហែលជាបួនជិតភ្លឺ សំឡេង​ប្រាវៗ នៅលើខឿងព្រះវិហារនោះ។ នោះគឺជាសំឡេងតាអៀម វ័យចំណាយ​ប្រហែល​៨០​ឆ្នាំបានក្រោកបោសសំរាមដោយប្រើអំបោសធ្វើពីឬស្ស។ ឮដូច្នោះ យើងជាក្មេង​ចង់​ដឺង​យ៉ាង​ខ្លាំងថាតើតាចាស់រូបនោះខ្លាចខ្មោចឬទេ? យើងក៏នាំគ្នាឃ្លុំភួយគ្រប់គ្នា ដែលមាន​គ្នា​៤​ទៅ​៥​នាក់​បានដើរលបៗឡើងពីកាំជណ្តើរព្រះវិហារខាងកើត ដែលនៅក្បែរនោះ​មានទី​ទួល​កប់​ខ្មោច​យ៉ាងធំនៅក្រៅរបងវត្តគួរអោយព្រឺព្រួច និងមានចេតីយគួរអោយ​ខ្លាច​មួយ​ចំនួន​នៅ​ក្នុង​របង​វត្តផងដែរ។ ទីទាំងនេះគួរអោយខ្លាចបំផុតខ្ញុំ។ យើងបានឡើងតាមជណ្តើរវិហារ​លបៗ​ហើយ​នាំគ្នា ស្រែកគ្រហឺមថាហ៊ឺ.......ហ៊ឺ..... ពេលនេះស្រាប់តែ​តាចាស់​រូប​នោះ​លើក​អំបោស​មកវាយពួកយើងរួចនិយាយថាអញមិនខ្លាចទេខ្មោច! អញខ្លាចតែមនុស្សទេ!។ នេះ​ជា​រឿងមួយដែលគួរអោយអស់សំណើចសំរាប់ពួកយើង។ យើងក៏នាំគ្នារត់ចេញទៅ។

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11 

No comments:

Post a Comment